Connect with us

ព័ត៌មានជាតិ

អាមេរិក ចង់ឱ្យថៃ និងកម្ពុជាគោរពបានពេញលេញបទឈប់បាញ់ ខណៈចិនប្រកាសបន្តត្រៀមខ្លួនជួយដោះស្រាយដោយសន្តិវិធី

បានផុស

នៅ

សហរដ្ឋអាមេរិក និងចិន បានប្រកាសស្វាគមន៍នូវលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។ ជាមួយនឹងការស្វាគមន៍ រដ្ឋាភិបាលអាមេរិកចង់ឱ្យភាគីថៃ និងកម្ពុជា គោរពបានឱ្យពេញលេញនូវបទឈប់បាញ់ ខណៈរដ្ឋាភិបាលចិនវិញ បានប្រកាសបន្តត្រៀមជានិច្ចក្នុងការចូលខ្លួនជួយសម្របសម្រួលដោះជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋអាមេរិក ប្រកាសស្វាគមន៍កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ។ នេះ គឺជាការថ្លែងបញ្ជាក់របស់លោក Tommy Pigott អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក ហើយលោកបានចាត់ទុកកិច្ចប្រជុំនេះថា ជាជំហានដំបូងប្រកបដោយការស្ថាបនាក្នុងការរៀបចំបទឈប់បាញ់កម្ពុជា-ថៃ។ អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក បានបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥។ លោក Tommy Pigott អះអាងថា៖ «លោកប្រធានាធិបតី Donald J. Trump និងលោករដ្ឋមន្ត្រីការបរទេស Rubio អំពាវនាវឱ្យរដ្ឋាភិបាលទាំងពីរគោរពឱ្យបានពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេ និងបន្តសន្តិភាពយូរអង្វែង»។

មិនខុសពីអាមេរិកដែរ ប្រទេសចិនឯណោះវិញ ក៏បានប្រកាសស្វាគមន៍នូវលទ្ធផលដែលសម្រេចបានពីកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នេះ។ ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតនៅក្នុងសនិ្នសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានបន្តថយចុះនូវភាពតានតឹង ដែលនេះបង្ហាញយ៉ាងច្បាស់ថា កិច្ចសន្ទនា និងការពិភាក្សាគ្នា គឺជាផ្លូវដ៏ត្រឹមត្រូវក្នុងការដោះស្រាយជម្លោះ។

លោក Guo Jiakun បានគូសបញ្ជាក់ថា ៖«ប្រទេសចិនប្រកាន់ជំហរតម្លាភាព និងយុត្តិធម៌ ហើយគាំទ្រកម្ពុជា និងថៃ ក្នុងការបង្កើនទំនាក់ទំនងជាមួយគ្នា និងដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ គាំទ្រការជំរុញឱ្យមានដំណោះស្រាយនយោបាយតាមមាគ៌ាអាស៊ាន និងត្រៀមខ្លួនជាស្រេចក្នុងការបន្តដើរតួនាទីស្ថាបនា ដើម្បីដោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ»។

កាលពីថ្ងៃទី០៧ ខែសីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងថៃ ព្រមទាំង ថ្នាក់ដឹកនាំយោធានៃប្រទេសទាំង២ បានជួបប្រជុំគ្នានៅក្នុងក្របខណ្ឌកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នៅក្នុងប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះ មានការចូលរួមសង្កេតការណ៍ពីតំណាងប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន។ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) សម្រេចបាននូវកិច្ចព្រមព្រៀងឯកភាពគ្នាដល់ទៅ១៣ចំណុចលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្តជាក់ស្តែង។

A general view during the Extraordinary General Border Committee (GBC) to discuss their border dispute between Thailand and Cambodia in Kuala Lumpur, Malaysia August 7, 2025. REUTERS/Hasnoor Hussain/Pool

សហរដ្ឋអាមេរិក និងចិន បានប្រកាសបន្តគាំទ្របទឈប់បាញ់ ព្រមទាំង គាំទ្រជាភស្តុភាកម្ម សម្ភារបច្ចេកទេសសំខាន់ៗ និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើការអនុវត្តបទឈប់បាញ់ដោយភាគីកម្ពុជា និងថៃ។ ចំណែក ប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តរូវេនអាស៊ាននៅឆ្នាំនេះវិញ ក៏បានប្រកាសថា នឹងបន្តដើរតួនាទីជាអ្នកសម្របសម្រួលដោះស្រាយជម្លោះកម្ពុជា-ថៃ ទៅតាមការឯកភាពដោយភាគីទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម