ព័ត៌មានអន្ដរជាតិ
រដ្ឋមន្រ្តីការបរទេសសិង្ហបុរី អះអាងថា ការប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជា-ថៃ គឺជាបញ្ហារបស់អាស៊ានទាំងមូល!
លោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសសិង្ហបុរី បានអះអាងថា ការប៉ះទង្គិះគ្នាដោយអាវុធរវាងកម្ពុជា និងថៃ កាលពីពេលថ្មីៗនេះ មិនមែនត្រឹមតែជាបញ្ហាសម្រាប់សន្តិភាពនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាបញ្ហាពាក់ព័ន្ធទៅនឹងជំនឿទុកចិត្តរបស់អាស៊ានផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាសិង្ហបុរី Straitstimes នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ នេះ។

បើតាមលោករដ្ឋមន្រ្តីការបរទេសសិង្ហបុរី Vivian Balakrishnan បញ្ហាជម្លោះទឹកដីនេះ បានលើកឡើងជាសំណួរជាច្រើនពាក់ព័ន្ធទៅនឹងសមត្ថភាពរបស់អាស៊ានក្នុងការការពារ និងការគ្រប់គ្រងលើវិបត្តិផ្សេងៗ ដោយលោកបានបញ្ជាក់ថា បញ្ហាជម្លោះនេះ មែនទែនទៅ មិនមែនជារឿងថ្មីទេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ សម្រាប់លោក Vivian Balakrishnan នៅពេលដែលបញ្ហាជម្លោះកើតឡើង វាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការបរាជ័យក្នុងការដឹកនាំ ក៏ដូចជា ការធ្វើទំនាក់ទំនងផ្នែកការទូត។
ថ្លែងនៅក្នុងវេទិកាអាស៊ី និងអាស៊ានលើទី១៧ ដែលរៀបចំឡើងដោយវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ លោករដ្ឋមន្រ្តីការបរទេសសិង្ហបុរី បានចាត់ទុកការប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃ ជាការបញ្ហាដ៏ធ្ងន់ធ្ងរមួយសម្រាប់ក្រុមប្រទេសសមាជិកអាស៊ានទាំងអស់។ នៅចំពោះមុខក្រុមអ្នកកាទូត ក្រុមបញ្ញវន្ត និងអ្នកជំនួញប្រមាណ៣០០នាក់ លោក Vivian Balakrishnan បានលើកឡើងថា៖« កុំព្យាយាមទៅបិទបាំងការពិត។ វា គឺជាបញ្ហាមួយ ជាបញ្ហាដ៏ធំមួយ មិនមែនគ្រាន់តែជាបញ្ហានៃសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់នោះទេ ប៉ុន្តែ វាជារឿងពាក់ព័ន្ធនឹងភាពជឿជាក់គ្នានៅក្នុងអាស៊ាន»។

លោករដ្ឋមន្រ្តីការបរទេសសិង្ហបុរី ក៏បានកត់សម្គាល់ផងដែរថា ប្រទេសជាច្រើនៅក្នុងតំបន់នេះ បានរួមរស់ជាមួយគ្នាជាមួយជម្លោះទឹកដីដែលមិនទាន់បានដោះស្រាយគ្នាដាច់ស្រេច។ ប៉ុន្តែ វាមិនមែនមានន័យថា ត្រូវតែដោះស្រាយដោយការប្រយុទ្ធគ្នានោះទេ ហើយជាការពិតណាស់ ការប្រយុទ្ធគ្នា វាតែងតែកើតឡើង ព្រោះតែការបរាជ័យផ្នែកការទូត និងអាចនិយាយបានមួយបែបទៀតថា មានបញ្ហាស្មុគស្មាញនៅក្នុងការដឹកនាំក្នុងប្រទេសនីមួយៗ។ សម្រាប់លោក Vivian Balakrishnan ដំណោះស្រាយនៃបញ្ហានេះ គឺថាប្រទេសនីមួយៗដំបូងបំផុត ត្រូវដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនឱ្យបានល្អសិន ដែលវា គឺជាចំណុចសំខាន់ ពីព្រោះថា ទាល់តែដោះស្រាយបញ្ហានៅក្នុងប្រទេសរបស់ខ្លួនឱ្យរួចសិន ទើបការធ្វើទំនាក់ទំនងនយោបាយការបរទេសមានភាពរឹងមាំ និងមានប្រសិទ្ធភាព។

ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសសិង្ហបុរីនៅពេលនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជា-ថៃ សម្រេចបានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងប្រទេសម៉ាឡេស៊ី ក្រោយកងទ័ពកម្ពុជា និងថៃបានប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ ដោយកងទ័ពថៃបានបើកការបាញ់ប្រហារឈ្លានពានចូលទឹកដីកម្ពុជា។ ក្រោយបទឈប់បាញ់ចូលជាធរមាននៅម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពកម្ពុជា បានគោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត។ ផ្ទុយទៅវិញ កងទ័ពថៃ បានរំលោភបំពានចាប់តាំងពីថ្ងៃទី១នៃបទឈប់បាញ់ចាប់ផ្តើមអនុវត្ត ពោល គឺនៅព្រឹកថ្ងៃទី២៩ ខែកក្កដា កងទ័ពថៃបានរុលចូលមកក្នុងទឹកដីកម្ពុជាបាញ់ប្រហារមកលើកងទ័ពកម្ពុជា និងបានប្រើល្បិចកលចាប់ពង្រត់កងទ័ពកម្ពុជាជាង២០នាក់។ មកដល់ពេលនេះ ថៃបានបញ្ជូនសាកសពទាហានកម្ពុជា១រូប និងបន្តមកទៀតបានបញ្ជូនទាហានកម្ពុជា២រូបដែលរងរបួសយ៉ាងធ្ងន់ធ្ងរមកកម្ពុជាវិញ ខណៈនៅបន្តឃុំខ្លួនទាហានកម្ពុជាចំនួន១៨រូបទៀត។

ដោយឡែក នៅថ្មីៗនេះ កងទាហានថៃ បានសម្រុកចូលតំបន់អានសេះ ដោយបានរាយបន្លាលួស និងយកគ្រឿងចក្រធុនធ្ងន់មកឈូសឆាយធ្វើលេណដ្ឋាននៅក្នុងទឹកដីកម្ពុជា។ តំបន់អានសេះនេះ គឺស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា និងត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងទ័ពកម្ពុជាក្រោយពីបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមាននៅម៉ោង១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក។ ហេតុដូច្នេះហើយ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ទង្វើរបស់កងទាហានថៃនេះ គឺជាសកម្មភាពដ៏គឃ្លើនដែលរំលោភលើបទឈប់បាញ់ និងរំលោភបំពានបូរណភាពទឹកដីកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


