សេដ្ឋកិច្ច
ការស្ទង់មតិ៖ ក្រុមហ៊ុនជប៉ុនភាគច្រើន មិនចង់ឱ្យរដ្ឋាភិបាលដើរតាមគំរូបង្កើនពន្ធលើចិនដូចអាមេរិក
លទ្ធផលស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញថា ក្រុមហ៊ុនជប៉ុនភាគច្រើនយល់ឃើញថា វាគ្មានភាពចាំបាច់នោះទេ ដែលរដ្ឋាភិបាលជប៉ុនត្រូវដើរតាមគំរូដំឡើងពន្ធលើទំនិញនាំចូលពីចិន ដូចសហរដ្ឋអាមេរិក។

បើតាមរ៉យទ័រ ៦១ ភាគរយនៃក្រុមហ៊ុនដែលបានឆ្លើយតបការស្ទង់មតិ បាននិយាយថា ជប៉ុនមិនចាំបាច់ចេញវិធានការស្រដៀងអាមេរិកទេ ខណៈ ៣៩ ភាគរយ យល់ឃើញផ្ទុយពីនេះ។ ៥៣ ភាគរយនៃក្រុមហ៊ុន បាននិយាយថា សមត្ថភាពផលិតហួសប្រមាណរបស់ចិន បង្កផលប៉ះពាល់តិចតួចស្ទើរតែគ្មាន ដល់អាជីវកម្មរបស់ពួកគេ។
គួរគូសបញ្ជាក់ថា ការស្ទង់មតិរបស់រ៉យទ័រ ដែលរៀបចំឡើងដោយ Nikkei Research ចន្លោះថ្ងៃទី ៥-១៤ ខែមិថុនា គ្រោងធ្វើឡើងចំពោះក្រុមហ៊ុនជប៉ុនចំនួន ៤៩២ ក្រុមហ៊ុនជាអនាមិក ប៉ុន្តែមានតែប្រហែល ២៣០ ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានឆ្លើយតប។
អ្នកគ្រប់គ្រងនៅក្រុមហ៊ុនគីមីមួយ បានសរសេរនៅលើផ្នែកបញ្ចេញមតិនៃការស្ទង់មតិថា យុទ្ធសាស្រ្តដូចអាមេរិក «អាចនាំឱ្យមានភាពកាន់តែតានតឹងនៃវិធានការ និងវិធានការឆ្លើយតបគ្នាទៅវិញទៅមក ហើយលក្ខខណ្ឌសេដ្ឋកិច្ចនឹងកាន់តែអាក្រក់ទៅៗ»។

គួររំឭកថា កាលពីខែមុន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីការដំឡើងពន្ធដ៏ច្រើនសន្ធឹកសន្ធាប់លើទំនិញចិនផ្សេងៗ រួមទាំងពន្ធ ១០០ ភាគរយលើរថយន្តអគ្គិសនីចិន។ អាមេរិកចោទប្រកាន់ថា ចិនបានផ្ដល់ការឧបត្ថម្ភធនសម្រាប់ក្រុមហ៊ុនក្នុងស្រុកខ្លួន ដែលងាយស្រួលឱ្យក្រុមហ៊ុនទាំងនោះនាំចេញទំនិញហូរហៀទៅពន្លិចទីផ្សារបរទេសក្នុងតម្លៃថោកៗ។ ក្រោមហេតុផលដូចគ្នានេះ សហភាពអឺរ៉ុប ក៏ប្រកាសពីការដំឡើងពន្ធលើរថយន្តអគ្គិសនីចិនផងដែរ ដើម្បី «ការពារក្រុមហ៊ុនក្នុងស្រុក» ពីការអនុវត្តទីផ្សារមិនស្មើភាពរបស់ចិន។
ក្រោយមកទៀត ក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង៧ (G7) ដែលរួមមានទាំងជប៉ុន កាលពីសប្តាហ៍មុន បានបន្ទរពីលើការព្រួយបារម្ភនេះ ក្នុងអ្វីដែលប្លុកហៅថា «ការអនុវត្តក្រៅទីផ្សារដែលបង្កគ្រោះថ្នាក់» របស់ប្រទេសចិន។
ប្រតិកម្មទៅការណ៍ទាំងនេះ ប្រទេសចិនបានព្រមានថានឹងចាត់វិធានការឆ្លើយតប ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ក៏ដូចជា ប្ដឹងតវ៉ាទៅអង្គការពាណិជ្ចកម្មពិភពលោកជាដើម។ មកទល់ពេលនេះ ចិនបានឆ្លើយតបជាបណ្ដើរៗហើយ រួមមានទាំងការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចតម្លៃលើសាច់ជ្រូកនាំចូលពីអឺរ៉ុប ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ក្រុមហ៊ុនក្នុងស្រុកចិនទាមទារឱ្យរដ្ឋាភិបាលក្រុងប៉េកាំងសងសឹងទៅអឺរ៉ុបវិញ ដោយការដំឡើងពន្ធដូចគ្នាលើរថយន្តស៊ីសាំងនាំចូលពីប្លុកនេះ។
ចិនកន្លងមក ក៏បានច្រានចោលផងដែរ នូវការចោទប្រកាន់របស់លោកខាងលិចពាក់ព័ន្ធនឹងករណីឧបត្ថម្ភធន ថាជាការពន្លើស និងគ្មានមូលដ្ឋាន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


