ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ថា កិច្ចចរចាជុំទី១ពាក់ព័ន្ធពន្ធបដិការ គ្រាន់ជាជំហានចាប់ផ្ដើម ដើម្បីបង្ហាញជំហរ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កិច្ចចរចាជុំទី១ ពាក់ព័ន្ធនឹងពន្ធបដិការរបស់សហរដ្ឋអាមេរិក គឺគ្រាន់ជាជំហានចាប់ផ្ដើមនៃកិច្ចចរចា ដើម្បីបង្ហាញជំហរ ព្រោះថា ការចរចាពាណិជ្ជកម្មមានភាពស្មុគស្មាញ ត្រូវពេល។

លើកឡើងនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះថា «កិច្ចចរចាជុំទី១ គ្រាន់តែជាការជួបគ្នា ដើម្បីបង្ហាញជំហរ និងបញ្ជាក់បន្ថែមពីបញ្ហា មួយចំនួនប៉ុណ្ណោះ ពីព្រោះការចរចាពាណិជ្ជកម្មមានភាពស្មុគស្មាញដែលត្រូវការពេលវេលា»។ សម្ដេចធិបតី អះអាងថា គ្រប់ប្រទេសទាំងអស់សុទ្ធតែមានស្ថានភាពដូចៗគ្នានេះ។
ការបញ្ជាក់ដូច្នេះរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបានធ្វើឡើងបន្ទាប់ពីមានការបង្កើតព័ត៌មានមិនពិត ដើម្បីវាយប្រហាររាជរដ្ឋាភិបាលជុំវិញការចរចាពន្ធបដិការ។

កាលពីសប្ដាហ៍មុន ក្រោយពីការចរចារឿងពន្ធរវាងកម្ពុជា និងអាមេរិក ត្រូវកំណត់ថ្ងៃជួបគ្នាជាលើកទី២នោះ ហ្វេសបុកផេកឈ្មោះ ស្ត្រី Oversea បានបង្ហោះសារសំឡេងដោយប្រើបច្ចេកទេសកាត់រូបភាព AI និងអត្ថាធិប្បាយបំភ្លៃការពិតទាក់ទងនឹងការចរចាររឿងពន្ធគយជាមួយអាមេរិក ថា ជាការបរាជ័យមួយ។ ករណីនេះត្រូវបាននគរបាលជាតិចាត់ទុកថា បានធ្វើឱ្យមហាជនភ័ន្តច្រឡំមកលើរដ្ឋាភិបាលកម្ពុជា។

ផ្ទុយពីការលើកឡើងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីភាពវិជ្ជមាននៃដំណើរការចរចានេះ ដោយសម្ដេចបានថ្លែងកោតសរសើរដល់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកសម្របសម្រួលការចរចាពន្ធបដិការ ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រុមការងារពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារនេះបានយ៉ាងល្អ។
សម្ដេចធិបតី ក៏បានបង្ហាញក្ដីសង្ឃឹមថា សម្រាប់កិច្ចចរចាជុំទី២ ដែលក្រុមការងាររបស់កម្ពុជា និងអាមេរិក បានកំណត់បន្តនៅខាងមុខនោះ នឹងទទួលបានលទ្ធផលជាវិជ្ជមានថែមទៀត។

គួរជម្រាបថា ប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធគយបដិការទៅលើប្រទេសជាង១៨០នៅទូទាំងពិភពលោកកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរដែលបានដាក់ពន្ធ៤៩%។ ២ថ្ងៃបន្ទាប់ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតទៅកាន់ប្រធានាធិបតីអាមេរិក បង្ហាញពីការប្ដេជ្ញាក្នុងការនាំចូលផលិតផលអាមេរិក និងទម្លាក់ពន្ធគយលើទំនិញអាមេរិក១៩ប្រភេទ ពី៣៥%មកនៅត្រឹម៥% និងបង្ហាញពីបំណងចរចាជាមួយអាមេរិកផងដែរ។

នៅថ្ងៃទី៩ ខែមេសា អាមេរិកបានសម្រេចព្យួរការអនុវត្តន៍ពន្ធគយបដិការ៩០ថ្ងៃដើម្បីទុកពេលចរចាក្នុងនោះក៏មានប្រទេសកម្ពុជាងផងដែរ។
កាលពីថ្ងៃទី៦ ខែឧសភា ក្នុងវេទិកាសាធារណៈមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យពលរដ្ឋទុកចិត្តមកលើរដ្ឋាភិបាលក្នុងស្ថានភាពពិភពលោកបច្ចុប្បន្ន ដោយសម្ដេចរដ្ឋាភិបាលដែលដឹកនាំដោយបក្សប្រជាជនកម្ពុជានៅជាមួយពលរដ្ឋជានិច្ច ព្រមទាំងប្ដេជ្ញាពីការធានានូវសមិទ្ធផល និងប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យនៅថិតថេរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


