ព័ត៌មានអន្ដរជាតិ
អាមេរិកបើកភ្លើងខៀវឱ្យ Nvidia លក់បន្ទះឈីប H200 ទៅក្រុមហ៊ុនចិនចំនួន ១០
សហរដ្ឋអាមេរិកបានបើកភ្លើងខៀវឱ្យក្រុមហ៊ុនផលិតបន្ទះឈីប Nvidia លក់បន្ទះឈីបទំនើបប្រភេទ H200 ទៅឱ្យក្រុមហ៊ុនចិនប្រមាណ ១០ រួមមាន Alibaba, Tencent, ByteDance និង JD.com។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដោយស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះ។

ទោះបីមានការអនុម័តបែបនេះក្ដី Nvidia មិនទាន់បានដឹកជញ្ជូនណាមួយទៅឱ្យចិននៅឡើយទេ ខណៈភាគីចិននៅតែប្រុងប្រយ័ត្នចំពោះការពឹងផ្អែកលើបច្ចេកវិទ្យាអាមេរិក ដោយងាកទៅពង្រឹងផលិតកម្មបន្ទះឈីបក្នុងស្រុក ជាពិសេសបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI)។
សេចក្ដីរាយការណ៍ជុំវិញបញ្ហានេះ ធ្វើឡើងស្របពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បានធ្វើដំណើរទៅចិន ជាមួយគណៈប្រតិភូរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីជួបដោយផ្ទាល់មុខជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅសប្ដាហ៍នេះ។ ជំនួបត្រាំ-ស៊ី ត្រូវបានគេមើលឃើញថា អាចជួយបន្ធូរភាពតានតឹងផ្នែកបច្ចេកវិទ្យារវាងគូប្រជែងទាំង២ ដែលអាចបើកឱកាសជាថ្មីសម្រាប់ Nvidia លើទីផ្សារចិន។
ប្រភពព័ត៌មានមិនបញ្ចេញឈ្មោះ បានប្រាប់រ៉យទ័រថា ក្រុមហ៊ុនចិននីមួយៗអាចទិញបន្ទះឈីប H200 បានរហូតដល់ ៧៥ ០០០ បន្ទះ ក្រោមលក្ខខណ្ឌត្រួតពិនិត្យរបស់អាមេរិក។ ទោះយ៉ាងណា រដ្ឋាភិបាលចិនកំពុងពិនិត្យយ៉ាងតឹងរឹង ព្រោះបារម្ភថា ការនាំចូលឈីប Nvidia អាចធ្វើឱ្យចិនពឹងផ្អែកលើបច្ចេកវិទ្យាបរទេស និងប៉ះពាល់ដល់ការអភិវឌ្ឍឈីបក្នុងស្រុករបស់ខ្លួន ដូចជាឈីបរបស់ Huawei ជាដើម។
លោក Jensen Huang ធ្លាប់ព្រមានថា ការរឹតបន្តឹងការនាំចេញរបស់អាមេរិក កំពុងធ្វើឱ្យ Nvidia បាត់បង់ទីផ្សារនៅចិន ដែលធ្លាប់មានចំណែករហូតដល់ ៩៥% នៃទីផ្សារឈីប AI ទំនើបកម្រិតខ្ពស់។

ថ្លែងក្នុងសវនាការព្រឹទ្ធសភាកាលពីខែមុន រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក Howard Lutnick បាននិយាយថា៖ «រដ្ឋាភិបាលចិន មិនទាន់អនុញ្ញាតឱ្យក្រុមហ៊ុនខ្លួនទិញឈីបទាំងនេះនៅឡើយទេ ព្រោះពួកគេចង់ផ្តោតលើឧស្សាហកម្មក្នុងស្រុករបស់ខ្លួន»។ មែនទែនទៅ អាមេរិកបើកភ្លើងខៀវតាំងតែពីចុងឆ្នាំ ២០២៥ ប៉ុន្តែការបញ្ជាទិញ និងដឹកជញ្ជូននៅតែជាប់គាំងមកទល់ពេលនេះ។
គួរគូសបញ្ជាក់ថា មុនអាមេរិករឹតបន្តឹងការនាំចេញបន្ទះឈីបទៅចិនជាបន្តបន្ទាប់កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុន Nvidia បានគ្រប់គ្រងប្រហែល ៩៥% នៃទីផ្សារបន្ទះឈីប AI ទំនើបរបស់ប្រទេសចិន ខណៈចិនរួមចំណែកប្រហែល ១៣% នៃប្រាក់ចំណូលសកលរបស់ Nvidia។ លោក Jensen Huang ពីមុន ធ្លាប់បានប៉ាន់ប្រមាណថា ទីផ្សារ AI របស់ចិនតែមួយ អាចមានតម្លៃ ៥០ ប៊ីលានដុល្លារនៅឆ្នាំ ២០២៥។
អាមេរិកបានបង្កើនការរឹតបន្តឹងកាន់តែខ្លាំងនៅដើមឆ្នាំ ២០២៥ ដោយសំអាងថា វិធានការរបស់ខ្លួនគឺដើម្បីពន្យឺតការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងយោធារបស់ចិន។ យ៉ាងណាមិញ ការរឹតបន្តឹងទាំងនេះ បានពន្លឿនការជំរុញរបស់ចិនឱ្យពឹងផ្អែកលើខ្លួនឯងក្នុងវិស័យបន្ទះឈីប។ ក្រុមហ៊ុនចិនកំពុងវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍបន្ទះឈីប AI ក្នុងស្រុក ដោយក្រុមហ៊ុនដូចជា Huawei លេចចេញជាជម្រើសក្នុងស្រុកដ៏សំខាន់ជំនួស Nvidia៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


