Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសថាពិបាក​កសាង​ទំនុក​ចិត្ត​ឡើង​វិញជាមួយ​ថៃ

បានផុស

នៅ

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើក​ឡើង​ថា​ឧបសគ្គ​ចម្បង​នៃ​ទំនាក់ទំនង​ជាមួយ​ថៃឡើង​វិញ​ពេល​នេះ​គឺទំនុក​ចិត្ត ខណៈ​លោក​ស្វាគមន៍​ការ​រួមចំណែក​របស់​ចិន​ក្នុង​ការសម្របសម្រួល​ទំនាក់ទំនង​នេះឡើង​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយ​ទៅ​នឹងសំណួរ​អ្នក​យក​ព័ត៌មាន Phoenix TV ក្នុង​ពេលដែល​លោក​មាន​វត្តមាន​នៅ​ប្រទេស​ចិន​ដើម្បី​ប្រជុំមេគង្គ-ឡានឆាង នៅប្រទេស​ចិន ដែល​សួរ​ថា​​ អ្វី​ដែល​អ្នក​គិត​ថា​ជា​ឧបសគ្គ​ចម្បង​នៃ​ការ​បង្កើន​ការ​ទុក​ចិត្ត​ជាមួយ​ប្រទេស​ថៃ? លោក​ ប្រាក់ សុខុន ឆ្លើយថា៖ «ឧបសគ្គចម្បងនោះ​គឺ​ការ​ចាប់​ផ្ដើម​កសាង​ទំនុក​ចិត្ត​»។

ជាមួយ​គ្នា​នេះ​លោក​ស្វាគមន៍ការ​រួម​ចំណែក​របស់​ប្រទេស​ចិន​ក្នុង​ការ​សម្របសម្រួលឱ្យទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ត្រលប់មក​ប្រក្រតីភាព​ឡើង​វិញផងដែរ។

លោក​ថា៖ «យើង​ស្វាគមន៍​ការ​រួម​ចំណែក​យ៉ាង​សកម្ម​របស់​ចិន​ក្នុង​ការ​សម្របសម្រួល​ប្រក្រតីភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​ទ្វេភាគីប្រទេសយើង​ទាំង​ពី​។ យើង​កោតសរសេរដល់​តួនាទី​ចិន​ក្នុង​កិច្ចការ​នេះ»។

រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ និង​ថៃ​បាន​ជួប​ពិភាក្សាគ្នាដោយ​មាន​ការ​សម្របសម្រួល​ពី​ប្រទេស​កាលពី​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២៥ នៅទីក្រុង​អាននឹង ខេត្ត​យូណាន ប្រទេសចិន។ ដោយ​ក្នុង​នោះ​បើ​តាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​ក្រសួងការបរទេស «កិច្ចពិភាក្សា​នោះ​បាន​ធ្វើ​ឡើង​ប្រកប​ដោយ​ស្មារតី​បើក​ចំហ ស្មោះ​ត្រង់ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​ផ្ដល់​នូវ​វេទិកា​ស្ថាបនា​មួយ​ដើម្បី​ដោះស្រាយ​ស្ថាន​ការណ៍​ព្រំដែន​ដែល​កំពុង​វិវត្ត៍​រវាង​កម្ពុជា និង​ថៃ»។

គួរឱ្យ​ដឹង​ផងដែរ​ថា​ទោះ​បី​ជាសម្រេច​បាន​នូវ​បទ​ឈប់​បាញ់​តែ​ទាហាន​ថៃ​បាន​បន្តបំពាន​ជា​បន្តបន្ទាប់មក​លើ​អធិបតេយ្យភាព​កម្ពុជា​ ដោយ​មាន​ទាំង​ការដើល្បាត​ជាន់​មីន​នៅ​ដី​ខ្មែរ រាយ​បន្លាលួស ព័ទ្ធ​យក​ផ្ទះ​ពលរដ្ឋ​ខ្មែរជា​ដើម​។

ក្នុង​កិច្ច​ប្រជុំ RBC នៅព្រឹក​ថ្ងៃទី​១៦ ខែ​សីហា នេះ​ដែល​ធ្វើ​នៅខេត្ត​ត្រាតប្រទេស​ថៃ មេបញ្ជាការ​ភូមិ​ភាគ​ទី​៣កម្ពុជាលោក ឧត្តម​សេនីយ៍ទោ អ៊ុយ ហៀង បាន​ប្រាប់​ទៅ​ថៃ​ថាសកម្មភាព​របស់​ថៃ​ដែល​បាន​ចូល​មក​រាយ​បន្លា​លួស និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធដែល​មាន​ស្រាប់ ពិសេស​លំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ ឬ​មិន​ពិត​ពី​ប្រទេស​ថៃ​កំពុង​តែ​បំផ្លាញ​ទំនុក​ចិត្ត​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​បង្កើ​ត​បរិយាកាស​រក្សា​ស្ថរិភាព និង​សន្ដិភាព​ជាមួយ​កម្ពុជា។

ប្រធានវិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា លោកបណ្ឌិត​ គិន ភា បានលើក​ឡើង​ក្នុង​វេទិកា​អ្នក​ជំនាញ​កម្ពុជា​ថ្មី​កាលពីថ្ងៃទី​៩ ខែ​សីហា កន្លង​ទៅ​ថា ពិបាក​ក្នុង​ការ​និយាយ​ថា​ពេល​ណា​ដែល​កម្ពុជា​និង​ថៃ​អាច​ទុក​ចិត្ត​គ្នា​ឡើង​វិញ​ណាស់​ នៅពេល​ដែល​ស្ថានភាព​ព្រំដែន​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ដូចបច្ចុប្បន្ន​នេះ។ លោក​មើល​ឃើញ​ដំណោះស្រាយមួយ​ចំនួន​ដែល​អាច​នាំ​ឱ្យ​ប្រទេសទាំង​ពីរអាច​ស្ដារទំនាក់ទំនង​ការ​ទុកចិត្ត​គ្នា​ឡើង​វិញ​បាន​នោះគឺ​ការ​គោរពបទ​ឈប់បាញ់ បញ្ឈប់​ស្នូរ​កាំភ្លើង បើក​ព្រំដែន​ឡើង​វិញ ប្រក្រតីកម្មនៃ​ទំនាក់ទំនង​ការទូត រៀបចំ​យន្ត​ការ​ដើម្បី​លើក​កំពស់​ទំនាក់ទំនង និងអ្វីដែលសំខាន់ជាង​គេ​នោះគឺ​​រៀបចំ​ការ​បោះបង្គោល​ព្រំដែនរវាង​ប្រទេសទាំង​ពីរ​ដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀង​​ឱ្យបាន​រួចរាល់៕

បណ្ឌិត គិន ភា

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម