Connect with us

ព័ត៌មានអន្ដរជាតិ

ប្រេស៊ីលផ្អាកការសាងសង់រោងចក្ររបស់​ BYD ក្រោយ​រកឃើញថា កម្មករសំណង់​ធ្វើការដូចទាសករ

បានផុស

នៅ

អាជ្ញាធរប្រេស៊ីលបានផ្អាកការសាងសង់រោង​ចក្រ​​រថយន្តអគ្គិសនី​ (EV) ​របស់​ក្រុមហ៊ុន​ផលិតរថយន្តអគ្គិសនីយក្សចិន​ BYD ​ជាបណ្ដោះ​អាសន្នសិន​ ក្រោយ​រកឃើញថា​ កម្មករសំណង់នៅ​ទីនោះធ្វើការ​ និង​​រស់​នៅ​ក្នុងស្ថានភាព​ដូចទាសករ​។ នេះបើ​តាម​ការចុះ​ផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យ​​រដ្ឋអាជ្ញាការងារប្រេស៊ីល (MPT) បាន​ឱ្យដឹង​នៅក្នុងសេចក្ដីថ្លែងការណ៍​កាល​ពី​ថ្ងៃអង្គារ​ ជនជាតិចិនចំនួន ១៦៣ នាក់ត្រូវបានអាជ្ញាធរ​ជួយសង្គ្រោះ បន្ទាប់ពី​រក​ឃើញ​ថា​ ពួកគេកំពុងធ្វើការក្នុង​ «លក្ខខណ្ឌដូច​ជា​ទាសករ»​ ​នៅ​ការដ្ឋានសំណង់សាងសង់រោងចក្ររបស់​ BYD នា​រដ្ឋ​ Bahia​ នៅភាគឦសានប្រទេសប្រេស៊ីល​។

ការិយាល័យដដែលបន្តថា​ កម្មករ​ទាំង​នោះ ​​ត្រូវបាន​ក្រុមហ៊ុន Jinjiang Construction Brazil ដែល​ជា​ក្រុមហ៊ុន​​ម៉ៅការ​​មួយ​​ក្នុង​ការ​ដ្ឋានសំណង់ ជួលពួកគេ​ពី​ក្នុងប្រទេសចិន​។ ក្រុមហ៊ុននេះបាន​រឹបអូស​លិខិតឆ្លងដែន​របស់​កម្មករ និងកិបប្រាក់ឈ្នួល​របស់​ពួកគេទុក រហូតដល់ ៦០ ភាគរយ​។ ​​អ្នកដែលឈប់ពីការងារ នឹងត្រូវបង្ខំឱ្យបង់ប្រាក់ឱ្យក្រុមហ៊ុនសម្រាប់ថ្លៃសំបុត្រយន្តហោះទៅ-មក​ពី​​ប្រទេសចិន។

ការិយាល័យរដ្ឋ​អាជ្ញា​បាន​បញ្ចេញ​វិដេអូ​នៃ​បន្ទប់​ស្នាក់​របស់កម្មករ​សំណង់ ដែល​បង្ហាញពី​​គ្រែ​គ្មាន​ពូក និង​បន្ទប់​គ្មាន​កន្លែងទុក​​​​របស់​ផ្ទាល់ខ្លួន និង​បន្ទប់​ទឹក​១​ ប្រើ​គ្នា​ ៣១ នាក់​ជាដើម​។ កម្មករ​ត្រូវងើប​ពី​ម៉ោង ៤ ព្រឹក​រៀបចំខ្លួន និង​ចេញ​ទៅធ្វើការ​នៅ​ម៉ោង​ ៥ កន្លះ​ព្រឹក​។

បើ​តាម​ MPT «លក្ខខណ្ឌដូចទាសភាព» ​តាម​ច្បាប់របស់ប្រេស៊ីល រួមមានការជាប់បំណុល និងការងារដែលបំពានសេចក្តីថ្លៃថ្នូររបស់មនុស្ស។ ការិយាល័យ​បន្តថា​ ​ស្ថានភាពនេះក៏បង្កើតជា «ពលកម្មដោយបង្ខំ» ដោយសារកម្មករជាច្រើនបានគេដកប្រាក់ឈ្នួលរបស់​ខ្លួន​ ហើយប្រឈមមុខនឹងការចំណាយ​ច្រើន​ខ្លាំង​ សម្រាប់ការបញ្ចប់កិច្ចសន្យាការងារ​របស់ពួកគេ។

ឆ្លើយតប​នឹង​ព័ត៌មាន​នេះ ក្រុមហ៊ុន BYD ដែល​ជា​ក្រុមហ៊ុនផលិតរថយន្ត​អគ្គិសនី​ដ៏​ធំបំផុត​របស់​ពិភព​លោក​ បាន​និយាយថា​ ខ្លួន​បាន​ផ្ដាច់កុងត្រាជាមួយ​ក្រុមហ៊ុនម៉ៅការ Jinjiang ហើយសិក្សា​ពី​វិធានការ​សមស្រប។ BYD បាននិយាយថា កម្មករទាំង​អស់​នឹង​ទទួល​បាន​ការ​ស្នាក់នៅក្នុងសណ្ឋាគារក្បែរនោះសម្រាប់ពេលបច្ចុប្បន្ន ហើយពួក​គេ​អាច​សម្រេចចិត្ត​ឈប់​ធ្វើការ​បាន​ដោយ​មិន​ប៉ះពាល់អ្វីនោះទេ។

គួរគូស​បញ្ជាក់ថា រោងចក្រផលិតរថយន្តអគ្គិសនី​របស់ BYD ដែល​ស្ថិត​នៅ​ទីក្រុង​ Camaçari នៃរដ្ឋ​ Bahia គ្រោង​នឹងចាប់ផ្ដើម​​ដំណើរ​ការ​នៅ​ខែមីនា ឆ្នាំ​ ២០២៥ ហើយវា​គឺជា​រោងចក្ររបស់​ BYD ក្រៅទី្វបអាស៊ីដំបូងបង្អស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម