ព័ត៌មានអន្ដរជាតិ
ប្រទេសជាច្រើនច្រានចោលការបោះឆ្នោតរៀបចំដោយរបបសឹកមីយ៉ាន់ម៉ា
របបសឹកមីយ៉ាន់ម៉ាបានប្រកាសផែនការរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៥ ដែលជាលើកទីមួយចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ ដករដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi។ ក្រោយការប្រកាសនេះមានប្រទេសជាច្រើនជុំវិញពិភពលោកបានចេញមុខប្រឆាំងរិះគន់ ខណៈប្រទេសមួយចំនួនគាំទ្រការបោះឆ្នោតនេះ។

ទង្វើនេះបានធ្វើឱ្យមានការថ្កោលទោសយ៉ាងទូលំទូលាយពីអន្តរជាតិ ដោយប្រទេស និងអង្គការជាច្រើនបានបដិសេធមិនទទួលស្គាល់ការបោះឆ្នោតនេះថាស្របតាមច្បាប់។ រដ្ឋាភិបាលលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ជប៉ុន បារាំង អាល្លឺម៉ង់ និងអូស្ត្រាលី បានរិះគន់របបយោធាចំពោះការរំលាយគណបក្សប្រឆាំង និងមិនរាប់បញ្ចូលមេដឹកនាំនយោបាយ ដោយពណ៌នាការបោះឆ្នោតថាមិនសេរី និងមិនយុត្តិធម៌។ បើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu អង្គការសហប្រជាជាតិក៏បានលើកឡើងពីការព្រួយបារម្ភផងដែរ ដោយជំរុញប្រទេសនានាមិនឱ្យទទួលស្គាល់ការបោះឆ្នោតដែលដឹកនាំដោយយោធាមីយ៉ាន់ម៉ានោះទេ។
ផ្ទុយទៅវិញ មហាអំណាចក្នុងតំបន់មួយចំនួន រួមទាំងចិន ឥណ្ឌា ថៃ រុស្ស៊ី និងប្រទេសជិតខាងមីយ៉ាន់ម៉ា ត្រូវបានគេរំពឹងថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយផ្តល់អាទិភាពដល់ស្ថិរភាពក្នុងតំបន់ និងអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ា។
ចំណែកអង្គការសង្គមស៊ីវិលអន្តរជាតិ និងក្រុមឃ្លាំមើលការបោះឆ្នោតក៏បានថ្កោលទោសការបោះឆ្នោតដែលបានគ្រោងទុកផងដែរ។ សហព័ន្ធសហជីពអន្តរជាតិ (ITUC) បានបរិហារការបោះឆ្នោតថាជា «ការបោកប្រាស់» ដោយបញ្ជាក់ថា មិនអាចមានការទទួលស្គាល់លទ្ធផលពីការបោះឆ្នោតដែលធ្វើឡើងក្រោមការគំរាមកំហែង ការដកខ្លួន និងការកាន់កាប់ឡើយ។ លើសពីនេះសេចក្តីថ្លែងការណ៍រួមរបស់អ្នកជំនាញការបោះឆ្នោតអន្តរជាតិ និងអង្គការនានា រួមទាំងវិទ្យាស្ថានអន្តរជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យ និងជំនួយការបោះឆ្នោត (International IDEA)បានអះអាងថា ការបោះឆ្នោតពិតប្រាកដក្នុងប្រទេសមីយ៉ាន់ម៉ា គឺមិនអាចទៅរួចទេក្រោមលក្ខខណ្ឌបច្ចុប្បន្ន ដោយលើកឡើងពីការចាប់ខ្លួន និងការឃុំខ្លួនមេដឹកនាំនយោបាយ ការរឹតបន្តឹងធ្ងន់ធ្ងរលើប្រព័ន្ធផ្សព្វផ្សាយ និងការយាយីអ្នកសារព័ត៌មាន។
ភាពខុសគ្នានៃការឆ្លើយតបទាំងនេះបង្ហាញពីទិដ្ឋភាពភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញជុំវិញប្រទេសមីយ៉ាន់ម៉ា ដោយអង្គការលោកខាងលិច និងអន្តរជាតិបានបដិសេធភាពស្របច្បាប់របស់របបយោធា ខណៈដែលរដ្ឋជិតខាងគាំទ្រផែនការរបស់ខ្លួន ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដែលកំពុងបន្តក្នុងការសម្រេចបាននូវជំហរសកលមួយស្តីពីវិបត្តិរបស់មីយ៉ាន់ម៉ា។

គួរបញ្ជាក់ថាមុនប្រកាសថ្ងៃរៀបចំការបោះឆ្នោតនេះរបបសឹកមីយ៉ាន់ម៉ាបានបញ្ចប់ជាផ្លូវការនូវការដាក់ប្រទេសក្នុងគ្រាអាសន្នដែលបានដាក់ជាលើកដំបូងតាំងពីរដ្ឋប្រហារ និងបានប្រកាសពីការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលឡើងវិញដើម្បីរៀបចំសម្រាប់ការបោះឆ្នោតខាងមុខ។
ឧត្តមសេនីយឯក មីន អ៊ុងឡាំង(Min Aung Hlaing) ដែលបានដឹកនាំរដ្ឋប្រហារឆ្នាំ ២០២១ បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ប៉ុន្តែនៅតែកាន់អំណាចជាប្រធានាធិបតីស្តីទី។ ឥឡូវនេះលោកក៏ដឹកនាំក្រុមថ្មីមួយដែលមានឈ្មោះថា គណៈកម្មការសន្តិសុខ និងសន្តិភាពរដ្ឋ ដែលនឹងត្រួតពិនិត្យការបោះឆ្នោតនាពេលខាងមុខ។ ស្ថាប័នគ្រប់គ្រងចាស់របស់យោធា គឺក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ត្រូវបានរំលាយ ហើយអំណាចរបស់វាត្រូវបានប្រគល់ឱ្យក្រុមដែលគ្រប់គ្រងដោយយោធាមួយទៀត គឺក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ។
ទោះបីជាយ៉ាងណាក៏ដោយ ការបោះឆ្នោតនឹងប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរ រួមទាំងសង្រ្គាមស៊ីវិលទូទាំងប្រទេស និងការបដិសេធយ៉ាងទូលំទូលាយពីកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ( ប្រឆាំងយោធា) ដែលចាត់ទុកថាដំណើរការបោះឆ្នោតនេះមិនស្របច្បាប់ និងថាវាជាល្បិចរបស់របបសឹកមីយ៉ាន់ម៉ាដើម្បីទទួលបានអំណាចស្របច្បាប់ប៉ូណ្ណោះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


