កីឡា
ពិតជាអស្ចារ្យ បើឡើងវគ្គផ្តាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀង នឹងធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូងនៅកម្ពុជា
ក្លិបតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង កាន់តែខិតជិតឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ AFC Challenge League រដូវកាល២០២៤-២៥ បន្ទាប់ពីបានឈ្នះ Madura United ដោយលទ្ធផល ៣-០ ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ជ័យជម្នះនេះបានធ្វើឲ្យ ព្រះខ័នរាជស្វាយរៀង មានទំនុកចិត្តក្នុងការធ្វើដំណើរទៅប្រកួតជើងទី២ នៅប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ប្រសិនបើធ្វើបានល្អនៅទឹកដីឥណ្ឌូណេស៊ី ព្រះខ័នរាជស្វាយរៀង នឹងបង្កើតប្រវត្តិសាស្ត្រថ្មីលើកដំបូងមិនធ្លាប់មាននៅលើទឹកដីកម្ពុជា។
យោងតាមមាត្រា ៩.៤ នៃលក្ខន្តិកៈរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានចែងថា ការគិតលក្ខខណ្ឌធ្វើម្ចាស់ផ្ទះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League គឺអាស្រ័យលើក្រុម ដែលឡើងទៅវគ្គផ្តាច់ព្រ័ត្រប្រចាំតំបន់ទាំង ២។ ជាឧទាហរណ៍៖ ប្រសិនបើរដូវកាលចាប់ផ្តើមជាឆ្នាំសេស (២០២៥-២០២៦) នោះសិទ្ធធ្វើជាម្ចាស់ផ្ទះ នឹងធ្វើនៅប្រទេសតំបន់ខាងលិច។ ដោយឡែករដូវកាលនេះ ឆ្នាំចាប់ផ្តើមជាឆ្នាំគូ (២០២៤-២០២៥) ដូច្នេះក្រុមធ្វើជាម្ចាស់ផ្ទះ គឺជាប្រទេសនៅតំបន់ខាងកើត។

ប្រការនេះមានន័យថា ប្រសិនបើ ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះទាំងពីរជើងគឺ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើនៅលើទឹកដីកម្ពុជា ប៉ុន្តែប្រសិនបើ Madura United ទទួលបានជ័យជម្នះសរុបទាំងពីរជើង គឺ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើនៅលើទឹកដីប្រទេសឥណ្ឌូណេស៊ី។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើតែ១ជើងប៉ុណ្ណោះ។
ក្រៅពីឱកាសក្នុងការបង្កើតប្រវត្តិសាស្ត្រធ្វើម្ចាស់ផ្ទះជាលើកដំបូង ព្រះខ័នរាជស្វាយរៀង មានរឿងល្អជាច្រើនទៀតសម្រាប់បាល់ទាត់កម្ពុជា។ ក្នុងករណី ព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើ ឬឈ្នះ Madura United នៅក្នុងជើងទី២ទៀត ព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដែលមានប្រាក់រង្វាន់ក្នុងដៃចំនួន៥០ម៉ឺនដុល្លាររួចជាស្រេចទៅហើយ។

មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើ ព្រះខ័នរាជស្វាយរៀង បានស្មើ ឬឈ្នះ Madura United នៅក្នុងជើងទី២ទៀត ក្លិបបាល់ទាត់កម្ពុជាទំនងជាអាច ទទួលបាន២កៅអី ក្នុងពានរង្វាន់ AFC Champions League 2 នៅរដូវកាល ២០២៦-២៧។
ប្រសិនបើ ព្រះខ័នរាជស្វាយរៀង ឈ្នះ ជើងឯកទៀតនោះ រឹតតែធ្វើឲ្យក្លិបបាល់ទាត់កម្ពុជាល្អប្រសើរនៅពានរង្វាន់អាស៊ីថែមទៀត ប៉ុន្តែអ្វីដែលចាំបាច់ផុតនៅចំពោះមុខគឺ ត្រូវឆ្លងឲ្យផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


