សេដ្ឋកិច្ច
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងទាក់ទាញការតភ្ជាប់ជើងហោះហើរត្រង់ឆ្លងទ្វីប កាន់តែច្រើន
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានអះអាងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងទាក់ទាញការហោះហើរត្រង់ឆ្លងទ្វីបបន្ថែមទៀត បន្ទាប់ពីអាកាសយានដ្ឋានដាក់ឱ្យដំណើរការនៅក្នុងខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ។

លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងក្នុងពេលដឹកនាំប្រតិបត្តិករទេសចរណ៍ជិត ២០០ ក្រុមហ៊ុន ធ្វើទស្សនកិច្ចនៅព្រលានយន្តហោះអន្តរជាតិតេជោនៅរសៀលថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥។
លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា នេះជាសមិទ្ធផលមួយដ៏អស្ចារ្យសម្រាប់កម្ពុជាដែលទទួលបានអាកាសយានដ្ឋានអន្តរជាតិដ៏ល្អ ស្អាត និងបំពាក់បច្ចេកវិទ្យា។
លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងនាំមកនូវកិត្យានុភាពរបស់កម្ពុជា ខណៈកម្ពុជាអាចយកផលិផលមួយនេះ ទៅលើឆាកអន្តរជាតិ ដើម្បីធ្វើការផ្សព្វផ្សាយក្នុងការទាក់ទាញជើងហោះហើរត្រង់បន្ថែមទៀត និងបង្ហាញភ្ញៀវទេសចរណ៍នៅលើពិភពលោកឱ្យបានឃើញថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលនូវការវិនិយោគធំៗនូវការទទួលការហោះហើរត្រង់ និងទទួលភ្ញៀវគ្រប់ជាតិសាសន៍។

លោកស្រី ឆាយ ស៊ីវលីនថ្លែងថា៖ «ទី១ ការបន្ថែមនូវការហោះហើរចូល យើងមានកន្លែងចុះនូវយន្តហោះធំៗ ជាផ្នែកមួយសំខាន់ក្នុងការទាក់ទាញទៅដល់ប្រភេទយន្តហោះធំៗ ព្រោះថា ការហោះហើរឆ្លងទ្វីប គឺទាមទារនូវការប្រើប្រាស់ប្រភេទយន្តហោះធំៗ អញ្ចឹងទាល់តែអាកាសយានដ្ឋានរបស់យើងមានសមត្ថភាពក្នុងការទទួលផងដែរអញ្ចឹងយើងមើលឃើញហើយថា អាកាសយានដ្ឋានមួយនេះមានសមត្ថភាពធំខ្លាំងណាស់ ដែលនឹងអាចទាក់ទាញការហោះហើរត្រង់ចូល»។
បើតាមលោកស្រី ឆាយ ស៊ីវលីន កាលណាមានមធ្យោបាយធ្វើដំណើរមកពីប្រទេសធំៗច្រើន លំហូរភ្ញៀវទេសចរនឹងមានការកើនឡើង ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើន តាមរយៈការទទួលភ្ញៀវទេសចរ ដែលផ្ដល់ការងារដល់ប្រជាពលរដ្ឋ និងអាជីវកម្មសេវាកម្មដែលបម្រើក្នុងវិស័យទេសចរណ៍នឹងទទួលបានអត្ថប្រយោជន៍រួមទៅដល់សេដ្ឋកិច្ចជាតិ។

គិតត្រឹមថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់បានប្រមាណ ៩៥ ភាគរយ ចំណាយថវិកាប្រមាណ ១ ពាន់ ៤០០ លានដុល្លារ និងគ្រោងដាក់ឱ្យដំណើរការនៅក្នុងខែកក្កដា ឆ្នាំ ២០២៥។
ការងារសំណង់សំខាន់ៗ ដូចជាការងារពាក់ព័ន្ធសំណង់ស្ថានីយអ្នកដំណើរ, ការងារពាក់ព័ន្ធសំណង់មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល និងការងារពាក់ព័ន្ធទៅនឹងទីលានចតយន្តហោះ ត្រូវបានបញ្ចប់មួយផ្នែកធំនាបំណាច់ឆ្នាំ ២០២៤ និងមួយចំនួនទៀតក្នុងខែមករា ឆ្នាំ ២០២៥នេះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ ឈ្មោះ ជា សំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោម ១១-ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅ លើពិភពលោក ដោយដាក់ទីតាំងព្រលានយន្តហោះតេជោនៅជួរមុខនៃការរចនាប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលានបច្ចុប្បន្ន។
គម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិតេជោ មានទុនវិនិយោគប្រមាណ ១ ៥០០ លានដុល្លារពីការវិនិយោគរួមគ្នារវាងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងរដ្ឋាភិបាលកម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ។
បើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលតាមជើងហោះហើរជាង ៦ លាននាក់ កើនឡើង ២២% ធៀបនឹងឆ្នាំ ២០២៣ ទទួលបានជើងហោះហើរជិត ៦ ម៉ឺនជើង (៥៨,៣៥៤) កើនឡើង ១៤%៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


