វប្បធម៌ ជំនឿ
ដឹងហើយ មិនសរសើរមិនបាន កងទ័ពប្រឹងហ្វឹកហាត់ ព្រឹត្តិការណ៍ បើក-បិទស៊ីហ្គេម
ព្រឹត្តិការណ៍បិទការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នឹងឈានមកដល់នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។ ក្រុមសម្ដែងមមាញឹកហ្វឹកហាត់ពីព្រឹកទល់យប់ ដើម្បីត្រៀមបង្ហាញទស្សនីភាពជាតិពិសេសជាបន្ត បន្ទាប់ពីបានជោគជ័យយ៉ាងត្រចះត្រចង់ កាលប្រារព្ធពិធីបើកស៊ីហ្គេម។ ក្នុងនោះមានការកោតសរសើរ ដល់កងកម្លាំងកងទ័ព ដែលបានចូលរួមហ្វឹកហាត់សម្ដែងយ៉ាងសកម្មជាមួយសិល្បករ សិល្បការិនី។

មន្ត្រីអ្នកសម្របសម្រួលក្រុមសិល្បករ សុំមិនបញ្ចេញឈ្មោះ បានឱ្យ កម្ពុជាថ្មី ដឹងថា ការហ្វឹកហាត់សម្ដែងទស្សនីយភាព មានការលំបាក ព្រោះក្រៅពីសិល្បករមានចំនួនច្រើនពាន់នាក់ ក្នុងនោះពួកគេមិនមែនសុទ្ធតែជាអ្នកសិល្បៈអាជីពទេ គឺមានទាំងអ្នកសិល្បៈក្រៅប្រព័ន្ធ និងកងទ័ព ដែលខំហាត់កាច់ពត់អស់រយៈពេលជាង ៣ខែ។ ថ្វីដ្បិតខាងកងទ័ព មិនចេះសិស្បៈ ប៉ុន្តែពួកគាត់ គោរពពេលវេលា និងវិន័យបានយ៉ាងល្អ ព្រមទាំងខិតខំហ្វឹកហាត់យ៉ាងខ្លាំង។

អ្នកសម្របសម្រួលដដែលនេះ បានឱ្យដឹងបន្តថា ដូចកាលថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម គ្រូបង្វឹកគ្រប់គ្នាមិននឹកស្មានថា ក្រុមសម្ដែងទាំងអស់អាចបង្ហាញបានល្អទាំងព្រមឥតខ្ចោះ ព្រមទាំងទទួលបានការគាំទ្រពីទស្សនិកជនយ៉ាងផុសផលនោះទេ ខណៈកាលពេលហ្វឹកហាត់ គឺមានអ្នកឈឺ សន្លប់ ចូលពេទ្យ មកហាត់វិញ ចូលពេទ្យវិញរាប់ភ្លេច។

អ្នកសម្របសម្រួល បានបញ្ជាក់ថា៖ “ពិសេសបងៗកងទ័ព អ្នករុញពីក្នុងរទេះដឹកព្រះបាទជ័យវរ្ម័នទី៧ រទេះដឹកអ្នកភ្លេង រទេះដឹករបាំអប្សរា ល្ខោនខោល ល្ខោនស្បែក និងរទេះដឹកគុណខ្មែរល្បុក្កតោ ជាដើមហ្នឹង គឺមានកងទ័ពខ្លះភ្លាត់ដាច់មេជើងដាច់អីជាដើម ខ្ញុំអាណិតណាស់។ អ្នកខ្លះជួបគ្រោះឧបទ្ទវហេតុដោយអចេតនាពេលហាត់សម ម្នាក់ៗខំប្រឹងប្រែងទៅតាមចំណេះជំនាញរៀងៗខ្លួន យើងសហការគ្នាបានល្អ ទម្រាំបានជោគជ័យជូនជាតិមាតុភូមិបែបនេះ”។

អ្នកសម្របសម្រួលបានលើកឡើងថា អ្នកសិល្បៈ មិនថាឡើយតួឯកធំ មិនថាឡើយតួបន្ទាប់បន្សំ តួជំនួយ គឺសំខាន់គ្រប់គ្នានៅពេលនៅលើឆាក សូម្បីអ្នកកាន់ទង់ អ្នករុញពីក្នុងរទេះ ទោះបីមិនឃើញមុនគាត់ក៏ដោយ ប៉ុន្តែបើគាត់មិនសហការរុញបានល្អ គឺអាចមានយឺត មានលឿន មានក្រឡាប់រទេះ ត្រូវហាត់ខ្លាំងឱ្យដឹងថាត្រូវរុញរទេះពីណាទៅណា ដល់ភ្លេចណា ត្រូវរុញទៅណា មិនមែនសំខាន់តែអ្នកនៅលើរទេះទេ។

អ្នកសម្របសម្រួលបានឱ្យដឹងបន្តថា៖ “អ្នករុញរទេះ មិនមែនប្រើតេឡេបញ្ជាទេ គឺមនុស្សអ្នករុញ ហើយដើម្បីឃើញរូបភាពស្អាត គឺពួកគាត់នៅខាងក្នុងរទេះដឹកតួ។ នៅក្នុងនោះ ក្ដៅខ្លាំងណាស់ ពេលហាត់ដំបូងៗមានក្រឡាប់រទះ ចង់បាក់ក មានដាច់ជើងដាច់ដៃគ្រប់សព្វបែបយ៉ាងហើយ ហើយអ្នកនៅលើរទេះហ្នឹងធ្លាក់មក… គឺយើងជួបបញ្ហាច្រើន តែយើងអាចសម្រេចបានជោគជ័យ គឺខ្មែរអាចធ្វើបាន”។

លោក ទិត្យ ថាវរិទ្ធិ រដ្ឋលេខាធិកា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យ កម្ពុជាថ្មី ដឹងថា កាលពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម មានការដង្ហែក្បួនតំណាងកីឡាករទាំង ១១ប្រទេស ដោយក្រសួងវប្បធម៌ទទួលបន្ទុកពិនិត្យខ្លឹមសារ ការរៀបចំពាក់ព័ន្ធនឹងវប្បធម៌ និងសិល្បៈ ជាពិសេសរៀបចំទស្សនីយភាពឈុតធំមួយនិយាយពីដំណើរជាតិកម្ពុជា ដែលសម្ដែងដោយសិល្បករប្រមាណ ៣ ២៩២ នាក់។ កម្លាំងចូលរួមសម្ដែងធំទី១ បានពីខាងកងទ័ពមានចំនួន ២ ០៩៦ នាក់ មាន ៧ អង្គភាពធំ, សិល្បករនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, កម្លាំងសិល្បករស្ម័គ្រចិត្តផ្សេងៗមកពីអង្គភាពក្រៅ, ក្រុមតារាក្រៅប្រព័ន្ធ និងនិស្សិត។ ចំពោះសិល្បករសរុបទាំងជាង ៣០០០ នាក់ បានធ្វើការហ្វឹកហាត់រយៈពេលជាង ២ខែ ដោយមានគ្រូបង្ហាត់ ចំនួន ១១០នាក់ ជំនួយការគ្រូ ២៥នាក់ ព្រមទាំងសិល្បករបម្រុងផ្សេងទៀត។

ចំពោះ ពិធីបិទកីឡាសុីហ្គេមលើកទី៣២ ប្រារព្ធនៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ មានសិល្បករសិល្បការិនីចូលរួមសម្តែងសរុប ជាង ២០០០ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សម្តេចតេជោ ៖ ខ្ញុំនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្រមខណ្ឌគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រសៀលនេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Jisoo តេស្តវិជ្ជមានកូវីដ ក្រោយវិលពីការប្រគំតន្ត្រីនៅថៃវិញ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ប្រកួតឆ្នាំដំបូង បវរកញ្ញាកម្ពុជា ឈ្នះមកុដ Miss Culture Global នៅឥណ្ឌូនេស៊ី
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ម្ចាស់មេដាយមាសស៊ីហ្គេម កូនកាត់ខ្មែរអាមេរិក លេចមុខថតសំអាងការ
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
តខ្សែភ្លើងខុសបច្ចេកទេស ឆ្លងចរន្ដឆេះផ្ទះមួយខ្នង និងរថយន្ដមួយគ្រឿងទាំងស្រុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
Dilraba រងការរិះគន់ថា ស្លៀកពាក់មិនសមក្នុងព្រឹត្តិការណ៍