ព័ត៌មានជាតិ
កម្ពុជា ត្រូវបានវេទិកាមហាសន្និបាតសុខភាពពិភពលោកចាត់ទុកជាតារារះ ក្នុងការលើកកម្ពស់ថែទាំសុខភាពបឋម
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា កម្ពុជា ត្រូវបានវេទិកាមហាសន្និបាតសុខភាពពិភពលោកកោតសរសើរ និងចាត់ទុកជាតារារះក្នុងការលើកកម្ពស់ការថែទាំសុខភាពបឋម។

ការចាត់ទុកកម្ពុជាជាតារារះនេះ ត្រូវបានលើកឡើងនៅក្នុងវេទិកាកិច្ចសន្ទនាជាមួយជ័យលាភីក្នុងវេទិកាមូលនិធិ វេជ្ជបណ្ឌិត. លី ជុងវ៉ុក សាធារណរដ្ឋកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិដែលជាព្រឹត្តិការណ៍អម នៃមហាសន្និបាតសុខភាពពិភពលោកលើកទី ៧៨ ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ នៅទីក្រុងហ្សឺណាវ សហព័ន្ធស្វីស។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី ២៨ ឧសភា ក្រោយត្រឡប់មកពីចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី ៧៨ នៅទីក្រុងហ្សឺណាវសហព័ន្ធស្វីស លោកសាស្ត្រាចារ្យ ឈាង រ៉ា បានបន្តថា ការចាត់ទុកកម្ពុជាជាតារារះនេះ ដោយសារប្រទេសកម្ពុជាទទួលបាន វឌ្ឍនភាពសុខាភិបាលសំខាន់ៗ ជាច្រើន រួមមាន ការលើកកម្ពស់សុខភាព សុខុមាលភាពសហគមន៍ តាមរយៈការដាក់ចេញយុទ្ធនាការអប់រំសុខភាពបឋម ការពង្រីកការចាក់វ៉ាក់សាំង , ការពង្រីកការថែទាំព្យាបាល និងផ្តល់លទ្ធភាពឱសថអំពីជំងឺមិនឆ្លងក្នុងសហគមន៍ , ការប្រកាសដាក់ឱ្យដំណើរការផែនការសកម្មភាពបង្ការ និងគ្រប់គ្រងជំងឺមហារីក ២០២៥-២០៣៣, ឥរិយាបថបុរេសកម្មលើការតាមដាន ត្រួតពិនិត្យជំងឺឆ្លងគ្រប់ប្រភេទដោយក្រុមការងារជំនាញឆ្លើយតបបន្ទាន់ , ការរៀបចំ និងដាក់ដំណើរការផែនការយុទ្ធសាស្ត្រសុខាភិបាលដំណាក់កាលទី ៤ ២០២៥-២០៣៣ ដែលជាក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេលវែង ដ៏ទូលំទូលាយ ស្របតាម SDGs និងចក្ខុវិស័យ នៃការសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ផែនការនេះបង្ហាញទិសដៅយុទ្ធសាស្ត្រចំនួន ៥ រួមមាន ការពង្រឹងការថែទាំសុខភាពបឋម និងសេវាសំខាន់ៗ ការលើកកម្ពស់ធនធានមនុស្សសម្រាប់សុខភាព ការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទាន និងអភិបាលកិច្ចសុខាភិបាល ពង្រីកប្រព័ន្ធសុខភាពឌីជីថល និងព័ត៌មាន ការកសាងភាពធន់នឹងប្រព័ន្ធសុខភាព និងការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់។

លោករដ្ឋមន្ត្រី បានបន្ថែមថា ជារួម កម្ពុជា តែងតែទទួលបានជោគជ័យនូវព្រឹត្តិការណ៍សកលលឿនដូចជាការប្រយុទ្ធនឹងជំងឺអេដស៍ ជំងឺកញ្ជ្រឹល ជំងឺស្វិតដៃជើង ជំងឺគ្រុនចាញ់ អត្រាមរណភាពមាតា និងទារក មុនគោលដៅ ៨ ឆ្នាំ ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ។
ក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោក លោកសាស្ត្រាចារ្យ ឈាង រ៉ា បានឡើងថ្លែងសុន្ទរកថា និងបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអគ្គនាយកអង្គការសុខភាពពិភពលោក នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច តំណាងធនាគារពិភពលោក ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ តំណាងអង្គការបញ្ឈប់ការចម្លងជំងឺរបេង និងអញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់ជាលក្ខណៈមិត្តភាពរវាងនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ជាមួយរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន នៃតំបន់ប៉ាស៊ីហ្វិកខាងលិច។
ជាមួយគ្នានេះដែរ ប្រតិភូក្រសួងសុខាភិបាល បានធ្វើបទអន្តរាគមន៍ទៅលើប្រធានបទសំខាន់ៗ ជាអាទិភាពចំនួន ៦ ដើម្បីជម្រាបជូនមហាសន្និបាតអំពីវឌ្ឍនភាព ភាពជោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ចែករំលែកបទពិសោធល្អៗ និងបង្ហាញពីឆន្ទៈប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាលក្នុងការចូលរួមជាមួយអង្គការសុខភាពពិភពលោក និងបណ្តាប្រទេសជាសមាជិកក្នុងគោលដៅសម្រេចឱ្យបានគោលដៅសុខភាពតែមួយ ក្នុងពិភពលោកតែមួយ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា រយៈពេល ៩ ថ្ងៃ ដែលគណៈប្រតិភូក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងមហាសន្និបាតសុខភាពពិភពលោកលើកទី ៧៨ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់បំផុតដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើការពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាមួយប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេសការពង្រឹងកិច្ចសហការពហុភាគីនិយម ការជំរុញឱ្យមានសមធម៌សុខាភិបាល ការធានានិរន្តភាពហិរញ្ញវត្ថុ តាមរយៈការកៀរគររដ្ឋជាសមាជិក ដើម្បីចូលរួមវិភាគទានក្នុង Investment Round ក៏ដូចជាចូលរួមអនុវត្តការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិ និងអង្គការសុខភាពពិភពលោក ដែលការណ៍នេះបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា ពិតជាបានចូលរួមចំណែកក្នុងការពង្រឹងសន្តិភាពសន្តិសុខការអភិវឌ្ឍពិភពលោកទាំងមូល ពោលគឺ «សុខភាពតែមួយ ក្នុងពិភពលោកតែមួយ»៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ