ព័ត៌មានអន្ដរជាតិ
អាមេរិកដកទណ្ឌកម្មប្រេងរុស្ស៊ី ៣០ ថ្ងៃ ដើម្បីឱ្យប្រទេសនានានាំចូល ចំពេលពិភពលោកជួបវិបត្តិថាមពល
សហរដ្ឋអាមេរិកបានដកទណ្ឌកម្មលើប្រេង ឬផលិតផលប្រេងរុស្ស៊ីដែលជាប់គាំងលើសមុទ្រជាបណ្ដោះអាសន្ន ដោយចេញអាជ្ញាប័ណ្ណឱ្យប្រទេសនានាអាចទិញ ឬនាំចូលរយៈពេល ៣០ ថ្ងៃ ចំពេលដែលទីផ្សារប្រេងពិភពលោកប្រឈមនឹងវិបត្តិដោយសារតែជម្លោះមជ្ឈិមបូព៌ា ដែលផ្ទុះឡើងដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក លើអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋមន្រ្តីក្រសួងរតនាគារ លោក ស្កុតថ៍ បេសិនថ៍ បាននិយាយថា ចំណាត់ការរបស់អាមេរិក គឺជាជំហានដើម្បីធ្វើឱ្យទីផ្សារថាមពលសកលមានស្ថិរភាព។
ចំណាត់ការចុងក្រោយបង្អស់នេះ ដាក់ចេញឡើងក្រោយសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានប្រកាសពីការបញ្ចេញប្រេងក្នុងស្តុកបម្រុងគ្រាអាសន្ន ប្រមាណ ១៧២ លានបារ៉ែល ដើម្បីទប់ស្កាត់ការហក់ឡើងនៃតម្លៃប្រេងដោយសារតែជម្លោះជាមួយអ៊ីរ៉ង់។ នោះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលមានប្រទេសចំនួន ៣២ ជាសមាជិក ព្រមគ្នា បញ្ចេញប្រេងក្នុងស្តុកបម្រុង ៤០០ លានបារ៉ែល សរុបចូលគ្នា។ ភ្នាក់ងារនិយាយថា សង្គ្រាមនៅមជ្ឈិមបូព៌ាបច្ចុប្បន្ន បង្កើតការរំខានដល់ផ្នែកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្ត។
លោក បេសិនថ៍ បាននិយាយថា ចំណាត់ការរបស់សហរដ្ឋអាមេរិកលើការបើកប្រទេសដទៃឱ្យទិញប្រេងរុស្ស៊ី គឺមិនផ្ដល់ប្រយោជន៍អ្វីធំដុំដល់រដ្ឋាភិបាលរុស្ស៊ីនោះទេ។ កន្លងមក អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ដាក់ទណ្ឌកម្មលើប្រេងរុស្ស៊ី ចំពោះការឈ្លានពានអ៊ុយក្រែន។
លោក បេសិនថ៍ បានសរសេរបង្ហោះ ដោយបន្ទរនូវអ្វីដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងថា៖ «ការកើនឡើងជាបណ្ដោះអាសន្ននៃតម្លៃប្រេង គឺជាការរំខានរយៈពេលខ្លី និងបណ្ដោះអាសន្ន ដែលនឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសជាតិ និងសេដ្ឋកិច្ចរបស់យើងក្នុងរយៈពេលវែង»។
យោងតាមសេចក្ដីប្រកាសនៅក្រសួងរតនាគារអាមេរិក អាជ្ញាប័ណ្ណដែលចេញកាលពីថ្ងៃព្រហស្បតិ៍ បើកផ្លូវឱ្យប្រទេសនានាអាចនាំជញ្ជូន និងទិញប្រេង និងផលិតផលប្រេងរុស្ស៊ីដែលជាប់គាំងលើសមុទ្រ ចាប់ពីថ្ងៃទី ១២ មីនា ដល់ថ្ងៃទី ១១ មេសា។
អាជ្ញាប័ណ្ណនេះ គឺដូចគ្នានឹងអាជ្ញាប័ណ្ណ ដែលក្រសួងបើកផ្លូវឱ្យឥណ្ឌា អាចនាំចូលប្រេងរុស្ស៊ីដែលជាប់គាំងលើសមុទ្ររយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃទី ៥ មីនា។
គិតត្រឹមថ្ងៃព្រហស្បតិ៍ សារព័ត៌មាន Fox News បានរាយការណ៍ថា មានប្រេងរុស្ស៊ីប្រហែល ១២៤ លានបារ៉ែល នៅបន្តជាប់គាំងលើសមុទ្រនៅទីតាំងចំនួន ៣០ ផ្សេងៗគ្នាទូទាំងពិភពលោក ដោយសារតែទណ្ឌកម្មរបស់អាមេរិក។ Fox News បន្ថែមថា អាជ្ញាប័ណ្ណរបស់អាមេរិកអាចផ្ដល់ការផ្គត់ផ្គង់ពី ៥-៦ ថ្ងៃ ជំនួសឱ្យប្រេងដែលមិនអាចនាំចេញបានពីមជ្ឈិមបូព៌ា ដោយសារតែការបិទច្រកហ័រមូហ្ស។
ចំពេលដែលតម្លៃប្រេងហក់ឡើងទូទាំងសកល លោក ត្រាំ ឯណោះវិញ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងកើបប្រាក់ចំណូលបានយ៉ាងសណ្ធឹកពីការហក់ឡើងនៃតម្លៃប្រេងដោយសារតែសង្រ្គាម។ សម្ដីរបស់លោក ត្រាំ បានជំរុញឱ្យមានការរិះគន់ពីសមាជិកសភាមួយចំនួនដែលចោទប្រកាន់លោកថាយកចិត្តទុកដាក់តែចំពោះអ្នកមានប៉ុណ្ណោះ ខណៈពលរដ្ឋធម្មតាត្រូវបង្កើនការចំណាយដោយសារតែប្រេងឡើងថ្លៃ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


