Connect with us

ព័ត៌មានអន្ដរជាតិ

គោលបំណង​ធំៗ​ចំនួន​៥​របស់​លោក គីម នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​ទៅ​ក្រុង​ប៉េកាំង

បានផុស

នៅ

ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​​ទៅ​ទីក្រុង​ប៉េកាំង​ចូលរួម​ការដង្ហែក្បួនយោធារំលឹកខួបលើកទី៨០​នៃការចុះចាញ់សង្គ្រាមលោកលើកទី​២​របស់ប្រទេសជប៉ុន​នា​ថ្ងៃ​ទី​៣​កញ្ញា លោក គីម ជុងអ៊ុន ទំនងជាចង់ពង្រឹងជំហររបស់ប្រទេស​កូរ៉េ​ខាង​ជើង​​នៅលើឆាកអន្តរជាតិ ស្តារទំនាក់ទំនងជាមួយប្រទេស​ចិន និងសម្របសម្រួលយុទ្ធសាស្ត្រជាមួយ​ទី​ក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ​ប្រឆាំងនឹងសហរដ្ឋអាមេរិក និង​​​លោក​ខាង​លិច។

លោក គីម ជុងអ៊ុន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរ​ទស្សនកិច្ច​នេះ ​គឺ​ជា​ការ​ចូលរួម​លើក​ដំបូង​របស់​លោក គីម នៅ​ក្នុង​ព្រឹត្តិការណ៍​ពហុភាគី និង​ជា​លើក​ដំបូង​ដែល​​មេ​ដឹក​នាំកូរ៉េ​ខាង​ជើង​រូប​នេះ ​នឹង​នៅ​កន្លែង​តែ​មួយ​ក្នុង​ពេល​តែមួយ​ជាមួយ​​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​​​ប្រធានាធិបតី​​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន។

គោលបំណង​ធំៗ​សម្រាប់​មេ​ដឹក​នាំ​កូរ៉េខាងជើង មាន​ដូចជា៖

  • លើក​កម្ពស់​ជំហរការទូត៖ តាមរយៈការបង្ហាញខ្លួនជាមួយលោក ស៊ី និងលោក ពូទីន នៅឯក្បួនដង្ហែយោធា លោក គីម បង្ហាញពីការវិលត្រឡប់របស់កូរ៉េខាងជើងទៅកាន់ឆាកពិភពលោក។ ការ​បង្ហាញ​ខ្លួន​នេះ​ បង្កើន​ភាព​ស្រប​ច្បាប់​របស់​លោក​ទាំង​នៅ​​ក្នុង​និង​​​​ក្រៅ​ប្រទេស។
  • សម្របសម្រួលរណសិរ្សរួបរួម៖ ជំនួបជាមួយចិន និងរុស្ស៊ី គឺជាឱកាសសម្រាប់លោក គីម ក្នុងការតម្រឹមយុទ្ធសាស្ត្រជាមួយសម្ព័ន្ធមិត្តសំខាន់​ទាំង​ពីររបស់ទីក្រុងព្យុងយ៉ាង។ ការបង្ហាញជាសាធារណៈនៃសាមគ្គីភាពនេះ ផ្ញើសារដ៏រឹងមាំទៅកាន់សហរដ្ឋអាមេរិក និងដៃគូរបស់​អាមេរិក​នៅក្នុងតំបន់ រួមទាំងកូរ៉េខាងត្បូង និងជប៉ុនផងដែរ។
  • ស្តារទំនាក់ទំនងជាមួយទីក្រុងប៉េកាំង៖ ខណៈពេលដែលទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយរុស្ស៊ីបានរីកដុះដាល ទំនាក់ទំនងជាមួយប្រទេសចិនត្រូវបានគេរាយការណ៍ថាបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដំណើរ​លើក​នេះផ្តល់ឱកាសមួយសម្រាប់លោក គីម ដើម្បីកំណត់ឡើងវិញនូវទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម និងអ្នកផ្តល់ជំនួយដ៏សំខាន់បំផុតរបស់កូរ៉េខាងជើង។
  • ទទួល​ការគាំទ្រផ្នែកសេដ្ឋកិច្ច និងយោធាប្រកបដោយសុវត្ថិភាព៖ ខណៈពេលដែលកូរ៉េខាងជើងបានធ្វើពាណិជ្ជកម្មសព្វាវុធជាមួយរុស្ស៊ី ប្រទេសដែលរងទណ្ឌកម្ម​មួយ​នេះ​នៅតែត្រូវការជំនួយសេដ្ឋកិច្ច និងការផ្ទេរបច្ចេកវិទ្យាយោធាដ៏មានសក្តានុពលពីរុស្ស៊ី និងចិន។ ចិន​ក៏​ផ្តល់​នូវ​ការ​​ការពារ​ការទូត​ដ៏​សំខាន់​សម្រាប់​កូរ៉េ​ខាងជើង​ប្រឆាំង​នឹង​សម្ពាធ​អន្តរជាតិផង​ដែរ។
  • បង្កើនអានុភាពនៅក្នុងកិច្ចពិភាក្សានាពេលអនាគត៖ មុនពេលចាកចេញ​ទៅ​កាន់​ក្រុង​ប៉េកាំង លោក គីម បានចុះ​ត្រួតពិនិត្យរោងចក្រផលិតមីស៊ីល ដោយចង់​បង្ហាញពិភពលោក​ពីសមត្ថភាពអាវុធទំនើបរបស់កូរ៉េខាងជើង។ តាមរយៈការចូលរួមក្នុងកិច្ចប្រជុំកំពូល​លើក​នេះ លោក​អាចបង្កើនឥទ្ធិពលការទូតរបស់ខ្លួន​ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលថ្មីៗនេះបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចាប់ផ្តើមកិច្ចចរចាឡើងវិញ៕
លោក ពូទីន, លោក ស៊ី និង​លោក គីម (រូបថត៖ Reuters, Getty)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម