សេដ្ឋកិច្ច
កម្ពុជានឹងតភ្ជាប់ជើងហោះហើរត្រង់ទៅអូស្ត្រាលីនៅពេលខាងមុខ
ដោយមើលឃើញអំពីកំណើននៃអ្នកដំណើរនាពេលបច្ចុប្បន្ន កម្ពុជានឹងតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ប្រទេសអូស្ត្រាលីនៅពេលខាងមុខ ជាពិសេសគឺដើម្បីជំរុញដល់វិស័យទេសចរណ៍ និងធុរកិច្ចប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ បានទៅបំពេញទស្សនកិច្ចនៅព្រលានយន្តហោះអន្តរជាតិ Western Sydney ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ខាងមុខនេះ។
ព្រលានយន្តហោះថ្មីនេះ នឹងបង្កើនការតភ្ជាប់ដែលអាចបម្រើដល់អ្នកធ្វើដំណើរប្រមាណ១០លាននាក់ក្នុងមួយឆ្នាំ។
លោកស្រីរដ្ឋមន្រ្តីក៏បានជួបពិភាក្សាការងារជាមួយលោកស្រី Alison Webster នាយកប្រតិបត្តិផ្នែកពាណិជ្ជកម្ម និងយុទ្ធសាស្រ្ត ដើម្បីសិក្សាស្វែងយល់ បន្ថែមពីដំណើរការនៃការគ្រប់គ្រងព្រលានយន្តហោះដោយប្រើប្រាស់បច្ចេកវិទ្យា ការដឹក ជញ្ជូន ទំនិញតាមផ្លូវអាកាស ការផ្សព្វផ្សាយផលិតផលកម្ពុជា ព្រមទាំងការហោះហើរត្រង់កម្ពុជា-ស៊ីដនី ដើម្បីជំរុញដល់វិស័យធុរកិច្ចប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ១២ ខែមីនា ២០២៤ បានប្រកាសថា កម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយអូស្រ្តាលីលើការបើកច្រកសម្រាប់ទំនាក់ទំនងលើវិស័យអាកាសចរណ៍ ដែលទៅថ្ងៃអនាគតប្រទេសទាំងពីរនឹងមានការហោះហើរត្រង់។ បច្ចុប្បន្ននេះ កម្ពុជា-អូស្ត្រាលី មិនទាន់មានការហោះហើរត្រង់នៅឡើយ ខណៈការហោះហើរត្រូវឆ្លងកាត់ប្រទេសផ្សេង។
ប៉ុន្តែទៅថ្ងៃអនាគត ប្រទេសទាំងពីរនឹងមានការហោះហើរត្រង់រវាងគ្នាប្រសិនបើមានតម្រូវការខ្ពស់ក្នុងចំនួនអ្នកធ្វើដំណើរ រួមផ្សំនឹងការដែលយើងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់បម្រើសេវាកម្ម។
សម្តេចធិបតី បានបញ្ជាក់ថា ក្រោយពេលប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃព្រលានយន្តហោះអន្តរជាតិតេជោ វិស័យទេសចរណ៍នឹងមានការរីកចម្រើនបន្ថែមទៀត ជាពិសេសគឺប្រទេសយើងនឹងមានការហោះហើរត្រង់ច្រើនមកពីបណ្តាប្រទេសផ្សេងៗ។

យោងតាមអាកាសចរស៊ីវិល នៅក្នុងឆ្នាំ ២០២៤ អាកាសយានដ្ឋានទាំង ៣ របស់កម្ពុជារួមមាន ភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ ទទួលបានជើងហោះហើរជិត ៦ ម៉ឺនជើង (៥៨,៣៥៤) កើនឡើង ១៤% ក្នុងនោះមានអ្នកដំណើរចេញ-ចូល (ទ្វេទិស) ចំនួន ៦ ២៤១ ៨៤២ នាក់ កើនឡើង ២២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
វិស័យដឹកជញ្ជូនតាមផ្លូវអាកាស ទើបតែងើបវិញជាលំដាប់បានប្រមាណជាង ៦៨% នៅឆ្នាំ២០២៤ តែប៉ុណ្ណោះ បើធៀបទៅនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩។
យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។
ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេសចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


