Connect with us

ព័ត៌មានអន្ដរជាតិ

ជន​ជាតិ​មីយ៉ាន់ម៉ា​នៅ​ប្រទេស​ថៃ កំពុង​ប្រឈម​នឹង​ការរំលោភបំពាន

បានផុស

នៅ

របាយការណ៍ថ្មីមួយរបស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) ដែលមានចំណងជើងថា «ខ្ញុំមិនមានអារម្មណ៍សុវត្ថិភាពទេ» បានលាតត្រដាងអំពីការរំលោភបំពាន ការភ័យខ្លាច និងការដាក់កំហិតផ្លូវច្បាប់ ដែលប្រជាជនមីយ៉ាន់ម៉ាប្រឈមមុខនៅក្នុងប្រទេសថៃ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០២១​ ក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Mizzima News នៅថ្ងៃទី១៥ខែកក្កដា។

ជនជាតិមីយ៉ាន់ម៉ា តម្រង់ជួរនៅខាងក្រៅស្ថានទូតថៃដើម្បីស្នើសុំសុំទិដ្ឋាការ​  (រូបភាព៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍នេះបានប៉ាន់ប្រមាណថាប្រជាជនមីយ៉ាន់ម៉ាជាង ៤ លាននាក់ឥឡូវនេះរស់នៅក្នុងប្រទេសថៃដោយជិតពាក់កណ្តាលដែលគ្មានឯកសារស្របច្បាប់នោះទេ។ ពួកគេភាគច្រើនត្រូវបានចាត់ទុកថាជាជនភៀសខ្លួននៅក្រោមច្បាប់អន្តរជាតិ ប៉ុន្តែពួកគេនៅតែប្រឈមមុខនឹងហានិភ័យប្រចាំថ្ងៃនដូចជាការចាប់ខ្លួន បញ្ជូនត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ា ឬបង្ខំឱ្យបង់ប្រាក់សំណូកដល់ប៉ូលិស និងមេខ្យល់ថៃ ជាពិសេសនៅតាមទីក្រុងព្រំដែនដូចជានៅ Mae Sot ។

ប្រទេសថៃមិនមានប្រព័ន្ធត្រឹមត្រូវក្នុងការការពារជនភៀសខ្លួនទេ ព្រោះវាមិនបានចុះហត្ថលេខាលើអនុសញ្ញាជនភៀសខ្លួនឆ្នាំ ១៩៥១។ នៅឆ្នាំ ២០២៣​ ប្រទេសថៃបានចាប់ផ្តើមប្រព័ន្ធមួយដើម្បីពិនិត្យមើលថាតើអ្នកណាត្រូវការការការពារ ប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្សនិយាយថា ថៃមិនបានជួយមនុស្សភាគច្រើនមកពីមីយ៉ាន់ម៉ានោះទេ។ ជាលទ្ធផល ប្រជាជនមីយ៉ាន់ម៉ាច្រើនតែមិនអាចទទួលបានការថែទាំសុខភាព ការទៅសាលារៀន ឬស្វែងរកការងារស្របច្បាប់។

ពលរដ្ឋមីយ៉ាន់ម៉ាអង្គុយក្រោមការយាមរបស់ប៉ូលិសក្នុងស្រុក Sangkhla Buri ខេត្ត Kanchanaburi បន្ទាប់ពីឆ្លងចូលថៃ។ (រូបភាព៖ Bangkok Post)

របាយការណ៍នេះពន្យល់ថា ជនចំណាកស្រុកជាច្រើនត្រូវបង់ប្រាក់សំណូក ឬទិញ «កាតប៉ូលិស» ក្លែងក្លាយ ដើម្បីជៀសវាងការចាប់ខ្លួន ប៉ុន្តែ​ទោះ​បង់​ប្រាក់​រួច​ក៏​នៅ​តែ​អាច​ចាប់​បញ្ជូន​ទៅ​មីយ៉ាន់ម៉ា​វិញ។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​កំពុង​ស្នើ​ឲ្យ​ប្រទេស​ថៃ​បញ្ឈប់​ការ​បញ្ជូន​មនុស្ស​ត្រឡប់​មក​វិញ និង​បង្កើត​ការ​ការពារ​កាន់​តែ​ប្រសើរ​ដែល​អនុវត្ត​តាម​ច្បាប់​ជនភៀសខ្លួន​អន្តរជាតិ។

ដោយសារតែពើហិង្សា និងការផ្លាស់ទីលំនៅនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែបន្ត អង្គការ HRW សង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ប្រទេសថៃក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់អ្នកដែលភៀសខ្លួនឆ្លងកាត់ព្រំដែនរបស់ថៃ៕

ជនជាតិមីយ៉ាន់ម៉ាបានធ្វើដំណើរឆ្លងកាត់ទន្លេ Moei ចូលទៅក្នុងប្រទេសថៃ ដើម្បីស្វែងរកការជ្រកកោនពីអំពើហិង្សា និងជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ (រូបភាព៖ Bangkok Post)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម