Connect with us

សេដ្ឋកិច្ច

កម្ពុជា­‑ចិនរួមគ្នាស្រាវជ្រាវ និងបណ្តុះបណ្តាល​បច្ចេកទេសលើវិស័យ​ផ្លូវដែក

បានផុស

នៅ

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនសហការជាមួយសាកលវិទ្យាល័យ Beijing Jiao Tong University (BJTU)និងក្រុមហ៊ុន Beijing Urban Construction Groupកាលពីថ្ងៃទី១២ខែឧសភាឆ្នាំ​២០២២បាន​ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស និងកិច្ច​សហប្រតិបត្តិការត្រីភាគីក្នុងការផ្លាស់ប្តូរនិស្សិត និងការចុះកម្មសិក្សា ទស្សនកិច្ច ឯកទេសសាងសង់ ការស្រាវជ្រាវរួមគ្នា និងការបណ្តុះបណ្តាលបច្ចេកទេសវិស័យផ្លូវដែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនបានថ្លែងក្នុងពិធីចុះហត្ថលេខានោះថា ការចាប់ដៃគូជាមួយស្ថាប័នចិនទាំងពីរខាងលើនេះក្នុងគោលបំណងបណ្តុះបណ្តាលកូនខ្មែរឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងមានសីលធម៌ អត្តចរិត ចរិយាសម្បតិ្តត្រឹមត្រូវ ដើម្បីដោះស្រាយវិបត្តិកង្វះ​អ្នកជំនាញ​បច្ចេកទេសនាពេលបច្ចុប្បន្ន និងបង្កើតឱ្យមានអ្នកបន្តវេនរបស់កម្ពុជាដ៏មានសក្តានុពល និងស្មារតីទទួលខុស​ត្រូវលើវិស័យសាធារណការ និងដឹកជញ្ជូន នាពេលអនាគត រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា អនុស្សរណៈ នៃការយោគយល់គ្នានេះ គឺជាធាតុសំខាន់បំផុតមួយ ដែលរួមចំណែកដល់ការបង្កើតកិច្ចសហប្រតិបត្តិការ​ត្រីភាគីប្រកបដោយប្រសិទ្ធភាព រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សាកលវិទ្យាល័យ Beijing Jiao Tong University និងក្រុមហ៊ុន Beijing Urban Construction Group ដើម្បីធានាគុណភាព នៃការអប់រំ សមស្របទៅនឹងតម្រូវការទីផ្សារ និងផ្តល់ជំនួយបច្ចេកទេស ដែលជាអត្ថប្រយោជន៍​ដ៏ធំធេងសម្រាប់សិស្សានុសិស្សក្នុងការពង្រីកឱកាសការងារជំនាញ ចំណេះដឹងឱ្យកាន់តែទូលំទូលាយ។ 

លោក HUANG Taiyan លេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានក្រុមប្រឹក្សានៃសាកលវិទ្យាល័យ Beijing Jiao Tong University បានបន្ថែមថា សាកលវិទ្យាល័យ BJTU នឹងរង់ចាំការពង្រឹងទំនាក់ទំនង​ជាមួយវិទ្យា​ស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Beijing Urban Construction Group ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងការផ្លាស់ប្តូរនិស្សិត និងការចុះកម្មសិក្សា ទស្សនកិច្ច ឯកទេសសាងសង់ ការស្រាវជ្រាវរួមគ្នា និងការបណ្តុះបណ្តាលបច្ចេកទេសផ្លូវដែក ដែលដើរតួនាទី​យ៉ាងសំខាន់ក្នុងការរក្សានូវមិត្តភាព វិបុលភាពរួមគ្នា និងផលប្រយោជន៍ទៅ​វិញទៅមកនៃប្រទេសទាំងពីរ។

លោក Chen Daihua ប្រធានក្រុមហ៊ុន Beijing Urban Construction Group បានឱ្យដឹងដែរថា ក្រុមហ៊ុន BUCG ជាសហគ្រាសសំណង់ធំមួយរបស់រដ្ឋ ហើយក៏ជាសហគ្រាសមួយក្នុងចំណោមសហ​គ្រាសកំពូលទាំង៥០០​របស់ចិន ឋិតក្នុងចំណាត់ថ្នាក់ទី១៤ នៅក្នុង “កំពូលអ្នកម៉ៅការសំណង់ជាសកល ២៥០” នៃ ENR ។

លោកបានបន្តថា ក្រុមហ៊ុន BUCG និងសាកលវិទ្យាល័យ Beijing Jiao Tong University មានកិច្ចសហប្រតិបត្តិការជាច្រើនក្នុងវិស័យដឹកជញ្ជូនផ្លូវដែកក្នុងទីក្រុង ការបណ្តុះបណ្តាលសមត្ថភាព ការស្រាវជ្រាវគម្រោង និងការផ្លាស់ប្តូរបទពិសោធន៍ជាច្រើន ដែលបានបង្កើតបានជាមូល​ដ្ឋានគ្រឹះដ៏ល្អសម្រាប់ការអភិវឌ្ឍរួមគ្នារវាងស្ថាប័នទាំងពីរ។

លោកសង្ឃឹមថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សាកលវិទ្យាល័យ Beijing Jiao Tong University និងក្រុមហ៊ុន BUCG អាចឆ្ពោះទៅមុខរួមគ្នា ដើម្បីលើកកម្ពស់ការបង្កើតទ្រឹស្តី ក៏ដូចជាការអនុវត្តទ្រឹស្តីទាំងនោះដោយផ្ទាល់ ព្រមទាំងបង្កើតកម្មវិធីសម្រាប់ការបណ្តុះ​បណ្តាលសមត្ថភាពធនធានមនុស្សរួមគ្នា៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម