ព័ត៌មានអន្ដរជាតិ
AI និងព័ត៌មានមិនពិតធ្វើឲ្យនយោបាយហ្វីលីពីនកាន់តែវឹកវរ
ប្រទេសហ្វីលីពីនកំពុងមានការកើនឡើងយ៉ាងខ្លាំងនៃព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយ AI ខណៈដែលការប្រកួតប្រជែងខាងនយោបាយរវាងអតីតប្រធានាធិបតី Rodrigo Duterte និងប្រធានាធិបតីបច្ចុប្បន្ន Ferdinand Marcos Jr. កាន់តែក្តៅគគុក។

បន្ទាប់ពីអតីតប្រធានាធិបតី Rodrigo Duterte ត្រូវបានចាប់ខ្លួនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីខែមីនា ពីបទឧក្រិដ្ឋកម្មជុំវិញអំពើហិង្សាបង្រ្កាបគ្រឿងញៀន គ្រួសារជនរងគ្រោះជាច្រើនបានចាប់ផ្តើមប្រឈមមុខនឹងរលកថ្មីនៃការវាយប្រហារតាមអ៊ីនធឺណិត។ ម្នាក់ក្នុងចំណោមពួកគេមាន Sheerah Escuerdo ដែលបានបាត់បង់ប្អូនប្រុសអាយុ ១៨ ឆ្នាំរបស់នាងឈ្មោះ Ephraim ក្នុងការបង្ក្រាបគ្រឿងញៀនរបស់លោក Duterte។ នាងធ្លាប់បាននិយាយជាសាធារណៈក្នុងបទសម្ភាសតាមទូរទស្សន៍ដោយអំពាវនាវរកយុត្តិធម៌។
ថ្មីៗនេះ Sheerah មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញវីដេអូក្លែងក្លាយនៅលើ Facebook បង្ហាញពីរូបរាងដូចបងប្រុសរបស់នាង ដែលអះអាងថាគេនៅមានជីវិត ហើយចោទប្រកាន់នាងថានិយាយកុហកដើម្បីចង់បានប្រាក់។ វីដេអូនេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា AI ហើយត្រូវបានចែករំលែកដោយអ្នកមានឥទ្ធិពលគាំទ្រលោក Duterte ជាមួយនឹងអ្នកតាមដានរាប់ពាន់នាក់។ វីដេអូបានរីករាលដាលយ៉ាងឆាប់រហ័ស ហើយមនុស្សជាច្រើនបានចាប់ផ្តើមបង្ហោះមតិស្អប់ខ្ពើមលើអ៊ីនធឺណិត ដោយចោទប្រកាន់ Sheerah និងក្រុមគ្រួសារជនរងគ្រោះថាបានភូតកុហក។
ព័ត៌មានមិនពិតប្រភេទនេះប្រើប្រាស់ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះអ្នកដែលកំពុងនិយាយប្រឆាំងនឹងសកម្មភាពរបស់លោក Duterte ។ គ្រួសារជនរងគ្រោះផ្សេងទៀត និងអ្នកផ្សេងទៀតដែលគាំទ្រការស៊ើបអង្កេតរបស់ ICC ក៏ប្រឈមនឹងការវាយប្រហារតាមអ៊ីនធឺណិតស្រដៀងគ្នានេះដែរ ដោយគោលដៅគឺដើម្បីបំភ័យប្រជាជនឲ្យនៅស្ងៀម ហើយបញ្ឈប់ពួកគេពីការទាមទារយុត្តិធម៌។
យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ភាគច្រើនបង្កើតឡើងដោយអ្នកគាំទ្រ Duterte មានគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះអ្នករិះគន់ និង ICC និងការពារកូនស្រីរបស់លោក Duterte គឺអនុប្រធានាធិបតី Sara Duterte ពីការចោទប្រកាន់កាន់តែខ្លាំងឡើង។

អ្នកជំនាញ បាននិយាយថា AI ឥឡូវនេះត្រូវបានប្រើប្រាស់មិនត្រឹមតែដើម្បីបង្កើតវីដេអូ និងរូបភាពក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសិក្សាពីនិន្នាការនយោបាយ និងជួយបង្កើតការឃោសនាផងដែរ។ ទោះបីជារដ្ឋាភិបាលបានព្យាយាមគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់ AI ខុសក៏ដោយ ក៏មនុស្សជាច្រើននៅតែមានការព្រួយបារម្ភ។ ការស្ទង់មតិបង្ហាញថា ប្រជាជនហ្វីលីពីនភាគច្រើនចង់បានទាំងលោក Rodrigo Duterte និងកូនស្រីអនុប្រធានាធិបតី Sara Duterte ប្រឈមមុខនឹងយុត្តិធម៌។
ជាមួយនឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០២៥ នឹងមកដល់ឆាប់ៗនេះ ព័ត៌មានមិនពិតកំពុងរីករាលដាលកាន់តែខ្លាំង និងមានឥទ្ធិពលឲ្យមនុស្សជឿ។ ក្នុងពេលជាមួយគ្នានេះ មានចម្ងល់ជាច្រើនដែល AI គួរតែត្រូវបានប្រើប្រាស់ក្នុងនយោបាយ និងថាតើវាត្រូវបានប្រើដោយយុត្តិធម៌ និងត្រឹមត្រូវដែរឬទេ៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ