Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន BYD ​កំពុងបោះជំហាន​ទៅរកការបង្កើត​មជ្ឍមណ្ឌលរថយន្ត​ដ៏ធំជាងគេ​នៅកម្ពុជា​

បានផុស

នៅ

ក្រុមហ៊ុន BYD ​កំពុងបោះជំហានទៅរកការបង្កើតមជ្ឈមណ្ឌលរថយន្ត (Car Center) ដែលអាច​នឹង​ក្លាយ​ជាមជ្ឈ​មណ្ឌល​ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ហើយផ្អែកលើតម្រូវ​ការទីផ្សារ​ដែល​កើន​ឡើង ក្រុមហ៊ុនក៏មានផែនការបង្កើនសមត្ថភាពផលិតកម្មបន្ថែមទៀត ដើម្បីឆ្លើយតបនឹង​ការគាំ​ទ្រ​របស់ប្រជាជនកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោងចក្រដំឡើងរថយន្ត BYD Cambodia ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ភូមិបិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់ និងដាក់ដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ​២០២៥។

​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​នៅថ្ងៃទី ៣០ ខែមករា ​ឆ្នាំ ២០២៦​ បានអនុញ្ញាតឱ្យគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់នៃសម្ព័ន្ធ BYD ដឹកនាំដោយលោក Liu Xueliang អគ្គនាយកគ្រប់គ្រងផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបពិភាក្សាការងារ ជុំវិញវឌ្ឍនភាពនៃការវិនិយោគ និងទិសដៅពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា។

​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​សម្ដែងការអរគុណដល់ក្រុមហ៊ុន BYD ដែលមានជំនឿចិត្ត​យ៉ាងមុត​មាំលើសន្តិភាព ស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា និងបានបញ្ជាក់​ជាថ្មីថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ តែងតែត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសម្របសម្រួល ដែល​ក្រុមហ៊ុនត្រូវការ ដើម្បីធានាថាប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនប្រព្រឹត្តទៅដោយរលូន និង​ជោគ​ជ័យបំផុត។​

​ថ្នាក់ដឹកនាំក្រុមហ៊ុន BYD ​បានរាយការណ៍ពីបច្ចុប្បន្នភាពនៃវឌ្ឍនភាពការងារសំខាន់ៗ ពិសេស​ករណីដែល យានយន្ត​ទី១ និងទី២ ដំឡើងផ្ទាល់នៅកម្ពុជា ត្រូវបានប្រគល់ជូន​ដល់ដៃ​អតិថិជន​ជា​ស្ថាពរ ដែលនេះជាសក្ខីភាពនៃការទទួលស្គាល់គុណភាពផលិតកម្មក្នុងស្រុក។ ​

​ថ្នាក់ដឹកនាំក្រុមហ៊ុន BYD ក៏បាននិងកំពុងផ្សព្វផ្សាយពីភាពជោគជ័យ​ និងសក្តានុពលវិនិយោគ​នៅ​កម្ពុជា ទៅកាន់ដៃគូអាជីវកម្មក្នុងបណ្តាញសហគមន៍របស់ខ្លួន ដើម្បីទាក់ទាញវិនិយោគិន​ដទៃទៀត​មក​កាន់កម្ពុជាផងដែរ។

​លើសពីការផ្គុំដំឡើងរថយន្តប្រភេទគ្រួសារ ទេសចរណ៍​ ភាគីទាំងពីរបានពិភាក្សា​យ៉ាងស៊ីជម្រៅ​លើ​គម្រោងអភិវឌ្ឍន៍ និងការពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ដែលឆ្លើយ​តប​នឹង​តម្រូវការសង្គម និងសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់យានយន្តអគ្គិសនីរបស់ BYD៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម