ព័ត៌មានអន្ដរជាតិ
អ្នកនាំចេញវៀតណាមបង្ហាញសុទិដ្ឋិនិយមចំពោះពន្ធបណ្ដោះអាសន្ន ១០% របស់អាមេរិក
បណ្ដាក្រុមហ៊ុននាំចេញវៀតណាមបានបង្ហាញពីសុទិដ្ឋិនិយមជុំវិញការដាក់ពន្ធបណ្ដោះអាសន្ន ១០% របស់សហរដ្ឋអាមេរិកលើទំនិញនាំចូលពីគ្រប់ប្រទេស ដោយជឿជាក់ថា វាអាចបើកឱកាសថ្មីឱ្យវៀតណាមទទួលបាននូវការធានាបញ្ជាទិញពីទីផ្សារដ៏សំខាន់មួយនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre នៅថ្ងៃសុក្រ (២៧ កុម្ភៈ)។

ការសម្ដែងសុទិដ្ឋិនិយមនេះ ធ្វើឡើងបន្ទាប់ពីពន្ធថ្មី ១០% របស់អាមេរិក បានចូលជាធរមាននៅថ្ងៃអង្គារ (២៤ កុម្ភៈ) និងមានសុពលភាព ១៥០ ថ្ងៃ ក្រោយតុលាការកំពូលអាមេរិកដកចេញនូវពន្ធបដិការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ១០ កុម្ភៈ។ មុននោះ វៀតណាមរងនូវអត្រាពន្ធបដិការ ២០% របស់អាមេរិក។
បណ្ដាក្រុមហ៊ុននាំចេញវៀតណាមបាននិយាយថា ទោះបីជាពន្ធ ១០% នៅតែជាបន្ទុកចំណាយក្ដី ប៉ុន្តែវាគឺជាព័ត៌មានល្អ។
លោក Nguyen Duc Thang នាយកប្រតិបត្តិក្រុមហ៊ុន Dap Cau Garment Corporation Joint Stock Company ដែលធ្វើការនាំចេញទំនិញវាយនភណ្ឌទៅអាមេរិក បានប្រាប់ Tuoi Tre ថា ចាប់តាំងពីពន្ធបដិការអាមេរិកដាក់ចេញនៅឆ្នាំមុនមក ការបញ្ជាទិញ និងតម្លៃទំនិញរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ១៥-២០%។
ជាលទ្ធផល ខ្សែច្រវ៉ាក់ផលិតកម្មជាច្រើនមិនទាន់ដំណើរការពេញលេញនៅឡើយទេ។ ក្នុងរយៈពេល ៤ខែកន្លងមកនេះ អតិថិជនបានដាក់ការបញ្ជាទិញតូចៗ និងមិនសូវញឹកញាប់។ ក្រុមហ៊ុនបានទទួលយកការបញ្ជាទិញស្ទើរតែទាំងអស់ ទោះបីជាមានប្រាក់ចំណេញតិចតួច ឬគ្មានក៏ដោយ ដើម្បីឱ្យរោងចក្រដំណើរការ និងការពារការងាររបស់កម្មករ។
លោកជឿជាក់ថា ការដាក់ពន្ធ ១០% របស់អាមេរិកនឹងធ្វើឱ្យទំនិញវាយនភណ្ឌវៀតណាមមានការប្រកួតប្រជែងច្រើន។ លោកបន្តថា វៀតណាមមានគុណសម្បត្តិជាងដៃគូប្រកួតនៅអាស៊ីអាគ្នេយ៍ផ្សេងៗទៀត ដោយសារតែសម្បូរកម្មករជំនាញ គុណភាពផលិតផលល្អ ការដឹកជញ្ជូនលឿន និងការកំណត់តម្លៃដែលអាចបត់បែនបាន។
ដោយឡែកលោក ផាំ ក្វាង អាញ (Pham Quang Anh) នាយកក្រុមហ៊ុន Dony Garment Production Company បាននិយាយថា វៀតណាមមានភាពលេចធ្លោ ប្រសិនបើទទួលបានអត្រាពន្ធទាបជាងមុន ប៉ុន្តែបញ្ហានោះគឺ «អស្ថិរភាពគោលនយោបាយ» ក្នុងដំណាក់កាលឆ្នាំ ២០២៥-២៦។
លោកបានកត់សម្គាល់ថា ភាពមិនប្រាកដប្រជាបានធ្វើឱ្យអតិថិជនអាមេរិកមានការប្រុងប្រយ័ត្នជាងមុន ដោយពេញចិត្តការបញ្ជាទិញរយៈពេលខ្លីជាជាងកិច្ចសន្យារយៈពេលវែង ដែលធ្វើឱ្យស្មុគស្មាញដល់ការធ្វើផែនការផលិតកម្ម និងការសម្រេចចិត្តវិនិយោគ។
ចំណែក លោក ដាំង ភុក ង្វៀន (Dang Phuc Nguyen) អគ្គលេខាធិការនៃសមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ពន្ធគយ ១០% គឺជាដំណឹងល្អសម្រាប់ការនាំចេញផ្លែឈើរបស់វៀតណាម។
ពីមុន ផ្លែឈើវៀតណាមជាច្រើនបានប្រឈមមុខនឹងពន្ធគយរហូតដល់ ២០% ដោយខ្ពស់ជាងអត្រា ១៩% ដែលប្រទេសក្នុងតំបន់ជាច្រើនទទួលបាន។ ជាមួយនឹងអត្រាថ្មីស្មើគ្នា ១០% ផលិតផលវៀតណាម ដែលមានគុណភាពល្អរួចហើយនោះ អាចនឹងលេចធ្លោរកាន់តែខ្លាំងសម្រាប់ការប្រកួតប្រជែង។
ទោះជាយ៉ាងណាក៏ដោយ លោក ដាំង បានព្រមានថា រយៈពេល ១៥០ ថ្ងៃ បញ្ជាក់ពីភាពមិនប្រាកដប្រជានៃគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ ក្រៅពីពន្ធគយ ឧបសគ្គបច្ចេកទេសដូចជាស្តង់ដារគុណភាពកាន់តែតឹងរ៉ឹង តម្រូវការផលិតកម្មបៃតង និងការគ្រប់គ្រងកាន់តែតឹងរ៉ឹងនៃលេខកូដតំបន់ដាំដុះ បង្កបញ្ហាប្រឈមកាន់តែខ្លាំងឡើង៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


