Connect with us

ព័ត៌មានអន្ដរជាតិ

Chevron៖ កង្វះខាតប្រេងអាចលេច​ចេញជាបញ្ហាទូទាំងពិភពលោក​​ ជាពិសេសអាស៊ី

បានផុស

នៅ

ក្រុមហ៊ុនប្រេងយក្សនៅអាមេរិក Chevron ដែលជាក្រុមហ៊ុនមេរបស់ Caltex បាន​និយាយកាលពីថ្ងៃចន្ទថា កង្វះខាតប្រេងសកល អាចចាប់ផ្ដើមលេចចេញជាបញ្ហាជាក់ស្ដែង ប្រសិនបើច្រកហ័រមូហ្សនៅតែបន្តបិទ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Chevron លោក Mike Wirth បាន​ព្រមានយ៉ាងដូច្នេះ ចំពេលដែលភាពស្រពេចស្រពិលនៃ​ជម្លោះសហរដ្ឋអាមេរិក-អ៊ីរ៉ង់នៅតែបន្ត ​ដោយ​បង្កការអូសបន្លាយនៃវិបត្តិច្រកហ័រមូហ្ស ​ដែលជាផ្លូវដឹកជញ្ជូនប្រេង ២០% នៃតម្រូវការសកលមុនជម្លោះផ្ទុះឡើងចុងខែកុម្ភៈ។

លោក Wirth បាននិយាយក្នុងវេទិកាពិភាក្សាមួយ​ថា៖ «យើងនឹងចាប់ផ្តើមឃើញការខ្វះខាតជាក់ស្តែង» ដោយកត់សម្គាល់អំពីការផ្គត់ផ្គង់លើសតម្រូវការ​ក្នុងទីផ្សារពាណិជ្ជកម្ម ការស្តុកប្រេងនៅលើនាវាដើម្បីបញ្ចៀសទណ្ឌកម្ម ​និងការប្រើប្រាស់ច្រើននៃប្រេងស្ដុករបស់ជាតិ​។

​លោក​ Wirth ថ្លែងថា៖ «​សេដ្ឋកិច្ចរបស់ប្រទេសនានា នឹងត្រូវថយចុះ»។ ​អាស៊ីពឹងផ្អែកខ្លាំង​ជាងគេលើ​ផលិតកម្ម​ប្រេង និងរោងចក្រចម្រាញ់ប្រេង​ពីឈូងសមុទ្រពែរ្ស ខណៈ​អឺរ៉ុប ទំនងជារងផលប៉ះពាល់បន្ទាប់។

នាយកប្រតិបត្តិដដែល​បាន​​កត់សម្គាល់ថា សហរដ្ឋអាមេរិក ដែលជាអ្នកនាំចេញប្រេងឆៅសុទ្ធ ក៏ត្រូវរងផលប៉ះពាល់ផងដែរ ទោះបីជា​វា​ស្រាល​ជាងប្រទេសដទៃទៀតក្ដី។ ​​

លោក Wirth បាននិយាយទៀតថា ផលប៉ះពាល់ជារួមនៃការបិទច្រកសមុទ្រហ័រមូហ្ស គឺ «អាចមានទំហំធំដូចនៅទសវត្សរ៍ឆ្នាំ ១៩៧០»។ ការរំខានដល់ការផ្គត់ផ្គង់ធំៗ២ក្នុងទសវត្សរ៍នោះ បានធ្វើឱ្យសេដ្ឋកិច្ចនៅជុំវិញពិភពលោករង្គោះរង្គើ ដែលនាំឱ្យមានការកំណត់កម្រិតប្រេងឥន្ធនៈ និង​អ្នកប្រើប្រាស់តម្រង់ជួរគ្នាចាំទិញប្រេងនៅតាមស្ថានីយលក់រាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម