ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសគម្រោងដាក់ពន្ធ ១០០% លើភាពយន្តផលិតនៅបរទេស
ក្នុងការគំរាមកំហែងពន្ធចុងក្រោយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានប្រកាសនៅលើបណ្ដាញសង្គម Truth Social អំពីគម្រោងដាក់ពន្ធ ១០០ ភាគរយ លើ «គ្រប់ភាពយន្តទាំងអស់ដែលផលិតនៅក្រៅសហរដ្ឋអាមេរិក»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

គេមិនទាន់ប្រាកដនៅឡើយទេ ថាតើលោក ត្រាំ នឹងប្រើច្បាប់ណាដើម្បីដាក់ពន្ធនេះទេ ខណៈលោកក៏មិនបានបញ្ជាក់ព័ត៌មានលម្អិតអំពីរបៀប និងពេលវេលានៃអនុវត្តវាដែរ។
ការប្រកាសយ៉ាងដូច្នេះ បង្ហាញពីឆន្ទៈរបស់លោក ត្រាំ ក្នុងការពង្រីកគោលនយោបាយពាណិជ្ជកម្មបែបការពារនិយមរបស់ខ្លួន ទៅលើសេវាកម្មវប្បធម៌ ដែលអាចនឹងបង្កើនភាពមិនច្បាស់លាស់សម្រាប់ក្រុមហ៊ុនផលិតកម្មនៅអាមេរិក ដែលពឹងផ្អែកលើផលិតកម្មភាពយន្តឆ្លងដែន និងប្រាក់ចំណូលពីអន្តរជាតិ។
លោក ត្រាំ បានសរសេរបង្ហោះយ៉ាងដូច្នេះថា៖ «អាជីវកម្មផលិតភាពយន្ដសហរដ្ឋអាមេរិករបស់យើង ត្រូវបានប្រទេសផ្សេងៗលួច ដូចជាការលួចស្ករគ្រាប់ពីក្មេងៗ»។
គួររំឭកថា លោក ត្រាំ បានគំរាមដាក់ពន្ធ ១០០ ភាគរយ លើភាពយន្តផលិតនៅបរទេសកាលពីខែឧសភា ដោយលើកហេតុផលថាប្រទេសផ្សេងៗផ្តល់ការលើកទឹកចិត្តពន្ធសម្រាប់ផលិតកម្មភាពយន្តក្នុងប្រទេសរបស់ពួកគេ ដែលទាក់ទាញឱ្យផលិតករងាកទៅទីនោះ។ ក្នុងការបង្ហោះសារកាលពីថ្ងៃចន្ទ លោក ត្រាំ បានលើកឡើងថា រដ្ឋកាលីហ្វ័រញ៉ា ដែលល្បីខាងកុនហូលីវូដ រងគ្រោះខ្លាំងជាងគេ។
ឧស្សាហកម្មភាពយន្តអាមេរិក បានកត់ត្រាអតិរេកពាណិជ្ជកម្ម ១៥,៣ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៣ ដែលជំរុញដោយការលក់សំបុត្រលើទីផ្សារនៅបរទេសប្រមាណ ២២,៦ ប៊ីលានដុល្លារ។ នេះបើតាមការឱ្យដឹងរបស់សមាគមភាពយន្ត។

នាយកប្រតិបត្តិស្ទូឌីយោផលិតភាពយន្ត បានប្រាប់រ៉យទ័រកាលពីដើមឆ្នាំនេះថា ពួកគេ «មានការងឿងឆ្ងល់» ពីរបៀបអនុវត្តពន្ធលើភាពយន្ត ដោយហេតុថា ខ្សែភាពយន្តជាច្រើនត្រូវបានផលិត ឬទទួលបានហិរញ្ញប្បទាន ដោយពាក់ព័ន្ធជាមួយប្រទេសផ្សេងៗ។
បច្ចុប្បន្ន ហូលីវូដពឹងផ្អែកកាន់តែខ្លាំងឡើងៗលើមជ្ឈមណ្ឌលផលិតកម្មនៅបរទេស ដូចជាកាណាដា ចក្រភពអង់គ្លេស និងអូស្ត្រាលី ដែលប្រទេសទាំងអស់នេះ ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដើម្បីទាក់ទាញផលិតកម្មឱ្យថតរឿង។ ទន្ទឹមនឹងនេះ ការសហការផលិតភាពយន្តជាមួយស្ទូឌីយ៉ូបរទេសបានក្លាយទៅជារឿងធម្មតា ជាពិសេសនៅអាស៊ី និងអឺរ៉ុប ដែលដៃគូក្នុងស្រុកផ្តល់កញ្ចប់ថវិកា ទីផ្សារ និងបណ្តាញចែកចាយ។
នាយកប្រតិបត្តិឧស្សាហកម្មដដែល បានព្រមានថា ពន្ធរបស់ ត្រាំ អាចប៉ះពាល់ដល់កម្មករអាមេរិករាប់ពាន់នាក់ដែលធ្វើការក្នុងការថតកុននៅបរទេស ដោយសារការងាររបស់ពួកគេមានទំនាក់ទំនងជាមួយប្រទេសជាច្រើន។
ការប្រកាសពន្ធចុងក្រោយរបស់ ត្រាំ ធ្វើឡើងក្រោយលោកបង្កើនកម្ដៅពាណិជ្ជកម្មជាថ្មី ដោយប្រកាសពន្ធនាំចូល ១០០ ភាគរយ លើថ្នាំពេទ្យមានឈ្មោះពាណិជ្ជកម្ម, ២៥ ភាគរយ លើរថយន្តធុនធ្ងន់, ៥០ ភាគរយ លើបរិក្ខារផ្ទះបាយ និងគ្រឿងសង្ហារិមទន់ៗដូចជាសាឡុងជាដើម៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


