ព័ត៌មានអន្ដរជាតិ
បារាំងចង់សហការជាមួយវៀតណាម លើថាមពលនុយក្លេអ៊ែរ
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសវៀតណាម លោក Olivier Brochet បាននិយាយថា បារាំងចង់សហការ និងចែករំលែកបទពិសោធន៍ជាមួយវៀតណាមលើវិស័យថាមពលនុយក្លេអ៊ែរ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Investor កាលពីថ្ងៃពុធ។

មន្រ្តីបារាំងរូបនេះបានឱ្យដឹងដូច្នេះ នៅពេលជួបប្រជុំជាមួយក្រុមហ៊ុនថាមពលរដ្ឋ Vietnam Electricity (EVN)។ EVN និយាយក្នុងសេចក្ដីថ្លែងការណ៍ថា លោក Olivier បានគូសបញ្ជាក់ពីបទពិសោធន៍យូរឆ្នាំរបស់បារាំងក្នុងប្រតិបត្តិការរោងចក្រថាមពលនុយក្លេអ៊ែរ។
ជាការឆ្លើយតប អគ្គនាយកក្រុមហ៊ុន EVN លោក Nguyen Anh Tuan បាននិយាយថា EVN ក្នុងនាមជាអ្នកវិនិយោគគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan 1 កំពុងដំណើរការនីតិវិធីពាក់ព័ន្ធ។ លោកបានបន្ថែមថា EVN វាយតម្លៃខ្ពស់ចំពោះបទពិសោធន៍របស់បារាំងក្នុងវិស័យនេះ ហើយព្យាយាមរៀនពីប្រទេសបារាំង។
គួរគូសបញ្ជាក់ថា គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានបង្ហាញពីផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន២នៅខេត្ត Ninh Thuan ភាគខាងត្បូង ក្នុងឆ្នាំ ២០០៥ ។ ៤ឆ្នាំក្រោយមក សភាវៀតណាមបានអនុម័តផែនការនេះ ជាមួយនឹងការវិនិយោគដំបូងចំនួន 200 ប៊ីលានដុង (៧,៩ ប៊ីលានដុល្លារ តាមអត្រាប្ដូរប្រាក់នាពេលបច្ចុប្បន្ន)។

យ៉ាងណាមិញ ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦ សភាបានសម្រេចផ្អាកគម្រោងដែលមានសមត្ថភាពផលិតថាមពលអគ្គិសនី ៤ ០០០ មេហ្គាវ៉ាត់ មួយនេះ ដោយលើកឡើងពីហេតុផលសុវត្ថិភាព ថវិកា និងបច្ចេកវិទ្យា។ ប៉ុន្តែជាថ្មីម្ដងទៀត នៅខែវិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋាភិបាលវៀតណាមបានយល់ព្រមបន្តគម្រោងថាមពលនុយក្លេអ៊ែរនៅខេត្ត Ninh Thuan ឡើងវិញ បន្ទាប់ពីការផ្អាករយៈពេល ៨ ឆ្នាំ។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយក្នុងសេចក្តីព្រាងវិសោធនកម្មផែនការអភិវឌ្ឍន៍ថាមពល VIII (PDP VIII) ថា រោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់វៀតណាម Ninh Thuan 1 អាចដំណើរការបានចាប់ពីឆ្នាំ ២០៣៥ លឿនបំផុត។
ក្រៅពីបារាំង គេឃើញមានប្រទេសជាច្រើនបានបង្ហាញឆន្ទៈសហការជាមួយវៀតណាមក្នុងវិស័យថាមពលនុយក្លេអ៊ែរដូចជារុស្ស៊ី ជប៉ុន និងកូរ៉េខាងត្បូង ជាដើម៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


