ព័ត៌មានជាតិ
សម្តេចធិបតី បំផុសស្មារតីឱ្យមានការចិញ្ចឹមត្រី ធានាសន្តិសុខស្បៀង ខណៈត្រីធម្មជាតិថយចុះ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់អ្នកនេសាទ និងពលរដ្ឋគ្រប់រូបចិញ្ចឹមត្រីឱ្យបានច្រើនទូទាំងប្រទេស ដើម្បីធានានូវសន្តិសុខស្បៀង និងការហូបចុករបស់ប្រជាពលរដ្ឋក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ខណៈត្រីលក្ខណៈធម្មជាតិបន្តថយចុះ ដោយសារកត្តាប្រែប្រួលអាកាសធាតុ។

នាឱកាស អញ្ជើញជាអធិបតី “ទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅបឹងធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម” សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក់ព័ន្ធទៅនឹងវារីវប្បកម្ម ការប្រើប្រាស់ និងការផ្គត់ផ្គង់ត្រីជាលក្ខណៈធម្មជាតិ គឺយើងមិនអាចធានាបានដូច ៣០ ឬ ៤០ ឆ្នាំមុនទេ ដោយសារទឹកគោក រាក់ នៃបឹងទន្លេមួយចំនួន ដូច្នេះទាមទារឱ្យមានការបំពេញបន្ថែមតាមរយៈការជំរុញឱ្យមានការចិញ្ចឹមត្រីបន្ថែម ។
សម្តេចបន្ថែមថា៖« ហើយ ទិវាមច្ឆជាតិ ដើម្បីបំផុសនូវចលនាចិញ្ចឹមត្រីឱ្យបានច្រើនទូទាំងប្រទេស ដើម្បីធានានូវសន្តិសុខស្បៀង និងការហូបចុករបស់ប្រជាពលរដ្ឋឱ្យកាន់តែកើន។ សូមបន្តលើកទឹកចិត្តពលរដ្ឋគ្រប់រូប នៅក្នុងការចូលរួមនៅវិស័យវារីវប្បកម្ម ទាំងការចិញ្ចឹមត្រី ចិញ្ចឹមអណ្តើក កង្កែប ទាំងការចិញ្ចឹមនៅក្នុងទឹកប្រៃ ទឹកសាប ដើម្បីដោះស្រាយបញ្ហា និងការចិញ្ចឹមជីវភាពរបស់អ្នកនេសាទ»។

ជាមួយគ្នានេះ សម្តេចធិបតី ជំរុញក្រសួងកសិកម្ម បន្តយកការយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវប្រភពត្រី ការភ្ញាស់ ការអភិរក្ស ការចែកចាយ និងការលែងត្រីបន្តទៀត។ សម្តេចថ្លែងថា៖«សូមកុំឱ្យការព្រលែងត្រីនេះ មានមួយឆ្នាំម្តង ត្រូវព្រលែងរហូតបើអាចធ្វើបាន»។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជានេសាទ ដែលបានចូលរួមអភិរក្សត្រីកម្រ និងត្រីខ្លះជិតផុតពូជ តាមរយៈការលែងត្រីទាំងនោះចូលទឹកវិញ គឺជាការគិតពីផលប្រយោជន៍រួម ដែលសកម្មភាពនេះគឺជាកិច្ចការសំខាន់។
ពាក់ព័ន្ធនឹងការងារគ្រប់គ្រង និងអភិរក្សធនធានជលផល លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ក្រសួងបាននិងកំពុងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់លើបទល្មើសនេសាទ និងការផលិតចែកចាយឧបករណ៍នេសាទដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ធនធានជលផល, ជំរុញចលនាលែងត្រីមេពូជ និងត្រីរងគ្រោះថ្នាក់ចូលក្នុងធម្មជាតិវិញ។ បន្ថែមពីនេះ ក្រសួងបានចាត់វិធានការគ្រប់គ្រងម៉ឹងម៉ាត់ក្នុងរដូវបិទនេសាទ, សាងសង់ជណ្តើរត្រីដើម្បីជួយសម្រួលដល់ការ ផ្លាស់ទីរបស់ត្រី និងសង្គ្រោះត្រីមេពូជនៅតាមកន្លែងអភិរក្សដែលរីងស្ងួតនៅរដូវប្រាំងដោយសារអាកាសធាតុឡើងកម្ដៅខ្លាំង និងអូសបន្លាយពេលយូរដោយបានធ្វើការស្តារ បូមទឹកបញ្ចូល ឬជីកប្រឡាយបង្ហូរទឹកចូល។

លោកបន្តថា ៖«ចាប់ពីឆ្នាំ ២០២០ មកយើងបានលែងត្រីមេពូជចំនួន ២១ ៣៦៣ ក្បាលរួមមាន បបែលទឹកសាប ត្រីរាជ ត្រីគល់រាំង ត្រីប្រាធំ និងត្រីក្រហមជាដើម ចូលក្នុងធម្មជាតិវិញ ដោយមានកិបស្លាកភ្ជាប់ប្រព័ន្ធតាមដាន ដើម្បីសិក្សាអំពីបម្លាស់ទីរបស់មច្ឆជាតិទាំងនោះ។
យោងរបាយការណ៍ក្រសួងកសិកម្ម បានកត់សម្គាល់ថា មានការកើនឡើងនៃផលចាប់ត្រីទឹកសាបក្នុងអត្រាប្រមាណ៥% ធៀបនឹងឆ្នាំ២០២២កន្លងទៅ ដែលធ្វើឱ្យបរិមាណត្រីទឹកសាបប្រមូលបានក្នុងឆ្នាំ២០២៣ កើនដល់ជាង ៤២៦ពាន់តោន ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់នូវលទ្ធផលនៃការពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ក្នុងរដូវបិទនេសាទ ដោយចាត់វិធានការគ្រប់គ្រងម៉ត់ចត់ និងការយល់ដឹងកាន់តែប្រសើរជាងមុនរបស់បងប្អូន ប្រជានេសាទយើងអំពីនិរន្តរភាពធនធានជលផល។

ក្នុងឆ្នាំ២០២៣នេះដែរ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រជានេសាទតាមសហគមន៍មានស្មារតីភ្ញាក់រឭកខ្ពស់ និងបានស្ម័គ្រចិត្តលែងក្តាមសេះមានពងក្រៅចំនួនជាង ៥៦ ០០០ក្បាល និងវារីសត្វសមុទ្រដទៃទៀតទៅក្នុងធម្មជាតិវិញ ដើម្បីធានានិរន្តរភាពធនធានជលផលសមុទ្រ។
ជាមួយគ្នានេះ ក៏សង្កេតឃើញមានវត្តមានសត្វសមុទ្រកម្រកាន់តែច្រើនជាងមុនផងដែរ នៅក្នុងដែនសមុទ្រកម្ពុជា ដូចជា ផ្សោតសមុទ្រ ជ្រូកទឹក អណ្ដើកសមុទ្រ និងស្តេចសេះសមុទ្រជាដើម៕
អត្ថបទ៖ ឡាយ សាមាន

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?