Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណោម ៣ នាក់ បន្ទាប់ពីឆ្កឹះសោចូលលួចម៉ូតូតាមបន្ទប់ជួល

បានផុស

នៅ

ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​ក្រុម​បក្សពួក​ចំនួន ៣ នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ចូលទៅក្នុង​ផ្ទះជួល​មួយ​កន្លែង ហើយ​កាច់​យក​ម៉ូតូ​របស់​ជនរងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ៥០ នាទី ព្រឹក ឈាន​ចូល​ថ្ងៃ​ទី ២០ ខែ​សីហា ឆ្នាំ ២០២៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​កោង​ជិត​វត្ត​អង្គ​តា​មិញ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​មាន​ឈ្មោះ សំណាង ភេទ​ប្រុស អាយុ​ប្រហែល ១៥ ឆ្នាំ មុខរបរ​រើស​អេតចាយ ទីលំនៅ​មិន​ពិត​ប្រាកដ។ សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ម៉ាក Honda Best ពណ៌​ស ពាក់​ស្លាក​លេខ ព្រៃវែង 1X-7662 ដែល​ជា​កម្មសិទ្ធិ​របស់​ជនរងគ្រោះ។

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា មុនពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង ៣ នាក់ បាន​ដើរ​ចូលទៅ​ឆ្កឹះ​សោ​ផ្ទះជួល​មួយកន្លែង​នៅក្រោយ​វត្ត​អង្គ​តា​មិញ​។ បន្ទាប់មក ពួកគេ​បាន​យក​ខ្សែ​ចង​ទ្វារ​បន្ទប់​ជួល ហើយ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​នារី​ម្នាក់ ដែល​កំពុង​ដេកលក់​ក្នុង​បន្ទប់​ដោយ​មិន​ដឹង​ខ្លួន។

បន្ទាប់ពី​បាន​យក​ម៉ូតូ​ចេញមកក្រៅ ជនសង្ស័យ​ទាំង ៣ នាក់ បាននាំគ្នា​បណ្ដើរ​ម៉ូតូ​ចេញ​តាមផ្លូវ ប៉ុន្តែ​ចៃដន្យ​ត្រូវ​ប្រជាពលរដ្ឋ​ឃើញ ហើយ​ស្រែក​ឆោឡោ។ ដោយសារ​ភ័យខ្លាច ពួកគេ​បាន​រត់ចោល​ម៉ូតូ ដើម្បី​គេចខ្លួន ប៉ុន្តែ​ជនសង្ស័យ​ម្នាក់​ ត្រូវបាន​ប្រជាពលរដ្ឋ​ដេញ​តាម និង​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច។

ក្រោយមក កម្លាំង​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​នាំ​ជនសង្ស័យ​ទៅ​ចង្អុលបង្ហាញ​កន្លែង​កើតហេតុ និង​សួរនាំ​រក​ម្ចាស់​ម៉ូតូ។ បន្ទាប់ពី​រកឃើញ​ម្ចាស់​ម៉ូតូ​រួច សមត្ថកិច្ច​បាន​សម្របសម្រួល​ឲ្យ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោមចៅ​ទី ១ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម