Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំង៖ កិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែនត្រូវបានផ្អាក ព្រោះ​អឺរ៉ុប

បានផុស

នៅ

វិមានក្រឹមឡាំង បានប្រកាស​​ថា ការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនបច្ចុប្បន្នត្រូវបានផ្អាក ហើយបានចោទប្រកាន់បណ្តាប្រទេសអឺរ៉ុបថាបានរារាំងដំណើរការនេះ ទោះបីជាទីក្រុងមូស្គូ​បានទទូចថាខ្លួននៅតែបើកចំហសម្រាប់ការសន្ទនាក៏ដោយ។ នេះ​បើ​យោង​​តាម​ការ​ចុះផ្សាយ​​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​១៣​ខែ​កញ្ញា​ឆ្នាំ​២០២៥។

លោក Dmitry Peskov (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលសួរថាតើកិច្ចពិភាក្សាត្រូវបានជាប់គាំងឬយ៉ាងណានោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា បណ្តាញទំនាក់ទំនងនៅតែសកម្ម ប៉ុន្តែបានពិពណ៌នាដំណើរការនេះថា«កំពុងផ្អាក»។ លោកបាននិយាយថា ទីក្រុងមូស្គូមិនអាចទទួលយកសំណើរបស់លោកខាងលិច សម្រាប់ការធានាសន្តិសុខដល់អ៊ុយក្រែន ដែលអាចពាក់ព័ន្ធនឹងការ​ឈរ​ជើង​របស់​កងទ័ពណាតូ​នៅ​អ៊ុយក្រែន​បាន​ឡើយ។

លោក Peskov បានប្រាប់​ថា «ភាគីរុស្ស៊ីនៅតែត្រៀមខ្លួនជាស្រេច ដើម្បីបន្តដំណើរនៃកិច្ចសន្ទនាដោយសន្តិវិធី។ ប៉ុន្តែការពិតដែលថា អឺរ៉ុបកំពុងរារាំង​រឿង​នេះគឺជាការពិត។ នេះមិនមែនជាការសម្ងាត់សម្រាប់នរណាម្នាក់ទេ»។

មន្ត្រីរុស្ស៊ី និងអ៊ុយក្រែន បានជួបពិភាក្សាគ្នាចំនួនបីលើកនៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងឆ្នាំនេះ ដែលលើក​ចុង​ក្រោយ​នៅ​​ថ្ងៃទី​២៣​ខែកក្កដា ដោយឈានដល់កិច្ចព្រមព្រៀងមានកំណត់ស្តីពីការផ្លាស់ប្តូរអ្នកទោស និងការធ្វើមាតុភូមិនិវត្តន៍សាកសព។ ទោះ​ជា​យ៉ាង​ណា ភាគី​ទាំង​ពីរ​នៅ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​លក្ខខណ្ឌ​នៃ​ការ​ដោះស្រាយ​សន្តិភាព​ទូលំទូលាយ។

ទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងកៀវ ពីការបដិសេធមិនព្រម​ទទួលស្គាល់ការ​ពិត ខណៈពេលដែលអ៊ុយក្រែននិយាយថា រុស្ស៊ីកំពុងប្រើការពិភាក្សាជាការ​បិទបាំង​ដើម្បី​បន្តការវាយលុករបស់ខ្លួន។ កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការធ្វើអន្តរការីលើកិច្ចព្រមព្រៀង រហូតមកដល់ពេលនេះមិនមានផ្លែផ្កា​អ្វីទាល់តែសោះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម