ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ស្នើដល់សមាគម អង្គការមិនមែនរដ្ឋាភិបាល បន្តគំាទ្រ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានថ្លែងថា នៅក្នុងខេត្តសៀមរាប មានអង្គការ សមាគមជាច្រើន ដែលបានចូលរួមចូលរួមគាំទ្រនៅសកម្មភាពរបស់ខេត្ត និងមន្ទីរអង្គភាព ក្រុង-ស្រុក ឃុំ-សង្កាត់នានា។ ដូច្នេះសូមស្នើដល់សមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងដៃគូអភិវឌ្ឍនានា បន្តកិច្ចសហការគំាទ្រនិងចូលរួមដោយស្មោះសរជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាអាជ្ញាធរខេត្តសៀមរាប ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សា និងការពារធនធានធម្មជាតិបរិស្ថាន ការទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ និងការនេសាទខុសច្បាប់ ដើម្បីពង្រឹងនូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពរីកចម្រើនរុងរឿងបន្ថែមទៀត។

លោកបានថ្លែងបែបនេះ នៅក្នុងពិធីបើកវេទិកាពិគ្រោះយោបល់ ស្ដីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តជាមួយសមាគម អង្គការសង្គមស៊ីវិលនិងសហគមន៍នានា ក្រោមប្រធានបទ “ការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយអង្គការសង្គមស៊ីវិល” នាព្រឹកថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប។
លោកអភិបាលរងខេត្តសៀមរាប បានបញ្ជាក់បន្ថែមថា «ភាពជាដៃគូ» គឺសំដៅលើទំនាក់ទំនងប្រកបដោយភាពស្មោះត្រង់រវាងរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិលក្នុងការធ្វើសកម្មភាពអ្វីមួយសម្រាប់បម្រើផលប្រយោជន៍សង្គម។ ជារួមការអនុវត្តការងារក្នុងលក្ខណៈភាពជាដៃគូ អាចទទួលជោគជ័យបាន លុះត្រាតែភាគីជាដៃគូនឹងគ្នាឧស្សាហ៍ទាក់ទងគ្នាក្នុងការដោះស្រាយបញ្ហាអ្វីមួយជាមួយគ្នាដោយភាពស្មោះត្រង់ និងឥតលាក់លៀមរវាងគ្នា។ ភាគីជាដៃគូនឹងគ្នា ត្រូវមានការទុកចិត្តគ្នា គោរពគ្នា គាំទ្រគ្នាទៅវិញទៅមក និងយោគយល់អធ្យាស្រ័យគ្នា ព្រមទាំងរៀនសូត្រ និងចែករំលែកបទពិសោធន៍រវាងគ្នា ដើម្បីសម្រេចបាននូវគោលបំណងរួមណាមួយ។

ក្នុងនោះដែរ លោកអភិបាលរងខេត្តក៏បាន ណែនាំដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសម្របសម្រួល និងបង្កលក្ខណៈងាយស្រួល ដល់អង្គការសង្គមស៊ីវិល ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការធ្វើសកម្មភាពដោយសេរី និងគ្មានការរឹតត្បិត។
ជាមួយគ្នានោះផងដែរ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ក៏បានមានប្រសាសន៍ អំពាវនាវ ណែនាំ និងជំរុញឱ្យមន្ត្រីរាជការ សមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ជាពិសេសប្រជាពលរដ្ឋ ទៅវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ខណៈជំងឺនេះមានការផ្ទុះឡើងជាថ្មី និងបន្តការប្រុងប្រយ័ត្ន ជាពិសេសអ្នកដែលមានហានិភ័យខ្ពស់ដែលងាយឆ្លងវីរុសនេះ រួមទាំងអ្នកដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ ជំងឺរ៉ាំរ៉ៃ មនុស្សចាស់ និងស្ត្រីមានផ្ទៃពោះ។

លោកបន្តថា ចំពោះការចាក់វាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមានបម្រុងទុកគ្រប់គ្រាន់សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋគ្រប់វ័យ ពេលពួកគាត់ចង់ចាក់ ហើយសូមឱ្យប្រជាពលរដ្ឋទាំងអស់ បន្តមកទទួលវាក់សាំងការពារជំងឺនេះនៅក្នុងមន្ទីរពេទ្យបង្អែកនានាក្នុងខេត្ត មណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់ខ្លួន រៀងរាល់ម៉ោងធ្វើការបានផងដែរ៕
ដោយ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


