សេដ្ឋកិច្ច
ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង ៣៨ ម៉ឺននាក់ក្នុងរយៈពេល ៧ ខែ កន្លងមកនេះ
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានគូសបញ្ជាក់ឱ្យដឹងថា នៅក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ២០២៥ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង ៣៨ ម៉ឺននាក់ (៣៨៧,៩០២នាក់) ដែលបានទៅទស្សនានៅតាមទីតាំងទេសចរណ៍នានាក្នុងខេត្ត។

ថ្លែងមកកាន់ «កម្ពុជាថ្មី» នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ លោក ហម អរុណ បានឱ្យដឹងថា រយៈពេល ៧ ខែ នៃដើមឆ្នាំ២០២៥ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង ៣៨ ម៉ឺននាក់ (៣៨៧,៩០២នាក់)។ ក្នុងនោះ ភ្ញៀវជាតិមានចំនួនជាង ៣៦ ម៉ឺននាក់ (៣៦៨,០២៩ នាក់) កើនឡើងជាង ២ ម៉ឺននាក់ (២៤,៨៣៣ នាក់) បើធៀបទៅនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ដោយឡែក ភ្ញៀវអន្តរជាតិ មាន ១៩,៨៧៣ នាក់ មានការកើនឡើងជាងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានចំនួន ១៧,៨៨២ នាក់។
ទន្ទឹមនេះ លោក ហម អរុណ ក៏បានអះអាងដែរថា ខេត្តបាត់ដំបង គឺជាខេត្តគោលដៅមួយដែលមានភាពសម្បូរបែបនៃតំបន់ដែលមានសក្ដានុពលទេសចរណ៍ ទាំងទេសចរណ៍ធម្មជាតិ កែច្នៃ វប្បធម៌ សិល្បៈ កសិ អេកូរទេសចរណ៍ ក៏ដូចជាទេសចរណ៍សាសនាចម្រុះដែលផ្តល់នូវអារម្មណ៍កម្សាន្តប្លែកៗជាច្រើនដល់ភ្ញៀវទេសចរ។

ឆ្នាំនេះ លោកសង្កេតឃើញថា ភាគច្រើនភ្ញៀវទេសចរចាប់អារម្មណ៍ខ្លាំងទៅលេងនៅស្រុកបាណន់ ដែលក្នុងនោះមានគោលដៅសំខាន់ៗដូចជា ប្រសាទបាណន់ ជើងភ្នំបាណន់ ជើងភ្នំសំពៅ ចង្អូរថ្ម ក៏ដូចជាសួនផ្កាផ្សេងៗ។ ក្រៅពីនេះ ក៏នៅមានស្រុករតនៈមណ្ឌលដែលមានគោលដៅ ដូចជា ចម្ការទុរេនអូតង ទឹកធ្លាក់ភ្នំកំពូល ស្ទឹងខ្វាក ជាដើម។
លោកថា ស្រុកសំឡូតដែលជាបេះដូងរបស់ទេសចរណ៍ធម្មជាតិរបស់ខេត្តបាត់ដំបងដែលមានភាពចម្រុះ ភាពសម្បូរបែបនៃទីតាំងទេសចរណ៍ដ៏ទាក់ទាញ ជាក់ស្តែង ដូចជា ទឹកធ្លាក់ចម្ការស្វាយ ទឹកធ្លាក់សំឡូតចាស់ ចម្ការទុរេន ស្ទឹងក្រញូង ទឹកធ្លាក់អូជាំ ព្រមទាំងទេសភាពតាមដងផ្លូវដែលបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនឱ្យទៅលេងកម្សាន្ត។ ជាពិសេស ក្នុងឆ្នាំនេះ ជាពេលវេលានៃការប្រមូលផលទុរេន ហើយការប្រមូលផលច្រើនជាងឆ្នាំមុន ដែលធ្វើឱ្យភ្ញៀវសម្រុកទៅលេងកម្សាន្តច្រើន។

បន្ថែមពីនេះ ក៏នៅមានតំបន់ឯកភ្នំ ដែលមានប្រសាទឯកភ្នំជាគោល ហើយក៏មានសិប្បកម្មដោយដៃរបស់ប្រជាពលរដ្ឋ ការផលិតសំបកណែម ការផលិតស្រាសរ តាមបែបប្រពៃណី និងការធ្វើចេក ដែលជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្ត៕
ដោយ៖ ឌិន ថារី


-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


