កីឡា
បុរសខ្មែរវ័យជាង៥០ឆ្នាំ គីម សារឿន បានប្រកួតរត់ចម្ងាយ ១០០ គ.ម.ជាច្រើននៅក្រៅប្រទេស
លោក គីម សារឿន ទើបតែទទួលបានចំណាត់ថ្នាក់លេខ៣ សម្រាប់ការប្រកួតរត់ម៉ារ៉ាតុងអន្តរជាតិឆ្លងឧបសគ្គចម្ងាយឆ្ងាយ Malaysia Ultra Trail 2025 កាលពីថ្ងៃទី ២៧-២៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅប្រទេសម៉ាឡេស៊ី សម្រាប់វិញ្ញាសាអាយុ ៥០ឆ្នាំ។

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងឆ្លងឧបសគ្គចម្ងាយឆ្ងាយ Malaysia Ultra Trail របស់ប្រទេសម៉ាឡេស៊ី ឆ្នាំ ២០២៥ មានវិញ្ញាសាចម្ងាយ ១៣គីឡូម៉ែត្រ ២៥គីឡូម៉ែត្រ ៥០គីឡូម៉ែត្រ និង ១០០គីឡូម៉ែត្រ ហើយក៏កំណត់អាយុ និងភេទសម្រាប់ការចូលរួមប្រកួតដើម្បីឲ្យស្មើភាពគ្នាតាមវិញ្ញាសានីមួយៗ។ កីឡាករ កីឡាការិនី ក្មេង ចាស់ ប្រុសស្រីរាប់រយនាក់មកពីបណ្តាប្រទេសផ្សេងៗបានចូលរួមប្រកួត កាលពីថ្ងៃទី២៧ ខែកញ្ញា ហើយវិញ្ញាសាចម្ងាយ ១០០គីឡូម៉ែត្រត្រូវរត់ឆ្លងថ្ងៃឈានចូលទី ២៨ ខែកញ្ញា ថែមទៀតផង។
ក្នុងនោះកីឡាកររត់ប្រណាំងកម្ពុជា លោក គីម សារឿន បានចូលរួមរត់ក្នុងវិញ្ញាសាបុរសអាយុចន្លោះ ៥០ ទៅ ៥៥ឆ្នាំ ចម្ងាយ ១០០គីឡូម៉ែត្រ។ ទីបំផុត លោក ទទួលបានចំណាត់ថ្នាក់លេខ ៣ (មេដាយសំរិទ្ធ) ក្នុងចំណោមអ្នកចូលរួមរត់ជាច្រើននាក់។

នេះមិនមែនជារឿងថ្មីទេរបស់បុរសខ្មែរវ័យជាង ៥០ឆ្នាំរូបនេះសម្រាប់ការចូលរួមរត់ក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិនៅក្រៅប្រទេស។ តាមពិតទៅ លោកធ្លាប់ចូលរួមរត់ម៉ារ៉ាតុងអន្តរជាតិជាច្រើននៅបណ្តាប្រទេសផ្សេងៗ ហើយព្រឹត្តិការណ៍រត់ជាច្រើននៅក្នុងស្រុកក៏កម្របាត់មុខលោកណាស់។ ទោះបីជាយ៉ាងណា មហាជនមិនសូវបានដឹងពីលោកឡើយ។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៥ លោក គីម សារឿន បានចូលរួមរត់ក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុង Ultra-Trail Xianmen by UTMB – ចម្ងាយ ១០០ គីឡូម៉ែត្រ នៅប្រទេសចិន ដោយបានបញ្ចប់ចំណាត់ថ្នាក់លេខ ១៩២ ក្នុងចំណោម ៥០៤នាក់។

នៅព្រឹត្តិការណ៍ Vietnam Mountain Marathon 2024 – Ultra ចម្ងាយ ១០០ម៉ាយស៍ (ជាង ១០០គីឡូម៉ែត្រ) ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅប្រទេស វៀតណាម លោកបានបញ្ចប់ចំណាត់ថ្នាក់លេខ ៥៥ ក្នុងចំណោម ១០៥ នាក់។
ព្រឹត្តិការណ៍ Vietnam Mountain Marathon 2023 – Ultra ចម្ងាយ ១០០គីឡូម៉ែត្រ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៣ នៅប្រទេស វៀតណាម លោកបញ្ចប់ចំណាត់ថ្នាក់លេខ ៨៥ ក្នុងចំណោម ២៤៥នាក់។

ព្រឹត្តិការណ៍ Vietnam Mountain Marathon 2022 – Ultra ចម្ងាយ ១០០គីឡូម៉ែត្រ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២២ នៅប្រទេស វៀតណាម លោកបានបញ្ចប់ចំណាត់ថ្នាក់លេខ ៥៤ ក្នុងចំណោម ៨៥នាក់។
លោក គីម សារឿន បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិអង្គរឆ្លងឧបសគ្គចម្ងាយឆ្ងាយ Ultra-Trail Angkor International Marathon លើវិញ្ញាសា ៦៤គីឡូម៉ែត្រ ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៩ នៅខេត្តសៀមរាប ដោយបានបញ្ចប់ចំណាត់ថ្នាក់លេខ ១១ ក្នុងចំណោម ៥៥នាក់។

ខាងលើគ្រាន់តែព័ត៌មានតិចតូច ប៉ុន្តែនៅមានព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិទាំងក្នុងស្រុក និងក្រៅប្រទេសជាច្រើនទៀតដែលលោកបានចូលរួមប្រកួត។ កម្ពុជាថ្មី នឹងព្យាយាមទាក់ទងលោកដើម្បីលំអិតពីជីវិតរត់ប្រណាំងរបស់លោកនៅពេលក្រោយទៀត៕

អត្ថបទ៖ វីរបុត្រ
រូបភាព ដកស្រងចេញពីគណនីរបស់លោក គីម សារឿន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


