Connect with us

សេដ្ឋកិច្ច

សហគមន៍កសិកម្មទំនើប នៅតែជាជម្រើសល្អបំផុតដែលអាចធានាស្ថិរភាពថ្លៃ

បានផុស

នៅ

លោក ឃឹម​ ហ្វីណង់ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ថា​ ស្រប​ពេល​ដែល​ក្រសួង​កសិកម្ម​នៅ​តែ​បន្ត​ជួយ​សម្រប​សម្រួល​ស្វែងរក​ទីផ្សារ​ដល់​កសិករ​ ជាទូទៅ «សហគមន៍​កសិកម្ម​ទំនើប» នៅ​តែ​ជា​ជម្រើស​ល្អបំផុតដែល​អាចធានាថ្លៃទុកជាមុនបាន និង​ការពារ​កសិករ​ពីហានិភ័យ​ទីផ្សារ​ប្រកប​ដោយ​ប្រសិទ្ធភាព។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៥ លោក ឃឹម ហ្វីណង់ បាន​មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​ការ​ចងក្រង​ជា​សហគមន៍ មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ហេតុអ្វី​ត្រូវ​ជួយ​តែ​សហគមន៍​ ទាល់​តែ​សហគមន៍​កសិកម្ម​ទំនើប​ទើប​អាច​ទទួល​បាន​តម្លៃ​ល្អ ប្រសិន​ជា​ទទួល​បាន​តម្លៃ​ល្អ ហេតុ​អ្វី​ក៏​មិន​ឱ្យ​តម្លៃ​ល្អ​ទៅ​កសិករ​ទូទៅ​?

បក​ស្រាយ​ចម្ងល់​នេះ លោក ឃឹម ហ្វីណង់ បាន​គូស​បញ្ជាក់​ថា ចម្លើយ​មិន​មែន​នៅ​ក្នុង​ក្រសួង​កសិកម្ម​ជា​អ្នក​កំណត់​ថ្លៃ​នោះ​ទេ គឺ​ស្ថិត​នៅ​លើ​អ្នក​ទិញ ព្រោះ​អ្នក​ទិញ​ត្រូវការ​ភាព​ច្បាស់លាស់​មុន​និង​ទិញ​​ស្រូវ​ពី​សហគមន៍​ ​ដោយ​សារ​តែ​អ្នក​ទិញ​ក៏​ត្រូវ​ធ្វើ​កិច្ច​សន្យា​កិន​ស្រូវ​នាំ​ចេញ​ទៅ​លក់​នៅ​ខាង​ក្រៅ​ដូច​គ្នា​ដែរ​។

កន្លង​មក​ក្រុមហ៊ុន​ទិញ​ស្រូវ​មិន​ហ៊ាន​ធ្វើ​កិច្ច​សន្យា​ជា​មួយ​ពលរដ្ឋ​ម្នាក់ៗ​នោះ​ទេ បើ​ធ្វើ​ក៏​មិន​ហ៊ាន​ឱ្យ​តម្លៃ​ខ្ពស់​ដែរ ប៉ុន្តែ​ប្រសិន​បើ​ធ្វើ​កិច្ចសន្យា​ជា​មួយ​សហគមន៍​ ជា​ពិសេស​សហគមន៍​កសិកម្ម​ទំនើប​ដែល​មាន​មុខ​ក្រសួង​កសិកម្ម​ចេញ​មុខ​ធានា​ថា​កិច្ចសន្យា​គឺ​អាច​អនុវត្ត​បាន​ ១០០% ក្រុម​ហ៊ុន​ទិញ​ស្រូវ​មួយ​ចំនួន​ហ៊ាន​ឱ្យ​តម្លៃ​ថែម​ដល់ ៥០៛ ១០០៛ ឬ ១៥០៛ ដោយ​សារ​ទំនុក​ចិត្ត និង​ភាព​ច្បាស់​លាស់។

«មិន​តែ​ប៉ុណ្ណោះ​ អ្នក​នាំ​ចេញ​មួយ​ចំនួន​ទៀត ក៏​បាន​អះអាង​ដែរ​ថា តម្លៃ​នាំ​ចេញ​មិន​ខ្លាច​នោះ​ទេ ប៉ុន្តែ​សុំ​ឱ្យ​ស្រូវ​ដែល​ប្រជាកសិករ​ដាំ​ដុះ​គ្មាន​សារធាតុ​គីមី​ដែល​ហាមឃាត់​នាំ​ចេញ​ទៅ​អឺរ៉ុប​។ ជាក់ស្ដែង​ ប្រសិន​បើ​ចុះ​កិច្ចសន្យា​ជា​មួយ​ពលរដ្ឋ​ទូទៅ ច្បាស់​ណាស់​ថា​បញ្ហា​ថ្នាំ​ នឹង​មិន​អាច​គ្រប់គ្រង​បាន​ទេ ដូច្នេះ​ពាក់ព័ន្ធ​កត្តា​តម្លៃ​ល្អ​នេះ​មិនមែន​ជួយ​តែ​សម្រាប់​សហគមន៍​ទំនើប​ទេ​ ប៉ុន្តែ​ដោយ​សារ​តែ​ទីផ្សារ​​ជា​អ្នក​ចង់​បាន​ ហើយ​ការ​ជួយ​ជា​សហគមន៍​នេះ​ទៀត​សោត​ ក្រសួង​ក៏​ចង់​បាន​ភាព​ច្បាស់លាស់​ដូចគ្នា​ដែរ ព្រោះ​ការ​ជួយ​ម្នាក់​ម្តង មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ហើយ​ក៏​​ដឹង​ថា​ពេល​ណា​ទើប​អាច​ជួយ​អស់​ ទាំង​បច្ចេកទេស​ក្នុង​ការ​ដាំ​ដុះ ការ​ធ្វើ​ពូជ»។ លោក​ ឃឹម ហ្វីណង់ បន្ថែម​បែប​នេះ​។

ជា​មួយ​គ្នា​នេះ ដោយ​សារ​តែ​ក្រសួង​ បាន​មើល​ឃើញ​ពី​ភាព​ល្អ​ប្រសើរ​នៃ​ការ​ចងក្រង​ធ្វើ​ជា​សហគមន៍​នេះ​ហើយ ទើប​បាន​ជា​ក្រសួង​ចេញ​មុខ​ធានា​ថា កសិករ​គួរ​តែ​ចងក្រង​ទៅ​ជា​សហគមន៍​កសិកម្ម​ទំនើប​ ព្រោះ​ទីផ្សារ​ចង់​បាន​បែប​នេះ ហើយ​ហ៊ាន​ឱ្យ​តម្លៃ​ខ្ពស់​។ មួយ​វិញ​ទៀត​ ពេល​កង្វះខាត​ដើម​ទុន ក្រសួង​ក៏​ស្វែង​រក​ធនាគារ​ជា​ដៃ​គូរ​ដើម្បី​ធានា​បាន​ដើម​ទុន​ ហើយ​ក្រសួង​ក៏​និង​ជួយ​បណ្ដុះបណ្ដាល​ទាំង​កត្តា​បច្ចេកទេស ការ​ដឹក​នាំ ក៏​ដូច​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ដើម​​។

អ្នក​នាំពាក្យ​រូប​នេះ​ ក៏​បន្តអំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត ឱ្យ​ពលរដ្ឋ​ចងក្រង​ជា​សហគមន៍ ព្រោះ​ការ​ចូល​ជា​សហគមន៍​ គឺ​អាច​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន និង​អាច​ការពារ​កសិករ​ពី​ហានិភ័យ​ទីផ្សារ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត ក្នុង​នាម​អាណាព្យាបាល ក្រសួង​កសិកម្ម​ដាច់​ខាត​មិន​ដឹក​ដៃ​កសិករ​ឱ្យដើរ​ផ្លូវ​ខុស​នោះ​ទេ​។

សូមជម្រាបថា រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ ដោយត្រៀម​កញ្ចប់ថវិកាពិសេសចំនួន ៣៥ លានដុល្លារ បន្ថែមទៀត ដើម្បីគាំទ្រដល់ការផ្ដល់​កម្ចីទាប​ជូន​សហគគមន៍កសិកម្មទំនើប នៅក្នុងរយៈពេល ៣ ឆ្នាំ ២០២៥-២០២៧៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម