Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្រ្តីវៀតណាមបញ្ជាឱ្យបង្កើនការនាំចូល​អគ្គិសនីពីឡាវ និងចិន

បានផុស

នៅ

​នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ុង (Le Minh Hung) បានបញ្ជាឱ្យចាត់វិធានការទប់ស្កាត់កង្វះខាតថាមពល រួមទាំងបង្កើនការនាំចូលអគ្គិសនីពីឡាវ និងចិន ​និង​រៀបចំដាក់ពង្រាយរោងចក្រថាមពលអណ្តែតទឹកក្នុងករណីមានអាសន្ន។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre កាលពីថ្ងៃពុធ (២៩ មេសា) ដោយស្រង់សេចក្ដីជូនដំណឹងរបស់រដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បទ​បញ្ជានេះ ​​ធ្វើឡើងចំពេលដែលអាស៊ីអាគ្នេយ៍ រួមទាំងវៀតណាម រឹតបន្តឹងសន្ដិសុខថាមពលដោយ​សារ​តែ​កង្វះការផ្គត់ផ្គង់ប្រេង និងឧស្ម័នពីមជ្ឈិមបូព៌ា ​ដែលបង្កឡើងពីវិបត្តិច្រកហ័រមូស្ស ចំពេលតំបន់ពឹងផ្អែក​ខ្លាំងលើថាមពលនាំចូល។

លោក Hung បាន​ថ្លែងក្នុងកិច្ចប្រជុំជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម​ថា ការផ្គត់ផ្គង់ថាមពល​ មានសារៈសំខាន់ណាស់ ហើយកង្វះខាត​អគ្គិសនី និងប្រេងឥន្ធនៈ មិនត្រូវកើត​មាន​ក្នុងកាលៈទេសៈណាដាច់ខាត។

លោកបានបញ្ជា​ក្រសួងឱ្យពន្លឿនគម្រោងបញ្ជូនអគ្គិសនី ដើម្បីឱ្យភាគខាងជើង​វៀតណាមអាចនាំចូលអគ្គិសនីបានកាន់តែច្រើននៅឆ្នាំ ២០២៧ និងកែសម្រួលកិច្ចព្រមព្រៀង និងផែនការថាមពលជាតិ ប្រសិនបើចាំបាច់ ដើម្បីបង្កើនការនាំចូលពីប្រទេសឡាវ។

ក្នុងសេចក្ដីជូនដំណឹងកាលពីថ្ងៃពុធ រដ្ឋាភិបាលវៀតណាម​ក៏បានអំពាវនាវឱ្យមានវិធានការបន្ទាន់ដើម្បីជំរុញការផ្គត់ផ្គង់ រួមទាំងការប្រើប្រាស់រោងចក្រថាមពលអណ្តែតទឹក ដើម្បីគាំទ្រដល់ផលិតកម្ម និងអាជីវកម្មនៅភាគខាងជើងជាដើម។

​ពាក់ព័ន្ធនឹង​ការផ្គត់ផ្គង់ប្រេងឥន្ធនៈ រដ្ឋាភិបាលបាននិយាយថា ភ្នាក់ងារនានាត្រូវតែតាមដានយ៉ាងដិតដល់នូវការវិវត្តនៃទីផ្សារ ធ្វើឱ្យមានតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ និងធានាថាមិនមានការរំខានណាមួយកើតឡើងឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម