ព័ត៌មានជាតិ
អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ
ជុំវិញព័ត៌មានស្រពេចស្រពិលនៃការបិទច្រកព្រំដែនរវាងកម្ពុជា និងថៃ អាជ្ញាធរខេត្តរបស់កម្ពុជា ដែលនៅជាប់ព្រំដែន បានប្រកាសច្រានចោល និងបានអះអាងថា ច្រកទ្វារព្រំដែនប្រទេសទាំងពីរ គឺកំពុងដំណើរការធម្មតា ពុំមានការបិទឡើយ។

បណ្ដាញសារព័ត៌មានមួយចំនួនរបស់ថៃ នៅថ្ងៃសៅរ៍នេះ បានផ្សាយព័ត៌មានថា រដ្ឋាភិបាលថៃកំពុងរៀបចំប្រកាសបិទច្រកព្រំដែនកម្ពុជា-ថៃ ចំនួន៦កន្លែង និងប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្នចំនួន១០ បន្ទាប់ពីមានព្រឹត្តិការណ៍ប៉ះទង្គិចគ្នារវាងទាហានកម្ពុជា និងទាហានថៃ នៅតំបន់មុំ៣ កាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅ។ ប៉ុន្តែ ដំណឹងត្រូវបានអាជ្ញាធររបស់កម្ពុជាច្រានចោល។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ំ រាត្រី បានអះអាងថា ច្រកទ្វារព្រំដែនរវាងកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ គឺកំពុងដំណើរការធម្មតា ពុំមានការបិទដូចការផ្សាយរបស់សារព័ត៌មានថៃឡើយ។ លោក អ៊ំ រាត្រី បានប្រាប់ «កម្ពុជាថ្មី» ឱ្យដឹងនារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ ថា «ទេ អត់ទាន់មានអីទេ គ្រាន់ជាសារព័ត៌មានរបស់ថៃទេ សូម្បីខាងព្រះវិហារ (ខេត្តព្រះវិហារ) ក៏អត់ទាន់មាននេះដែរ ព្រោះខ្ញុំឃើញរបាយការណ៍របស់អគ្គកុងស៊ុលរបស់យើងនៅស្រះកែវ ក៏អត់ទាន់មានការបិទទេ»។

អះអាងដូច្នេះនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ច្រកទ្វារអន្តរជាតិចំនួន ២ និងតំបន់ចំនួន ៣ រវាងខេត្តបាត់ដំបង ជាមួយប្រទេសថៃ គឺមានសភាពធម្មតា ដោយប្រជាជនទាំងសងខាង ធ្វើដំណើរចេញចូល និងរកទទួលទានដូចសព្វមួយដង។ តាមរយៈសំណេរលើបណ្ដាញសង្គម លោកអភិបាលខេត្តបាត់ដំបង បានប្រាប់ពលរដ្ឋកុំជឿតាមពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងព័ត៌មានបិទច្រកទ្វារព្រំដែនឱ្យសោះ។
ជាមួយគ្នានេះ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ មានចេតនាញុះញង់ ដោយរក្សាភាពស្ងប់ចិត្ត កុំជ្រួលច្របល់។ លោកស្រីអភិបាលខេត្ត បន្ថែមថា បើករណីមានអ្វីប្រែប្រួលអាជ្ញាធរខេត្ត នឹងផ្ដល់ដំណឹងឱ្យដឹងជាមុន។

សម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ក៏ត្រូវបានអាជ្ញាធរ បញ្ជាក់ថា មានស្ថានភាពប្រព្រឹត្តទៅធម្មតាដូចគ្នា ពុំមានបាតុភាពណាមួយគួរឱ្យកត់សម្គាល់ឡើយ។

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក ហ៊ុន សារឿន បានលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ថា ទាំងរដ្ឋាភិបាលថៃ ទាំងកងទ័ពជើងគោកថៃ សុទ្ធតែអះអាងដូចគ្នាថា «គ្មានការបិទច្រកព្រំដែនថៃ-កម្ពុជា ត្រង់កន្លែងណាមួយទេ។ ច្រកទាំងអស់នៅបើកដំណើរការធម្មតា»៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
យោធាកម្ពុជាជួបអាមេរិកនៅកោះហាវ៉ៃស្របពេលដែលថៃឈ្លានពាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ទោះមានបទឈប់បាញ់ តែវរការពារព្រំដែនគោក ប្រចាំទិសសំឡូតនៅតែពង្រឹងជំហរការពារដែនអធិបតេយ្យភាព