Connect with us

កីឡា

ត្រៀមៗ! អ្នកចាត់ការ ក្លិប​ព្រះខ័នរាជស្វាយរៀង បានបង្ហើបពីផែនការនាំចូលកីឡាករថ្មី

បានផុស

នៅ

អ្នកចាត់ការទូទៅរបស់ក្លិបព្រះខ័នរាជស្វាយរៀងលោក Christopher Grant បានលើកឡើងដោយមិនលាក់លាមអំពីផែនការក្លិប ក្នុងការនាំចូលកីឡាករថ្មីនៅរដូវកាលនេះ ហើយក្លិបគ្រោងនឹងនាំចូលកីឡាករបរទេសថ្មី​ហោច​ណាស់ ២ នាក់បន្ថែមទៀត។

លោក Christopher Grant
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាជារឿងដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងមួយ ដែលលោក Christopher បានបង្ហើបអំពីលក្ខខណ្ឌមួយចំនួន មុនពេលក្លិបសម្រេចចិត្តចុះកិច្ចសន្យា​នាំ​ចូល​កីឡាករថ្មី ជាពិសេសកីឡាករបរទេសតែម្តង។ ក្លិបនៅពេលនាំចូលកីឡាករបរទេសថ្មីនីមួយៗ មិនមែនមើលតែលើសមត្ថភាពមួយមុខប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលក្លិបត្រូវមើល ក្រៅអំពីសមត្ថភាព គឺត្រូវមើលបន្ថែមទៀតលើ អត្តចរិត ថាតើ​ពួក​គេ​ជា​មនុស្ស​ដូច​ម្តេច? តើ​ពួក​គេ​អាច​សាំ​នឹង​បរិយាកាស និង​វប្បធម៌​របស់​យើង​ទេ ហើយ​ពួក​គេ​អាច​ជួយ​អភិវឌ្ឍ​យើង​កម្រិត​ណា?

ខាងលើនេះ គឺជាលក្ខខណ្ឌមួយចំនួន ដែលអ្នកគាំទ្រពុំសូវបានដឹង ចំពោះអ្វី ដែលក្លិបព្រះខ័នរាជស្វាយរៀង តែងតែធ្វើ មុនពេលសម្រេចចិត្តចុះកិច្ចសន្យាយកកីឡាករណាម្នាក់មកចូលក្រុម។ ដូច្នេះហើយ ទើបឃើញថា ក្លិបម្ចាស់ជើងឯកលីគកំពូលកម្ពុជា ភាគច្រើនគឺកម្រនាំចូលកីឡាករខុសណាស់ ជាពិសេស គឺកីឡាករបរទេសនេះតែម្តង។

ទន្ទមនឹងនេះ លោក Christopher បានបង្ហើបរឿងមួយទៀតផងដែរ ដែលអ្នកគាំទ្រកំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារ នោះគឺការប្រកាសសមាសភាពកីឡាករបរទេសថ្មីចូលក្រុមបន្ថែម។ បច្ចុប្បន្នក្លិបព្រះខ័នរាជស្វាយរៀង មានកីឡាករបរទេសក្នុងក្រុមស្រាប់ចំនួន ៤ នាក់រួចហើយ ដូចជា Ryo Fuji, Takashi Odawara, Bounphachan Bounkong និង Cristian Roque។

កីឡាករបរទេសព្រះខ័នរាជស្វាយរៀង

អ្នកចាត់ការសញ្ជាតិ ស្កុតលែនដ៍ បានបង្ហើបថា ក្លិបនឹងនាំចូលកីឡាករបរទេសថ្មីហោច​ណាស់ ២ នាក់ទៀត។ បច្ចុប្បន្នក្រុមការងារក្លិប កំពុងតែពិនិត្យយ៉ាងល្អិតល្អន់អំពីរឿងនេះ ហើយនៅសប្តាហ៍ក្រោយ ក្លិបអាចនឹងប្រកាសកីឡាករទាំងនោះជាផ្លូវការហើយ។

គួរឱ្យដឹងថា ការ​ប្រកួត​​បាល់ទាត់ជម្រើស​ជើង​ឯក​លីគ​បាល់ទាត់​កម្ពុជា រដូវ​កាល​ថ្មី ២០២៥-២៦ បាន​អនុញ្ញា​ឲ្យ​គ្រប់​ក្លិប​អាច​ចុះ​ឈ្មោះ​កីឡាករ​បរទេស​បាន​ចំនួន ៦ នាក់ ដោយ​មិន​កំណត់​​ថា​តើ​កីឡាករ​បរទេស​ទាំង​ ៦ នាក់់​នោះ​មក​ពី​តំបន់​ណា​ទេ។ ប្រការនេះ ខុសប្លែកពីរដូវកាលមុនបន្តិច ត្រង់ថា ពីមុនក្នុងចំណោមកីឡាករបរទេស ៦ នាក់ត្រូវតែមានកូតា អាស៊ាន ១ នាក់ ប៉ុន្តែរដូវកាលថ្មីនេះ នឹងមិនតម្រូវបែបនេះទៀតទេ៕

លោក Christopher Grant និងលោកឃឹម បុរី

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម