Connect with us

ព័ត៌មានជាតិ

តបនឹងការចោទរបស់ថៃ អ្នកនាំពាក្យ ថា ថៃវិញទេ ជាអ្នកបំពានដែនអធិបតេយ្យកម្ពុជា  

បានផុស

នៅ

ប្រតិកម្មតបនឹងការចោទប្រកាន់របស់បាតុករថៃ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអះអាងនៅរសៀលថ្ងៃទី៦ ខែមិថុនានេះ ថា ថៃ ជាអ្នកបំពានដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយកងទ័ពថៃបានលបបាញ់ប្រហារកងទ័ពកម្ពុជាលើលេណដ្ឋានតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានរៀបរាប់ថា ហេតុការណ៍ពិតប្រាកដ នៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៥ៈ៣០នាទីព្រឹក មានករណីផ្ទុះអាវុធមួយបានកើតឡើងនៅពេលដែលកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ត្រូវបានទទួលស្គាល់ថា ជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ រហូតធ្វើឱ្យទាហានខ្មែរម្នាក់បាត់បង់ជីវិត។

លោក ជុំ សុន្ទរី ហៅការវាយប្រហារនេះ ថា បានបំពានទៅលើអធិបតេយ្យភាពរបស់កម្ពុជា ហើយរំលោភលើស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្ដីពីវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដែលចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលមានគោលដៅថែរក្សាសន្តិភាព និងស្ថេរភាពតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ពិសេសតំបន់មានទំនាស់។

ការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសខាងលើ គឺជាការឆ្លើយតបទៅនឹងក្រុមបាតុករថៃ ដែលបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជានៅក្នុងទីក្រុងបាងកក កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា នេះ ដើម្បីថ្លែងញត្តិទាមទារឱ្យកម្ពុជាគោរពអធិបតេយ្យជាតិថៃ។

ជុំវិញករណីនេះ លោក ជុំ សុន្ទរី បានប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិត និងអះអាងថា កងទ័ពកម្ពុជា មិនបានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃនោះឡើយ។

តាមរយៈប្រព័ន្ធតេឡេក្រាម អ្នកនាំពាក្យរូបនេះ បានប្រាប់អ្នកសារព័ត៌មាន ថា កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង និងប្តេជ្ញាចិត្តប្រែក្លាយព្រំដែនរួម ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ទន្ទឹមនេះ កម្ពុជាមានការប្តេជ្ញាចិត្តដ៏មោះមុត ដើម្បីដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី។

បើតាមលោកឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក ហ៊ុន សារឿន នៅវេលាម៉ោង១០ៈ០០នាទីព្រឹក នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមបាតុករដែលហៅខ្លួនឯងថា «បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ» បានប្រមូលផ្តុំគ្នាប្រមាណ២០០នាក់ នៅទីតាំងដងផ្លូវម្ខាងទៀតទល់មុខស្ថានទូតកម្ពុជា ដើម្បីធ្វើបាតុកម្ម ថ្លែងញត្តិទាមទារឱ្យកម្ពុជាគោរពអធិបតេយ្យជាតិថៃ។ តែបាតុកម្មនេះ បានរំសាយទៅវិញនៅវេលាម៉ោង ១១ៈ១៥នាទីព្រឹក ថ្ងៃដដែល៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម