ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំបច្ចេកទេសពន្លឿនគម្រោងទីក្រុងឆ្លាតវៃ ជំហានទី ២ ត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំ JCC នាពេលខាងមុខ
នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពីក្រុមអ្នកជំនាញ JICA ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាព គម្រោងសាកល្បង នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ (Smart City) ជំហានទី ២ ដែលកិច្ចប្រជុំនាពេលនេះ ផ្ដោតសំខាន់លើការពិភាក្សាចំពោះការអនុវត្តវិធីសាស្ត្របច្ចេកវិទ្យាឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងជាការចងក្រងទិន្នន័យ និងលទ្ធផលការងារសម្រាប់ដាក់ជូនកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម (JCC) លើកទី ២ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ។


បើតាមតំណាងក្រុមការងារបានបង្ហាញថា កិច្ចប្រជុំនាពេលនេះ ផ្ដោតសំខាន់លើគម្រោងសាកល្បងនៅតំបន់ផាប់ស្ទ្រីត និងតាមដងស្ទឹងសៀមរាប ដើម្បីជំរុញឱ្យភ្ញៀវទេសចរដើរកម្សាន្តលើសពីតំបន់ផាប់ស្ទ្រីត បង្កើនភាពទាក់ទាញនៅតំបន់ជុំវិញ ជាពិសេសដងស្ទឹងសៀមរាប ដែលជាទីតាំងគម្រោងសាកល្បង។ គម្រោងនេះ ជាការពង្រីកភាពរស់រវើក នៃតំបន់ផាប់ស្ទ្រីត ជំរុញការដើរកម្សាន្តក្នុងក្រុងឱ្យកាន់តែទូលំទូលាយជាងមុន និងគាំទ្រដល់ការស្នាក់នៅថែមមួយទៀត។ ជារួមសកម្មភាពនីមួយៗ ធ្វើឡើងដោយកិច្ចការរួមគ្នា ដែលផ្សំដោយការដោះស្រាយឆ្លាតវៃ និងគំនិតផ្ដួចផ្ដើមមិនឌីជីថល និងមានសង្គតិភាពជាមួយនឹងកិច្ចខិតខំប្រឹងប្រែង នៃខេត្តសៀមរាប។


ក្រៅពីនោះ សម្រាប់កាលវិភាគអនុវត្តសកម្មភាពបណ្ដោះអាសន្ន មានគម្រោងសាកល្បងចំនួន ៨ ហើយពេលវេលាដំណើរការដេញថ្លៃ នឹងធ្វើឡើងខុសៗ គ្នា សម្រាប់សាកល្បងនីមួយៗ រួមមាន ៖ ការតាមដានលំហូរមនុស្ស , ការផ្សព្វផ្សាយកិត្តិនាមតាមរយៈបណ្ដាញសង្គម , វិធីសាស្ត្រធ្វើឱ្យដងស្ទឹងមានភាពបៃតង , ការលើកកម្ពស់ចរាចរណ៍ទីក្រុង , ផ្លាកសញ្ញាឌីជីថល , ការប្រើប្រាស់ទីធ្លាសាធារណៈ , ការឆ្លើយតបអគ្គិភ័យបឋម និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ។


តំណាងក្រុមការងារ ក៏បានបង្ហាញទៀតថា ដើម្បីឱ្យសម្រេចបានតាមការគ្រោងទុក ពិតណាស់ទាមទារឱ្យមានការពង្រឹងលើការងារសន្តិសុខ និងផាសុកភាព នៃតំបន់សំខាន់ៗ ទាំង ២ ទាំងតំបន់ផាប់ស្ទ្រីត និងដងស្ទឹង ជំរុញធ្វើយ៉ាងណាភ្ជាប់ទីតាំងនានាចូលគ្នា តាមរយៈការថ្មើរជើង។ ជាមួយគ្នានេះ ជឿជាក់ថា គម្រោងនេះ នឹងជួយឱ្យតំបន់ផាប់ស្ទ្រីត មានសុវត្ថិភាពជាងមុន ងាយស្រួលដើរជាងមុន និងរីករាយជាងមុន ជាមួយនឹងការប្រើប្រាស់ទីធ្លាសាធារណៈបានកាន់តែល្អប្រសើរឡើង។ ចំពោះដងស្ទឹងសៀមរាប ក៏នឹងមានភាពទាក់ទាញ ភាពងាយស្រួល និងបទពិសោធរបស់អ្នកទស្សនាកាន់តែល្អប្រសើរឡើង ដោយដាក់ទីតាំងដងស្ទឹងជាមជ្ឍមណ្ឌលសកម្មភាពទីក្រុងឆ្លាតវៃ។
លោក យុន លីនណេ មានប្រសាសន៍ថា គម្រោងទីក្រុងឆ្លាតវៃពិតជាមានសារៈសំខាន់ណាស់ក្នុងការប្រែក្លាយខេត្តសៀមរាបឱ្យទៅជាគោលដៅទេសចរណ៍ដ៏ទំនើប និងមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។ គម្រោងជំហានទី ២ នេះ ផ្ដោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងបញ្ហាទីក្រុង ជាអាទិ៍ដូចជា ៖ ការគ្រប់គ្រងសំណល់ និងបរិស្ថាន , ការសម្រួលចរាចរណ៍ និងសុវត្ថិភាពសាធារណៈ និងជាការបង្កើតប្រសិទ្ធភាពសេវាសាធារណៈជូនពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ។
លោកបន្តថា ចំពោះការត្រៀមលក្ខណៈឱ្យបានហ្មត់ចត់សម្រាប់កិច្ចប្រជុំ JCC ខាងមុខ គឺជាជំហានគន្លឹះ ដើម្បីធានាថាការអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃក្នុងខេត្តសៀមរាប នឹងទទួលបានលទ្ធផលជាផ្លែផ្កា និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ទីក្រុង។ ក្នុងន័យនេះ ក៏សូមឱ្យអ្នកពាក់ព័ន្ធក្នុងខេត្ត ជាពិសេសដៃគូសហការ ចូលរួមក្នុងការអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ ដើម្បីខេត្តសៀមរាបទាំងមូល។ ជាមួយគ្នានេះ ដើម្បីសម្រេចឱ្យបានតាមការគ្រោងទុក រដ្ឋបាលខេត្តសៀមរាប បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ជាពិសេសក្រុមការងារ JICA ដើម្បីជំរុញគម្រោងនេះ ឱ្យស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ ៖ គឿនវេត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


