ព័ត៌មានអន្ដរជាតិ
ត្រឹមមួយខែ ថៃ កើតគ្រោះអគ្គិភ័យសាហាវៗ ច្រើនលើកនឹកស្មានមិនដល់
រយៈពេលត្រឹមមួយខែប៉ុណ្ណោះ ប្រទេសថៃបានជួបគ្រោះអគ្គិភ័យសាហាវៗជាញឹកញាប់ ក្នុងកម្រិតដែលមិនធ្លាប់ជួបប្រទះពីមុនមកសោះ។

តាមទិន្នន័យដែលចងក្រងចាប់ពីថ្ងៃទី១៥ខែសីហាដល់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៥ ប្រទេសថៃកើតមានអគ្គិភ័យសាហាវៗចំនួន៨លើក ដែលនេះជាអត្រាអគ្គិភ័យយ៉ាងច្រើនក្នុងកម្រិតមិននឹកស្មានដល់។
1. ថ្ងៃទី១៥ខែសីហា៖ ឆេះបារ៍
អគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះបារ៍ដ៏ល្បីមួយ ក្នុងផ្សារ Sombat Buri នៃស្រុក Bang Bua Thong ខេត្ត Nonthaburi ដោយបង្កឱ្យមានភាពចលាចលខណៈតួលេខជនរងគ្រោះនិងទំហំការខូចខាតមិនត្រូវបានបង្ហាញទេ។
2. ថ្ងៃទី១៨ខែសីហា៖ ឆេះវត្ត
អគ្គិភ័យដ៏រន្ធត់បានលេបត្របាក់វិហារមួយស្ទើរទាំងស្រុង ក្នុងវត្ត Pa Phai ដែលជាវត្តដ៏ល្បីល្បាញនៅស្រុក Mae Rim ខេត្ត ឈៀងម៉ៃ នាវេលាទៀបភ្លឺថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។ ប៉ូលិសសង្ស័យថា អគ្គិភ័យនេះអាចបណ្តាលមកពីទុស្សេខ្សែភ្លើង ឬបណ្ដាលមកពីធូប និងទៀនដែលឆេះសល់ក្នុងពិធីបុណ្យពុទ្ធសាសនា។ យ៉ាងណាមិនមានមនុស្សស្លាប់ទេ។
3. ថ្ងៃទី១៨ខែសីហា៖ ឆេះហាងក្នុងផ្សារ
អគ្គិភ័យបានឆាបឆេះហាងលក់ទំនិញដ៏ពេញនិយមមួយកន្លែងក្នុងផ្សារ Pratunam នៃទីក្រុងបាងកក។ អគ្គិភ័យនោះកើតចេញពីជាន់ទី៣ ប៉ុន្តែមិនបណ្តាលឲ្យមនុស្សម្នាក់ណារងរបួសទេ។
4. ថ្ងៃទី២៧ខែសីហា៖ ឆេះអគារពាណិជ្ជកម្ម
អគ្គិភ័យយ៉ាងសន្ធោសន្ធៅ បានឆាបឆេះអគារកម្ពស់៣ជាន់មួយក្នុងខ័ណ្ឌ Khlong San កណ្តាលក្រុងបាងកក ធ្វើឲ្យអ្នកនៅក្នុងនោះ រត់ចែកជើងគ្នា។ សាក្សីនៅកន្លែងកើតហេតុប្រាប់ថា ពួកគេឃើញភ្លើងឆេះចេញពីជាន់ទី៣ ខណៈអាជ្ញាធរដាក់ការសង្ស័យទៅលើការទុស្សេខ្សែភ្លើង ជាដើមចមបង្កអគ្គិភ័យ។
5. ថ្ងៃទី១៣ខែកញ្ញា៖ ឆេះផ្សារ
អណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅលាយឡំជាមួយផ្សែងខ្មៅខ្មួលខ្មាញ់ ធ្វើឲ្យមនុស្សភ័យឆោឡោ ក្នុងហេតុការណ៍ឆេះផ្សារដ៏ល្បីមួយនៅប្រទេសថៃ។ ផ្សារ Pahurat ក្នុងខ័ណ្ឌ Phra Nakhon នៃទីក្រុងបាងកក ត្រូវអគ្គិភ័យឆាបឆេះ នាវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី១៣ខែកញ្ញាឆ្នាំ២០២៥ ខណៈអាជ្ញាធរបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពី ទុស្សេខ្សែភ្លើង។
6. ថ្ងៃទី១៣ខែកញ្ញា៖ ឆេះរោងចក្រកែច្នៃប្លាស្ទិក
នៅថ្ងៃដដែលនេះ អគ្គិភ័យដ៏ធំ បានឆាបឆេះនៅរោងចក្រកែច្នៃផ្លាស្ទិកមួយកន្លែងក្នុងតំបន់ Map Ta Phut នៃខេត្តរ៉ាក់យ៉ង បន្ទាប់ពីមានការផ្ទុះយ៉ាងខ្លាំងដែលបានបញ្ចេញផ្សែងខ្មៅយ៉ាងក្រាស់ទៅលើមេឃ។ អគ្គិភ័យកើតឡើងនៅវេលាម៉ោង៦ និង៣០នាទីព្រឹក ខាងក្នុងឃ្លាំងផ្ទុកទៅដោយសម្ភារប្លាស្ទិក ដោយឆាបឆេះរយៈពេលជាង៣ម៉ោង មុនពេល ក្រុមពន្លត់អគ្គិភ័យមកពន្លត់ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ១២គ្រឿង។ រោងចក្រនេះ ត្រូវបានបំផ្លាញទាំងស្រុង ប៉ុន្តែមន្ត្រីនិយាយថា មិនមានអ្នករងរបួសនោះទេ។
7. ថ្ងៃទី១៤ខែកញ្ញា៖ ឆេះទូកទេសចរណ៍
ទូកទេសចរណ៍ច្រើនគ្រឿងបានឆាបឆេះបណ្តាក់គ្នានៅទន្លេ ចៅប្រាយ៉ា ប៉ុន្តែមិនមានការបញ្ជាក់ពីតួលេខមនុស្សស្លាប់ឬរបួសទេ។ ហេតុការណ៍ដំបូងកើតឡើងនាវេលាម៉ោង៦:៤៣នាទីល្ងាចថ្ងៃអាទិត្យទី១៤ខែកញ្ញាឆ្នាំ២០២៥ ដោយអគ្គិភ័យបានឆាបឆេះទូកមួយគ្រឿង ជិតផែវត្ត Ratchasingkhon ក្នុងសង្កាត់ Phraya Krai នៃខ័ណ្ឌ Bang Kho Laem ទីក្រុងបាងកក។ ៤នាទីក្រោយមក ទូក២គ្រឿងទៀត ត្រូវភ្លើងឆេះនៅចំណុចដដែល ប៉ុន្តែត្រូវក្រុមពន្លត់អគ្គិភ័យ គ្រប់គ្រងស្ថានការណ៍បាន។
8. ថ្ងៃទី១៥ខែកញ្ញា៖ ឆេះរោងចក្រគីមី
អគ្គិភ័យដ៏សន្ធោសន្ធៅបានឆាបឆេះរោងចក្រគ្រប់គ្រងកាកសំណល់គីមីក្នុងតំបន់ Soi Samae Dam 17 សង្កាត់ Samae Dam ខណ្ឌ Bang Khun Thian ទីក្រុងបាងកក ដោយបានបញ្ចេញផ្សែងខ្មៅក្រាស់ទៅលើអាកាស។ អគ្គិភ័យដ៏សាហាវនេះ ត្រូវបានគេរាយការណ៍ នៅវេលាម៉ោង ៦ និង៣៥នាទីព្រឹក ចាប់ផ្តើមឆេះចេញពីក្នុងបន្ទប់មួយមានផ្ទុកសារធាតុម៉ាញេស្យូម និងអាស៊ីតស៊ុលហ្វួរីក ដែលជាសារធាតុមិនអាចពន្លត់ជាមួយទឹកបានទេ។ យ៉ាងណាមិនមានមនុស្សស្លាប់ឬរបួសទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះរោងចក្រគីមី ដែលមិនអាចប្រើទឹកពន្លត់បាននៅបាងកក
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


