Connect with us

ព័ត៌មានជាតិ

មន្ត្រីអូស្ត្រាលី សរសើរសិស្សនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីនោះ ថា ឧស្សាហ៍ព្យាយាម

បានផុស

នៅ

ជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព អភិបាលរដ្ឋអូស្ត្រាលីខាងត្បូង បានលើកឡើងពីការខិតខំរបស់សិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យនានាក្នុងរដ្ឋអូស្ត្រាលីខាងត្បូង ពិសេសនោះ គឺមានភាពឧស្សាហ៍ព្យាយាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់របស់លោកស្រីអភិបាលរដ្ឋ គឺមានសហគមន៍ខ្មែរប្រមាណជិត៤ពាន់នាក់ កំពុងរស់នៅ ធ្វើការងារ និងសិក្សានៅរដ្ឋអូស្ត្រាលីខាងត្បូង។ ជាការចាប់អារម្មណ៍នោះ លោកស្រី Frances Adamson អភិបាលរដ្ឋអូស្ត្រាលីខាងត្បូង របស់ប្រទេសអូស្ត្រាលី បានកោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាម និងការខិតខំប្រឹងប្រែងរបស់សិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យនានាក្នុងរដ្ឋអូស្ត្រាលីខាងត្បូង។

ត្រង់ចំណុចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអរគុណ​អូស្ត្រាលី​​ ដែលបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ សម្តេចធិបតី ក៏បានបញ្ជាក់ប្រាប់លោកស្រីអភិបាលរដ្ឋ​ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍមូលធនមនុស្ស ដោយផ្តោតលើការពង្រឹងសុខុមាលភាព ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការបង្កើតការងារជូនប្រជាពលរដ្ឋ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកស្រី អភិបាលរដ្ឋអូស្ត្រាលីខាងត្បូង ក៏បានពិភាក្សា​ និងផ្លាស់ប្តូរយោបល់អំពីការពង្រឹងពង្រីក​ ព្រមទាំងស្វែងរកនូវ​ឱកាសបន្ថែមទៀត​ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរដ្ឋអូស្ត្រាលីខាងត្បូង លើវិស័យសំខាន់ៗដូចជា៖ អប់រំ​ ថាមពលស្អាត ពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងការជំរុញភ្ញៀវទេសចរណ៍។

លោកស្រី បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអូស្ត្រាលី និងកម្ពុជា។ លោកស្រី ក៏បានឆ្លៀតជម្រាបជូនសម្តេចធិបតីអំពីវិស័យសក្តានុពលនានារបស់រដ្ឋអូស្ត្រាលីខាងត្បូង រួមមាន៖ វិស័យកសិកម្ម អប់រំ ទេសចរណ៍ និងថាមពល។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសុខសន្តិភាព ក៏ដូចជាការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ។ សម្ដេច ថា នេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ហើយសម្តេចធិបតី ពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ នាពេលបច្ចុប្បន្ន៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម