Connect with us

ព័ត៌មានអន្ដរជាតិ

ទំនុកចិត្តឧស្សាហកម្មថៃធ្លាក់ចុះទាបបំផុតក្នុង​រយៈ​ពេល ៣ ឆ្នាំ ជំរុញដោយជម្លោះជាមួយកម្ពុជា ​

បានផុស

នៅ

សហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយនៅថ្ងៃអង្គារនេះថា សន្ទស្សន៍​ទំនុកចិត្តឧស្សាហកម្ម​ថៃ បានបន្ត​ធ្លាក់ចុះ​ ៧ ខែ ជាប់ៗគ្នា​ កាលពីខែកក្កដា ដោយឈានដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំ​ក្រោមក្ដីព្រួយបារម្ភអំពីផលប៉ះពាល់នៃពន្ធ​គយសហរដ្ឋអាមេរិក និងជម្លោះព្រំដែនជាមួយ​កម្ពុជា ដែលរាំងស្ទះដល់ការនាំចេញរបស់ថៃ។

ទីក្រុងបាងកក នៃប្រទេសថៃ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ តួលេខ FTI ​ដែល​បាន​មក​ពីការស្ទង់មតិ​ បាន​បង្ហាញថា ​សន្ទស្សន៍​ទំនុកចិត្តឧស្សាហកម្មថៃ បានធ្លាក់ចុះដល់ ៨៦,៦ ពិន្ទុ នៅខែកក្កដា ពី ៨៧,៧ ​ពិន្ទុ នៅខែមិថុនា និង ៨៨,១ នៅខែឧសភា។​

ការស្ទង់មតិដដែល ​ធ្វើឡើងមុនពេលដែលសហរដ្ឋអាមេរិកកំណត់ពន្ធលើការនាំចូលរបស់ថៃក្នុងអត្រា ១៩ ភាគរយ​ ប៉ុន្តែអត្រា​ពន្ធ​លើ​ការ​ដឹក​ជញ្ជូន​តាម​ប្រទេស​ថៃ​ពី​ប្រទេស​ទី​៣ (Transshipping Goods) នៅ​តែ​មិន​ប្រាកដ​ប្រជា ខណៈសហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់​ថៃ ដោយ​មានចំនួនប្រមាណ ៥៥ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន។ ​

ក្រៅពីនេះ ជម្លោះព្រំដែនជាមួយ​កម្ពុជា ដែលជាទីផ្សារដ៏ធំមួយ​សម្រាប់អាជីវកម្ម​ថៃ ក៏រួមចំណែកដល់ការធ្លាក់ចុះនេះផងដែរ​ ខណៈ​ជម្លោះបាន​ប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មតាមព្រំដែន។

យោងតាមទិន្នន័យចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ​កាលពីថ្ងៃទី ១១ ខែសីហា ពាណិជ្ជកម្មកម្ពុជា-ថៃ បានបន្តធ្លាក់ចុះក្នុងខែកក្កដា ដោយ​ការនាំចូលពីថៃបាន​ធ្លាក់ចុះមកត្រឹម ១៦៦ លានដុល្លារ ពីប្រហែល​ ២៩៧,៤ លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​។ សម្រាប់រយៈពេល ៧ ខែដើមឆ្នាំ ពាណិជ្ជកម្មទ្វេភាគីសរុប មានចំនួន ២,៤ ប៊ីលាន​ដុល្លារ ដោយធ្លាក់ចុះ ០,៦ ភាគរយ ធៀបនឹង​រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ​

កន្លងមក អ្នកជំនាញថៃបាន​ព្រមានរួមមកហើយថា ជម្លោះថៃ-កម្ពុជា បង្កផលប៉ះពាល់ដល់អាជីវកម្មថៃ ជាពិសេសអាជីវកម្មពាក់ព័ន្ធ ឬមាន​ទីផ្សារនៅកម្ពុជា។

ទន្ទឹងនឹង​នោះ គ្រោះ​ទឹកជំនន់នៅភាគខាងជើងរបស់ប្រទេសថៃ និង​ការចុះខ្សោយ​នៃអំណាចទិញ​នៅថៃ ដោយសារតែបំណុលគ្រួសារខ្ពស់ ក៏រួមចំណែកដល់​ការធ្លាក់ចុះនៃ​ទំនុកចិត្តឧស្សាហកម្ម​ថៃផងដែរ ចំពេលសេដ្ឋកិច្ចមិនអំណោយផលជុំវិញភាពមិនប្រាកដប្រជាសកល និងវិបត្តិទេសចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម