Connect with us

នយោបាយ

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

បានផុស

នៅ

លោកបណ្ឌិត ឥន សុផល សាស្រ្តាចារ្យ និងជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ បានអះអាងថា នាយករដ្ឋមន្ត្រីថៃ គឺលោកស្រី Paetongtarn Shinawatra នៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវបានក្រុមអាមាត្យ និងយោធាក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រអស់ហើយ។ លោកបណ្ឌិត អះអាងបែបនេះ បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃបានបញ្ជាក់ឱ្យដឹងថា ថៃមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)តាំងពីឆ្នាំ១៩៦០មកម្លេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់លោកបណ្ឌិត ឥន សុផល គឺលោកចោទសួរទៅនាយករដ្ឋមន្រ្តីថៃថា តើនរណាថា ថៃមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)តាំងពីឆ្នាំ១៩៦០មកនោះ? តាមរយៈបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិត ឥន សុផល បានបកស្រាយ៥ចំណុចពាក់ព័ន្ធនឹងបញ្ហានេះ។ ទី១. លោកថា នៅពេលតុលាការ ICJ សម្រេចឱ្យកម្ពុជាឈ្នះក្តីនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ បានបង្គាប់ឱ្យប្រទេសថៃ ត្រូវមានកាតព្វកិច្ចដកកងកម្លាំងយោធា ប៉ូលីស និងឆ្មាំ ដែលកំពុងឈរជើងនៅលើប្រាសាទព្រះវិហារ  និងតំបន់ជុំវិញប្រាសាទ ដែលជាអធិបតេយ្យរបស់កម្ពុជាចេញទាំងអស់ដោយគ្មានលក្ខខណ្ឌ ហើយត្រូវប្រគល់វត្ថុបុរាណ ដែលបានលួចទៅនោះមកឱ្យខ្មែរវិញ។

ចំណុចទី២.ដោយសារតែខ្លាចភាពអាម៉ាស ថៃមិនចង់ដកកងទ័ពភ្លាមៗនោះទេ  ដោយបានសុំពន្យារពេលនៃការអនុវត្តតាមសេចក្តីសម្រេចរបស់ ICJ រហូតដល់ដើមខែកក្កដា ឆ្នាំ១៩៦២ ហើយដោយសារតែខ្លាចភាពអាម៉ាស មេទ័ពថៃបានបញ្ជាឱ្យដកកងទ័ព និងទង់ជាតិរបស់ខ្លួនចេញពីលើប្រាសាទតាំងពីព្រលឹមស្រាងៗ កុំឱ្យមានអ្នកការសែតចូលទៅផ្តិតយករូបភាពដ៏អាម៉ាសនេះ។ ទី៣.យោងតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងលក្ខន្តិកៈរបស់តុលាការ ICJ បានចែងថា គ្រប់រដ្ឋទាំងអស់ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ ត្រូវក្លាយទៅជារដ្ឋភាគីរបស់តុលាការ ICJ ដោយស្វ័យប្រវត្តិ និងត្រូវគោរពតាមធម្មនុញ្ញរបស់អង្គការសហសហប្រជាជាតិ និងការសម្រេចរបស់តុលាការ ICJ ។ បើថៃមិនគោរពតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ  និងមិនទទួលស្គាល់យុត្តាធិការរបស់ ICJ ទាល់តែថៃដកខ្លួនចេញពីសមាជិករបស់អង្គការសហប្រជាជាតិ។

ចំណែកទី៤.លោកបណ្ឌិត ឥន សុផល សូមជនរួមជាតិខ្មែរទាំងអស់កុំមានចិត្តពុះកញ្ជ្រោល និងមានសេចក្តីរំពឹងខ្លាំងពេក ព្រោះតុលាការ ICJ មានឆន្ទានុសិទ្ធិរបស់ខ្លួនថាតើត្រូវទទួលយកសំណុំរឿងរបស់កម្ពុជា ឬអត់? តុលាការអាចទទួល ឬអាចច្រានចោល ឬក៏អាចតម្កល់អាស្រ័យទៅលើការត្រួតពិនិត្យទៅលើអង្គហេតុ ប្រវត្តិសាស្ត្រ សន្ធិសញ្ញា កិច្ចព្រមព្រៀង និងភស្តុតាង និងសាក្សីជាច្រើន…។ល។ ទី៥.តែទោះជាយ៉ាងណាក៏ដោយ ក៏កម្ពុជាបានបង្ហាញពីសុចរិតភាព សុឆន្ទៈក្នុងការស្វែងរកដំណោះស្រាយដោយសន្តិភាព ភាពថ្លៃថ្នូរក្នុងទំនាក់ទំនងអន្តរជាតិ ជាពិសេសបង្ហាញថា “កម្ពុជា គឺជាមាសសុទ្ធ មិនខ្លាចភ្លើងនោះទេ” ។

គួរបញ្ជាក់ជូនថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់សំណុំរឿងប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្រី និងតំបន់មុំ៣ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥រួចមក គឺមានភាពរំជើមរំជួលយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ។ រាជរដ្ឋាភិបាលថៃ បានចេញមកបញ្ជាក់ថា ខ្លួនអត់ចង់ទៅតុលាការអន្តរជាតិទេ ពោល គឺចង់ចរចាដោះស្រាយគ្នាទ្វេភាគីជាមួយកម្ពុជា។

ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ហើយថា យន្តការដោះស្រាយគ្នាជាទ្វេភាគីនេះ លែងមានប្រសិទ្ធភាពទៀតហើយ ដូច្នេះ យន្តការតុលាការអន្តរជាតិ គឺល្អបំផុតក្នុងសំណុំរឿងនេះ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអះអាងឱ្យដឹងថា នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក(JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅរាជធានីភ្នំពេញ គឺមិនបញ្ចូលរបៀបវារៈបញ្ហាប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្រី និងតំបន់មុំ៣ នោះទេ ទុកឱ្យតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ជាអ្នកដោះស្រាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៤៥ វិនាទី មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ២៣ នាទីutes មុន

កម្ពុជាបន្តធ្លាក់ភ្លៀង ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដល់ថ្ងៃទី១០ ខែមិថុនា

ព័ត៌មានជាតិ១ ម៉ោង មុន

ច្រកទាំង៥ ក្នុងខេត្តបាត់ដំបង ត្រូវបានភាគីថៃ បិទជាឯកតោភាគី ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៤ ល្ងាច

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្រ្តីអាមេរិករង​របួសព្រោះឆ្កែខាំជាង ៨០០ កន្លែង វះកាត់ ២៨ដង និងប្រើពេលព្យាបាលជិត៤ឆ្នាំ

ព័ត៌មានជាតិ១០ ម៉ោង មុន

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ត្រៀមបង្ហាញស្នាដៃនិស្សិត២ប្រភេទ ក្នុង​ទិវា​ជាតិ​អប់​រំបណ្តុះបណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨

Sokha Hotels

ព័ត៌មានពេញនិយម