ព័ត៌មានជាតិ
រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំត្រួតពិនិត្យសមិទ្ធផលអភិវឌ្ឍន៍ និងបញ្ហាប្រឈមជម្លោះព្រំដែនជាមួយថៃ
រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីរំលេចពីសមិទ្ធផលអភិវឌ្ឍន៍និងបញ្ហាប្រឈមនានាចំពោះមានជម្លោះព្រំដែនកម្ពុជា-ថៃ។កិច្ចប្រជុំនេះ ត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី ដោយមានការចូលរួមពី លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត លោក ខ័ណ្ឌ ចំណាន អភិបាលខេត្តស្តីទី ព្រមទាំង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត។

លោក ខ័ណ្ឌ ចំណាន អភិបាលខេត្តស្តីទី បានលើកឡើងថា គិតត្រឹមត្រីមាសទី៣នេះ ក្រុមការងារខេត្តបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ស្របតាមគោលនយោបាយជាតិ និងបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ លោកក៏បានលើកឡើងពីផងដែរអំពីអំណោយដ៏សប្បុរសរបស់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ដែលបានជួយឧបត្ថម្ភជនភៀសសឹក អង្គភាពយោធា និងកងកម្លាំងសន្តិសុខតាមព្រំដែនចំនួន៣លើក។
លើកទី១ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ អំណោយត្រូវបានប្រគល់ជូនជនភៀសខ្លួននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ រួមមាន គ្រឿងឧបភោគ បរិភោគ សម្លៀកបំពាក់។ លើកទី២ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូខេត្តបានផ្តល់ថវិកា មធ្យោបាយធ្វើដំណើរ និងស្បៀងអាហារដល់អង្គភាពយោធភូមិភាគខេត្តព្រះវិហារ រួមមាន ម៉ូតូ អង្ករ មី ទឹក និងសម្ភារប្រើប្រាស់សំខាន់ៗមួយចំនួនទៀត។ ចំណែកលើកទី ៣ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងយកអំណោយជាស្បៀង អាហារ ថវិកា និងសម្ភារជូននគរបាលយោធាវរៈការពារព្រំដែនជើងគោក កម្ពុជា-វៀតណាម លេខ១១៣ ២០៣ និង៦២៣ ដោយក្នុងមួយវរៈទទួលបានថវិកា ២លានរៀល អង្ករ១,៥ តោន និងសម្ភារប្រើប្រាស់ជាច្រើន។

លោក ជៀង អំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ក្រុមការងារដែលបានសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សម្រេចបាននូវសមទ្ធិផលការងារជាច្រើនលើគ្រប់វិស័យ។ លោកក៏បានជម្រាបជូនអំពីសភាពវិវឌ្ឍថ្មីៗជម្លោះព្រំដែនកម្ពុជា-ថៃ និងបានលើកឡើងពីផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។

ជម្លោះនេះបណ្តាលឱ្យប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន ហើយត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូលជួបការលំបាកក្នុងជីវភាពក្មេងៗអាក់ខានការសិក្សា ព្រមទាំងប្រឈមនឹងការលំបាកជាច្រើនផ្សេងទៀត។លោកបញ្ជាក់ថា៖«ទុក្ខលំបាកទាំងនេះ គឺកាន់តែធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ពីគុណតម្លៃនៃសុខសន្តិភាព។ ដូច្នេះហើយ សន្តិភាព គឺពិតជាមានតម្លៃណាស់ ដែលភាគីទាំងអស់ត្រូវចូលរួមថែរក្សា និងការពារឱ្យខាងតែបាន»៕
អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


