Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលលែងត្រី ១,៥ លានក្បាល ចូលបឹងទន្លេបាទី

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលែងត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង ២០​ប្រភេទ​ ប្រមាណ ១,៥​លាន​​ក្បាល ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង អណ្តើក កន្ធាយ បង្កងទឹកសាបចូលបឹងទន្លេបាទី ស្ថិតនៅក្នុងភូមិសាស្រ្តឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលែងត្រីបានធ្វើឡើងក្នុងពិធី ប្រារព្ធទិវាមច្ឆជាតិលើកទី២០ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៥។

ទិវាមច្ឆជាតិ១ កក្កដា ត្រូវ​បាន​រៀប​ចំ​ឡើ​ងជា​រៀង​រាល់​ឆ្នាំក្នុ​ងគោល​បំណង​ដើម្បីផ្សព្វផ្សាយ​និង​បំផុស​​​ស្មារ​តី​​​ឱ្យប្រជាពលរដ្ឋ​នៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល​ប្រកប​ដោយ​​​និរន្តរ​ភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធា​នា​​សន្តិសុខ​ស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជា​ពលរដ្ឋ។

ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែង​ចូល​ទៅ​ក្នុងដែនទឹកធម្មជាតិ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រសាសន៍ថា ជលផលគឺជាអនុវិស័យធំទី២ បន្ទាប់ពី​អនុវិស័យដំណាំ ជាមួយនឹងការរួមចំណែក ២០%ក្នុងវិស័យកសិកម្ម។

ក្រសួងកសិកម្ម យកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកប​ដោយ​​និរន្តរភាព ដោយរក្សាតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។

ក្នុងឆ្នាំ២០២៤ កម្ពុជាសម្រេចបានផលនេសាទទឹកសាបជិត ៤៧ម៉ឺនតោន កើនឡើង៩,៥% ធៀប​នឹង​ឆ្នាំ២០២៣ ដែលសបញ្ជាក់ឱ្យឃើញពីប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអភរិក្សរបស់រដ្ឋបាល​ជលផល ដោយមានការចូលរួមគាំទ្រយ៉ាងសកម្មពីក្រសួង-ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ជាពិ​សេស​​អាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដែលមាន​លក្ខណៈ​បំផ្លិច​បំផ្លាញធ្ងន់ធ្ងរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ក្នុងវិស័យកសិកម្ម រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពខ្ពស់ ដើម្បីធានាសន្តិសុខស្បៀង លើក​កម្ពស់ ជីវភាពប្រជាពលរដ្ឋ ​និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាតុល្យភាពរវាងការអភិរក្ស និងការ​អភិវឌ្ឍ។

សម្ដេចធិបតី ហ៊ុន ម៉ាណែតបញ្ជាក់ថា៖ «តាមរ​យៈ​ការអនុវត្តនូវគោលនយោបាយដែល​បានដាក់​ចេញ​ក្នុងស្មារតីបុរេសកម្ម និងប្រកបដោយ​ប្រសិទ្ធភាព វិស័យ​កសិ​កម្ម​ក​ម្ពុជា​បន្តរក្សាបាននូវ​ភាព​រឹងមាំ មានភាពធន់ និងរួ​មចំណែកយ៉ាងសំខាន់ក្នុងកា​របន្ធូរបន្ថយ​ផល​ប៉ះពាល់​​ជា​អវិជ្ជ​មាន​មក​លើ​សេដ្ឋ​​កិច្ច​កម្ពុជា ជាពិសេស បញ្ចៀសបាននូវវិបត្តិស្បៀង​អាហារ និងកង្វះ​អាហា​រូបត្ថម្ភ ព្រម​ទាំងចូលរួម​កា​ត់​ប​ន្ថ​យអ​តិ​ផរណាតម្លៃស្បៀងក្នុងប្រទេស ទោះបីកម្ពុជាជួបបញ្ហាគ្រោះធម្មជាតិ​​ជាច្រើនលើក ហើយ​ពិភព​លោក​ជួប​ប្រទះ​វិបត្តិ​សកលជា​បន្ត​បន្ទាប់ក្តី»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម