ព័ត៌មានជាតិ
ម្ចាស់ក្រុមហ៊ុនទទួលទិញកាកាវស្រស់នៅខេត្តមណ្ឌលគិរី ជំរុញឱ្យកសិករដាំកាកាវឱ្យបានច្រើនដើម្បីនាំចេញទៅបរទេស
លោក ជៀន ចាន់ថុល ជាអគ្គនាយកក្រុមហ៊ុន កាំកាវ ខូអិលធីឌី KAMKAV FARM ខេត្តមណ្ឌកគិរី បានប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» នៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៥ ថា បច្ចុប្បន្នខ្វះគ្រាប់កាកាស្ងួតនាំចេញទៅ៣ប្រទេស លោកជំរុញឲ្យកសិករងាកមកដាំដំណាំប្រភេទនេះដើម្បីបម្រើទាន់តម្រូវការ។

លោក ជៀន ចាន់ថុល បានឱ្យដឹងថា ក្រុមហ៊ុនកាកា វមានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៤មកម្លេះ ដែលមានទីតាំងស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ បច្ចុប្បន្នក្រុមហ៊ុន កាំកាវ ខូអិលធីឌី កំពុងមានកុងត្រាជាមួយក្រុមហ៊ុននៅក្រៅប្រទេស ដែលរង់ចាំទទួលទិញគ្រាប់កាកាវស្ងួតពីសំណាក់ក្រុមហ៊ុនរបស់លោក។ លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនមានចម្ការកាកាវផ្ទាល់ខ្លួននៅលើផ្ទៃដីចំនួន៣០ហិកតា ហើយសព្វថ្ងៃនេះកំពុងប្រមូលផលជាក់ស្តែងប្រហែល១៦ហិកតា។ ក្រុមហ៊ុនក៏បានទទួលទិញផ្លែកាកាវស្រស់ពីកសិករផ្សេងទៀតជារៀងរាល់ថ្ងៃផងដែរ។
អគ្គនាយកក្រុមហ៊ុននេះ ថា ទោះបីជាក្រុមហ៊ុនមានចម្ការផ្ទាល់ខ្លួន ហើយថែមទាំងទទួលទិញពីប្រជាកសិករក្នុងខេត្តមណ្ឌលគិរីយ៉ាងច្រើនសន្ធឹកសន្ធាប់ក្តី ប៉ុន្តែក្នុងការនាំចេញគ្រាប់កាកាវស្ងួតផ្គត់ផ្គង់ទៅទីផ្សារជូនទៅរោងចក្រ អន្តរជាតិនៅក្រៅប្រទេស គឺមិនទាន់បានគ្រប់គ្រាន់នៅឡើយទេ ចំពោះ រោងចក្រដែលក្រុមហ៊ុនសហការក្រៅប្រទេសរួមមាន ម៉ាឡេស៊ី ជប៉ុន និងក្រុមហ៊ុនអឺរ៉ុបមួយចំនួនទៀត។ លោកយល់ឃើញដំណាំកាកាវនៅពេលបច្ចុប្បន្ននេះហាក់មានតម្រូវការពីរោងចក្រអន្តរជាតិក្រៅប្រទេសជាច្រើន ក្នុងនាមក្រុមហ៊ុនបានជំរុញឲ្យប្រជាកសិករ ដែលមានបំណងចំណាប់អារម្មណ៍ចង់ដាំដំណាំ កសិឧស្សាហកម្មដំណាកាកាវមួយនេះឲ្យបានកាន់តែច្រើនបន្ថែមទៀតដើម្បីតម្រូវការទីផ្សារនៅពេលបច្ចុប្បន្ននេះ។

កត្តាដែលជំរុញឲ្យក្រុមហ៊ុនអាចឈរជើងមកដល់ពេលបច្ចុប្បន្ន លោកថា ព្រោះក្រុមហ៊ុន មានម្ចាស់រោងចក្រនៅក្រៅប្រទេសជាច្រើនច្បាស់លាស់ ដែលចាំទទួលទិញគ្រាប់កាកាវស្ងួត ពីក្រុមហ៊ុនកាំកាវ ខូអិលធីឌី KAMKAV FARM ខេត្តមណ្ឌកគិរី ដូច្នេះបើសិនជាកសិករចង់សហការ ជាមួយក្រុមហ៊ុន ក្នុងការដាំដុះដំណាំកាកាវនេះពិតជាមិនខកបំណងឡើយ។
លោកបញ្ជាក់ថា ក្រុមហ៊ុនកាំកាវក្នុងប្រទេសកម្ពុជា ដំបូងឡើយក្រុមហ៊ុនគ្រាន់តែជាកសិករ ដាំកាកាវ ម្នាក់តែប៉ុណ្ណោះ ប៉ុន្តែ ដោយមានបទពិសោធឃើញថាដំណាំកាកាវ បានផលលឿននឹងងាយស្រួលដាំដុះបានទិន្នផលច្រើនគួរសម ក៏បានសម្រេចក៏បង្កើតជាក្រុមហ៊ុនមួយឈ្មោះថា ក្រុមហ៊ុន(កាំកាវ ខូអិលធីឌី KAMKAV FARM)ក្នុងឆ្នាំ២០១៤ ហើយបានចងក្រងកសិករទាំងអស់ក្នុងខេត្តមណ្ឌលគិរីឲ្យទៅជាសមាគមមានឈ្មោះថា (សមាគមកសិករដាំកាកាវរតនគិរីមណ្ឌលគិរី) ដោយមានលោក សន សារុន ជាប្រធានសមាគម ដែលមានសមាជិកទាំងអស់នៅក្នុងនោះចំនួន៧១នាក់។
លោកបាននិយាយទៀតថា ប្រជាកសិករ ដែលមានបំណងចង់ដាំដំណាំកសិឧស្សាហកម្មកាកាវ អាចមកចុះឈ្មោះនៅការិយាល័យ ស្ថិតនៅក្នុងភូមិពូក្រូច ឃុំស្រែអំពូមស្រុកពេជ្រាដាខេត្តមណ្ឌលគិរី ហើយក្រុមហ៊ុនមិនយកកម្រៃ ក្នុងកាទៅពិនិត្យទីតាំងដីជាក់ស្ដែងរបស់កសិករឡើយ។ ក្រុមហ៊ុនក៏មានពូជកាកាវបំបៅដោយខ្លួនឯង និងមានពូជ ៣ប្រភេទ ជាជម្រើសរបស់ប្រជាកសិករដាំដុះរួមមាន ១ Forastero, ២,Criollo និង ៣ Trinitario ចំពោះតម្លៃពូជក្រុមហ៊ុនលក់ជូនកសិករត្រឹម ១ដើម ៤០០០រៀលតែប៉ុណ្ណោះ។
ពេលដែលក្រុមការងារក្រុមហ៊ុនចុះពិនិត្យទៅលើអាកាសធាតុ និងផ្ទៃដី អាចសម្រេចថាដាំបានហើយក្រុមហ៊ុននឹងធ្វើកិច្ចសន្យារវាងកសិករ រយៈពេល១០ឆ្នាំម្តង ក្នុងលក្ខខណ្ឌប្រមូលទិញកសិផលត្រឡប់មកចូលក្នុងហ៊ុនវិញតាមតម្លៃទីផ្សារជាក់ស្ដែង។ លើសពីនេះ កាដាំដំណាំកាកាវ បើធៀបនឹងដំណាំផ្សេងដូចជា ទុរេន ម្រេច គឺដំណាំកាកាវងាយស្រួលដាំជាងគេងាយថែទាំនឹងឆាប់ទទួលបានផលលឿន ហើយក្រុមហ៊ុនប្រកាន់គោលជំហរ ធានា ក្នុងបច្ចេកទេសដាំដុះ ទាំងស្រុងរយៈពេល ១ខែ បើសិនជាមានពូជខ្លះងាប់ក្រុមហ៊ុននឹងប៉ះប៉ូវជួសជុលឲ្យគ្រប់ចំនួនឡើងវិញផងដែរ។ ក្នុងនាមកសិករចាប់ផ្តើមដាំដុះដំណាំនេះ កសិករអាចចូលរួមជាសមាជិកសមាគម នឹងទទួលបានវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងបច្ចេកទេសដាំកាកាវថែមទៀតផង។ នេះបើតាមការអះអាងរបស់ លោក ជៀន ចាន់ថុល។
លោក បានបញ្ជាក់ថា តាមបទពិសោធក្រុមហ៊ុននាពេលកន្លង កសិករដាំកាកាវក្នុង ១ហិកតា អាយុចាប់ពី ៥ឆ្នាំ ក្នុងខេត្តមណ្ឌលគិរី ទទួលបានទិន្នផលប្រហែល ២២តោន បើគិតជាទឹកប្រាក់ចន្លោះពី៨០០០ដុល្លារ ទៅ ៩០០០ដុល្លារឯណោះ។

សូមជម្រាបថា ដំណាំកាកាវ គឺជាដំណាំកសិឧស្សាហកម្មប្រភេទថ្មីលើទឹកដីប្រទេសកម្ពុជា បើទោះបីជាកម្ពុជាមានវិសាលភាពផ្ទៃដីកសិកម្មធំល្វឹងល្វើយក៏ដោយក៏ប្រជាពលរដ្ឋភាគច្រើនមិនទាន់បានស្គាល់អំពីដំណាំមួយនេះនៅឡើយទេ។ ផ្លែកាកាវស្រស់គេយកសម្ងួត ឲ្យគ្រាប់ស្ងួតក្រៀម រួចចម្រាញ់ធ្វើជាម្សៅប្រេង ដើម្បីកែច្នៃជាផលិតផលសម្រេចមានដូចជា អាហារ ភេសជ្ជៈ គ្រឿងស្រវឹងគ្រឿងសម្អាង សាប៊ូ ថ្នាំឱសថ និងគ្រឿងបំប៉នផ្សេងៗជាដើម សរុបរួមមានរាប់រយមុខដើម្បីបម្រើតម្រូវការរបស់មនុស្ស៕
អត្ថបទ៖ រៀម សុខហេង



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ