ព័ត៌មានជាតិ
លែងជាអាថ៌កំបាំង! នាវាវៀតណាម ឥណ្ឌា រុស្ស៊ី រួមទាំងនាវាអាមេរិក ក៏គ្រោងនឹងចូលចតនៅផែរាម
បន្ទាប់ពីការចូលចតរបស់នាវាជប៉ុននៅកំពង់ផែរាម ក្នុងដែនសមុទ្រកម្ពុជា នាវារបស់វៀតណាម ឥណ្ឌា រុស្ស៊ី រួមទាំងនាវារបស់សហរដ្ឋអាមេរិក ក៏គ្រោងនឹងចូលទស្សនកិច្ចនៅផែរាមនេះដែរ នាពេលខាងមុខ។ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងឱ្យដឹងដូច្នេះ នាព្រឹកថ្ងៃទី២១ ខែមេសានេះក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នាវារបស់ជប៉ុន២គ្រឿង បានចូលចតនៅកំពង់ផែរាម ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ហើយពេលខាងមុខ វៀតណាម ឥណ្ឌា រុស្ស៊ី និងអាមេរិក ក៏នឹងចូលចតនៅកំពង់ផែសមុទ្ររាមផងដែរ។ ថ្លែងពីខេត្តកំពត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទម្លាយឱ្យដឹងយ៉ាងដូច្នេះថា៖ «តិចទៀតដែលដាក់ពាក្យមក មានពីវៀតណាម ឥណ្ឌា រុស្ស៊ី ចូលមកផែហ្នឹងទៀត អ៊ីចឹងពេលយើងធ្វើហើយ កាន់តែរវល់ហើយ ខាងសហរដ្ឋអាមេរិក ក៏គិតថា មកដែរ យើងស្វាគមន៍ទាំងអស់»។

ដំណឹងនៃការចូលចតរបស់នាវាបរទេសទាំងនេះ គឺបានធ្វើឡើងតបទៅនឹងការប្រកាសបើកភ្លើងខៀវរបស់កម្ពុជាចំពោះការស្វាគមន៍រាល់បណ្តាកងទ័ពប្រទេសជាមិត្តទាំងអស់ដែលចង់មកចូលចតនៅកំពង់ផែរាម ក្រោមរូបភាពសហប្រតិបត្តិការសន្តិសុខ ហើយម្យ៉ាងជាការជម្រះមន្ទិលសង្ស័យកន្លងមក ដែលមានមតិមួយចំនួន បានចោទប្រកាន់ថា មូលដ្ឋានកងទ័ពជើងទឹករាម គឺនឹងអនុញ្ញាតឱ្យតែនាវាកងទ័ពជើងទឹកចិនចូលចត។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានច្រានចោលការចោទប្រកាន់ដូច្នេះ ហើយផ្ទុយទៅវិញ សម្ដេចថែមទាំងបានប្រកាសស្វាគមន៍ប្រទេសជាមិត្តទាំងអស់ ដែលចង់មកចូលចតនៅកំពង់ផែរាមនេះ។

ជាក់ស្ដែង នាវា២គ្រឿងរបស់កងស្វ័យការពារជើងទឹកជប៉ុន បានចូលចតនៅមូលដ្ឋានសមុទ្ររាមនេះ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ នាវារបស់ជប៉ុននេះ គឺជានាវាបរទេសទី១ហើយ ដែលត្រូវបានអនុញ្ញាតឱ្យចូលចតនៅមូលដ្ឋានសមុទ្ររាម បន្ទាប់ពីមូលដ្ឋាននេះ ត្រូវបានធ្វើទំនើបកម្ម និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីដើមខែមេសា ឆ្នាំ២០២៥។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ថា នេះជាជំហរជាក់ស្ដែងរបស់កម្ពុជា គឺនៅតែរក្សាទំនាក់ទំនងគ្រប់ប្រទេសទាំងអស់ មិនដូចអ្វីដែលមតិប្រឆាំងខ្លះបានចោទប្រកាន់មកលើរដ្ឋាភិបាល ថា ប្រគល់សិទ្ធិទាំងស្រុងឱ្យភាគីចិនគ្រប់គ្រងនោះទេ។

ជាការកត់សម្គាល់ រឿងមូលដ្ឋានផែរាមនេះបានក្លាយជាប្រធានបទដ៏ក្ដៅ ដែលជារឿយៗទាំងក្រុមប្រឆាំងនៅក្រៅប្រទេស សារព័ត៌មានបរទេស ក៏ដូចជាប្រទេសធំៗខ្លះ តែងតែព្យាយាមចោទប្រកាន់មកលើកម្ពុជា ថា បានអនុញ្ញាតឱ្យមានមូលដ្ឋានយោធាចិនលើទឹកដីរបស់ខ្លួន ពោលគឺចោទថា នៅមូលដ្ឋានសមុទ្ររាមនេះតែម្ដង។ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ធ្លាប់បានបកស្រាយ និងបំភ្លឺជាច្រើនលើកច្រើនសារ ថែមទាំងអនុញ្ញាតឱ្យអនុព័ន្ធយោធាបណ្ដាប្រទេសនានាចុះទៅពិនិត្យនៅមូលដ្ឋានសមុទ្ររាមក៏ដោយ ក៏បញ្ហានេះនៅតែជាមន្ទិលសង្ស័យពីសំណាក់ប្រទេសមួយចំនួន។

កម្ពុជា បានបញ្ជាក់ថា មូលដ្ឋានសមុទ្ររាម គឺគ្រាន់តែធ្វើទំនើបកម្មសម្រាប់ពង្រឹងសន្តិសុខដែនសមុទ្ររបស់ខ្លួនប៉ុណ្ណោះ ខណៈកម្ពុជាប្រឈមនឹងបញ្ហាមួយចំនួន ជាអាទិ៍ ការនេសាទខុសច្បាប់ ការរត់ពន្ធគ្រឿងញៀន និងការជួញដូរមនុស្ស។ ម្យ៉ាង ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម គឺមានគោលបំណងកែលម្អកន្លែងចូលសំចតសម្រាប់នាវាយោធា និងស៊ីវិល ដែលអនុញ្ញាតឱ្យមានសេវាថែទាំកាន់តែប្រសើរឡើងនៅក្នុងដែនទឹកកម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


