ព័ត៌មានជាតិ
គិតដល់ពេលនេះ មានប្រទេសចំនួន ១២ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
តាមរយៈអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា (ភ្នំពេញ សៀមរាប និងព្រះសីហនុ) មានប្រទេសចំនួន ១២ បានតភ្ជាប់ជើងហោះហើរអន្តរជាតិមកកាន់ប្រទេសកម្ពុជា។
ជើងហោះហើរអន្តរជាតិត្រូវបានពង្រឹងនិងពង្រីក ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ជាក់ស្តែងការតភ្ជាប់ជើងហោះហើរជាប្រវត្តិសាស្ត្ររវាងរាជធានីភ្នំពេញ និងរដ្ឋធានីញូវដែលីប្រទេសឥណ្ឌា និងការចាប់ផ្តើមហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត និងកាតា ដែលផ្សារភ្ជាប់ជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងឌូបៃ និងទីក្រុងដូហា។

បើតាមមន្រ្តីអាកាសចរស៊ីវិល អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា (ភ្នំពេញ សៀមរាប និងព្រះសីហនុ) បានតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសចំនួន ១២ ព្រមទាំងតំបន់រដ្ឋបាលពិសេសហុងកុង និងកោះតៃវ៉ាន់ ដោយគិតជាសរុបបានតភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ នៅក្នុងតំបន់ និងសកលលោក និងមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិប្រតិបត្តិការសរុបចំនួន ៣១ ក្រុមហ៊ុន។
នៅឆ្នាំ ២០២៤ អ្នកដំណើរតាមផ្លូវអាកាសមកប្រទេសកម្ពុជាមានប្រមាណ ៦,២៤ លាននាក់ ដែលមានកំណើនប្រមាណ ២២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣ ដែលមានចំនួនអ្នកដំណើរសរុបចំនួន ៥,១១ លាននាក់។
ស្របពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោកំពុងសាងសង់សម្រេចបានជាង ៩៥% និងគ្រោងដាក់ឲ្យដំណើរការនៅអំឡុងខែកក្កដានេះ ក៏រំពឹងនឹងមានក្រុមហ៊ុនអាកាសចរណ៍ថ្មីៗបន្ថែមទៀត នឹងពង្រីកការតភ្ជាប់ជើងហោះហើរមកប្រទេសកម្ពុជា។
បើតាមការបង្ហើបពីក្រុមហ៊ុនអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ មានក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន ៣ ទៀត គ្រោងនឹងតភ្ជាប់ការហោះហើរមកព្រលានអន្តរជាតិតេជោ ដែលគ្រោងនឹងដាក់ឲ្យដំណើរការនៅពេលខាងមុខ។
អ្នកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន Cambodia Airport Investment បានប្រាប់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចអាកាសយានដ្ឋានអន្តរជាតិតេជោកាលពីពេលថ្មីៗនេះថា មានក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន ៣ បន្ថែម បានប្រកាសនឹងបើកការហោះហើរមកអាកាសយានដ្ឋានអន្តរជាតិតេជោ។
ក្រុមហ៊ុនអាកាសចរណ៍ទាំង ៣ ជាក្រុមហ៊ុនថ្មីសន្លាង ដែលនឹងចាប់ផ្តើមបើកប្រតិបត្តិការភ្ជាប់ជើងហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោជាបន្តបន្ទាប់នៅឆ្នាំ ២០២៥។ នេះបើតាម អ្នកឧកញ៉ា ឆារស៍ វ៉ាន់។
ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines កាលពីពេលថ្មីៗនេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មានពីគម្រោងបើកការហោះហើរពីទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួគី មកទីក្រុងភ្នំពេញនៅអំឡុងខែធ្នូ ឆ្នាំ២០២៥។
ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បានបញ្ជាក់ថា ការតភ្ជាប់ជើងហោះហើរពីទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី មកទីក្រុងភ្នំពេញ ក្រុមហ៊ុននឹងប្រើប្រាស់យន្តហោះខ្នាតធំប្រភេទ Airbus A330 ឬ Boeing 777។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនក៏បានបញ្ជាក់ថា កម្ពុជាជាប្រទេសទី ៧ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលក្រុបហ៊ុននឹងបើកប្រតិបត្តិការភ្ជាប់ការហោះហើរដោយផ្ទាល់ ខណៈក្រុមហ៊ុនមានបណ្តាញដឹកជញ្ជូនគ្របដណ្តប់ ២១ ប្រទេស និង ២០ ទីក្រុងនៅជុំវិញពិភពលោក។
កម្ពុជាបានដាក់គោលដៅទាក់ទាញអ្នកដំណើរតាមផ្លូវអាកាសឲ្យបានចំនួន ៧,៥ លាននាក់ និងទំនិញចំនួន ៨០ ពាន់តោន នៅក្នុងឆ្នាំ២០២៥។
ពាក់ព័ន្ធការអនុវត្តគោលនយោបាយបើកចំហជើងមេឃរបស់រដ្ឋាភិបាល អាកាសចរស៊ីវិលកម្ពុជាកំពុងជំរុញឱ្យមានការហោះហើរជាលក្ខណៈជួល (Charter Flights) ឲ្យកាន់តែច្រើនឡើងថែមទៀត និងសម្រួលនីតិវិធីដើម្បីគាំទ្រដល់ការរៀបចំជើងហោះហើរថ្មីៗរបស់ក្រុមហ៊ុនផ្សេងៗ ក្នុងន័យជំរុញឱ្យមានសន្ទុះរីកចម្រើនដល់ការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្លើយតបតម្រូវការទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្ម និងការផ្សារភ្ជាប់ទំនាក់ទំនងសង្គម-វប្បធម៌កម្ពុជាទៅកាន់អន្តរជាតិ និងអន្តរជាតិមកកាន់កម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


