Connect with us

ព័ត៌មានអន្ដរជាតិ

ភាពតានតឹងព្រំដែន បង្ខំឱ្យក្រុមហ៊ុនថៃដកខ្លួន ឬផ្អាកប្រតិបត្តិការនៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុនថៃមួយចំនួន​​បានបង្ខំចិត្ត​ដកខ្លួនចេញ​ពីទីផ្សារកម្ពុជា​ ឬផ្អាកប្រតិបត្តិការបណ្ដោះអាសន្នសិន ចំពេល​ភាពតានតឹងព្រំដែនរវាងប្រទេសទាំង២នៅតែបន្ត ដែលប៉ះពាល់ដល់ទំនុកចិត្តអតិថិជនខ្មែរ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃចន្ទ (២០ មេសា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាកិច្ចព្រមព្រៀងបទឈប់បាញ់សម្រេចឡើងនៅចុងខែធ្នូក្ដី ប៉ុន្តែភាពតានតឹងនៅតែបន្តដោយ​សារតែសកម្មភាពខុសច្បាប់របស់យោធាថៃ រួមទាំងការកាន់កាប់​ទឹកដីកម្ពុជាមួយចំនួន។ ការណ៍នេះ នៅតែជះឥទ្ធិពល​ខ្លាំងលើទំនុកចិត្តអ្នកប្រើប្រាស់កម្ពុជា ​ដោយពួកគេបន្តពហិការទំនិញថៃ។

បាងកកប៉ុស្តិ៍ផ្សាយថា បច្ចុប្បន្ន អាជីវកម្មថៃដែលរកស៊ីលើទីផ្សារកម្ពុជា ប្រឈមនឹង​ឧបសគ្គធំៗចំនួន ២ ដែលក្នុងនោះរួមមាន​ការបន្តបិទច្រកព្រំដែនគោកដែលរាំងស្ទះដល់លំហូរទំនិញ និងការធ្វើពហិការរបស់អ្នកប្រើប្រាស់កម្ពុជា។ ​

មែនទែនទៅ ពាណិជ្ជកម្មព្រំដែនគោករវាងប្រទេសទាំង២ បាន​ធ្លាក់ចុះស្ទើរតែទាំងស្រុងក្រោយការបិទខ្ទប់ ហើយកន្លងមក អាជីវកម្មថៃបាន​ប្រើយុទ្ធសាស្ត្រផ្សេងៗគ្នា​ដើម្បីសម្របខ្លួនតាម​ទីផ្សារកម្ពុជា។ អាជីវកម្មខ្លះបានជ្រើសរើស​ដកខ្លួន​ទាំងស្រុង ខណៈ​ខ្លះទៀត​គ្រាន់តែដកខ្លួនចេញជាបណ្ដោះអាសន្ន ហើយបន្តចាំមើលស្ថានការណ៍។

តួយ៉ាង កាលពីខែកុម្ភៈ ក្រុមហ៊ុន Major Cineplex Group Plc ដែលជាប្រតិបត្តិកររោងកុនធំជាងគេរបស់​ថៃ បានលក់អាជីវកម្មរបស់ខ្លួននៅកម្ពុជា។ ​បុត្រសម្ព័ន្ធរបស់​ក្រុមហ៊ុននេះ​ គឺក្រុមហ៊ុន Major Holding International Co Ltd បានលក់ភាគហ៊ុនទាំងអស់ចំនួន ៧ ០០០ ហ៊ុន ​ ​ឬស្មើនឹង ៧០% នៃកម្មសិទ្ធ​ក្នុងក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នា​ Major Platinum Cineplex (Cambodia) Co Ltd ទៅឱ្យក្រុមហ៊ុន Sabay Digital Group Pte Ltd ក្នុងតម្លៃ ៥,១៤ លាន​ដុល្លារ។ ​

ក្រុមហ៊ុន Major ដែលធ្លាប់ដំណើរការសាខាចំនួន ៦ កន្លែងនៅភ្នំពេញ សៀមរាប និងប៉ោយប៉ែត បាន​និយាយថា ការលក់នេះ គឺដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ​ និងការផ្លាស់ប្តូរឥរិយាបថ​របស់ទស្សនិកជនកម្ពុជាឆ្លើយតបទៅនឹង​ជម្លោះព្រំដែន។

ក្រុមហ៊ុន​បាន​រាយការណ៍ថា ប្រាក់ចំណូល​នៅកម្ពុជា បានធ្លាក់ចុះ ២៩% ពី ៥៣៣ លាន​បាត នៅឆ្នាំ ២០២៤ មកត្រឹម ៣៨០ លាន​បាត នៅឆ្នាំ ២០២៥ ដែលនេះបង្ហាញពីផលប៉ះពាល់ធ្ងន់ធ្ងរនៃជម្លោះព្រំដែន ដែលបង្កពហិការចំពោះអាជីវកម្មថៃ។ ​​

ដោយឡែកក្រុមហ៊ុន Thai President Foods Plc ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ម៉ាម៉ា វិញ​ បានដកទីផ្សារកម្ពុជាចេញពីការព្យាករ​ប្រាក់ចំណូលឆ្នាំ ២០២៦ របស់ខ្លួន។ នេះបើតាមការឱ្យដឹងរបស់លោក Pun Paniangvait អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន​។

​ក្រោយជម្លោះរវាងប្រទេសទាំង២ផ្ទុះឡើង ការនាំចេញពីថៃបានធ្លាក់ចុះដល់សូន្យដោយសារតែការបិទព្រំដែន ហើយក្រុមហ៊ុនក៏បានបញ្ឈប់​ផលិតកម្ម​នៅរោងចក្រ​ក្នុងប្រទេសកម្ពុជាផងដែរ។ មុននោះ​ ក្រុមហ៊ុន​មាន​គម្រោង​សាងសង់រោងចក្រផលិតថ្មីមួយនៅភ្នំពេញ ដើម្បីជំនួសរោងចក្រដែលមានស្រាប់ ប៉ុន្តែផែនការនេះ ត្រូវ​ពន្យារពេលសិន​។

ទោះបីជាបែបនេះក្ដី លោក Pun ជឿជាក់ថា ទីផ្សារកម្ពុជានឹងងើបឡើងវិញនៅទីបំផុត ទោះបីជាមិនមែននៅឆ្នាំនេះក្ដី ដោយថា ស្ថានភាពទីផ្សារបច្ចុប្បន្នជំរុញដោយកាលៈទេសៈ និង​អារម្មណ៍របស់​អ្នកប្រើប្រាស់។ លោក​បន្ថែមយ៉ាងដូច្នេះថា៖ «ប្រសិនបើទីផ្សារងើបឡើងវិញលឿនជាងការរំពឹងទុក យើងត្រៀមខ្លួនរួចរាល់ហើយក្នុងការលក់។ យើងយកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើង។ យើង​គ្មានបញ្ហាអ្វីជាមួយអតិថិជនរបស់យើងទេ»។

ស្រដៀងគ្នានោះដែរ លោកស្រី Ratiporn Ratcharoen ប្រធានផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុន Osotspa Plc ​ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈ M-150 ឯណោះវិញ បាននិយាយកាលពីខែមីនា ឆ្នាំ២០២៦ ថា ក្រុមហ៊ុនបានឈប់នាំចេញផលិតផលទៅ​កម្ពុជានៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខណៈ​អតិថិជន​ខ្មែរ​បច្ចុប្បន្នកំពុងបដិសេធផលិតផលថៃ។ លោកស្រីបន្ថែមថា ​ក្រុមហ៊ុនមិនរំពឹងថាទីផ្សារកម្ពុជាសម្រាប់ផលិតផលថៃនឹងងើបឡើងវិញឆាប់ៗ​មុនឆ្នាំ ២០២៧ នោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម