អត្ថាធិប្បាយ
តថាភាពពិត យុត្តិធម៌ តម្លាភាព និងការវាយតម្លៃឡើងវិញនៃរបាយការណ៍ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់កាសែត WSJ ដែលហៅកម្ពុជាថា “Scambodia”
អត្ថបទថ្មីៗនេះរបស់ The Wall Street Journal ដែលរាយការណ៍ពីសកម្មភាពនិងក្រុមឧក្រិដ្ឋជនឆបោកអនឡាញ នៅប្រទេសកម្ពុជា ដោយហៅកម្ពុជា ថា ជា “Scambodia” បានឆ្លុះបញ្ចាំងពីការងាកចេញដ៏គួរឱ្យព្រួយបារម្ភពីវិជ្ជាជីវៈនិងសីលធម៌សារព័ត៌មាន ដែលមានភាពលំអៀង ឆ្ពោះទៅរកការចោទប្រកាន់ ជាជាងការផ្សព្វផ្សាយព័ត៌មាន ដែលមានតម្លាភាព និងតថាភាពសង្គមកម្ពុជាពិត។ ខណៈពេលដែលការកើនឡើងនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅអាស៊ីអាគ្នេយ៍។

គួរឱ្យកត់សម្គាល់ អ្នកសរសេរអត្ថបទបានជ្រើសរើសការប្រើប្រាស់វោហាសាស្ត្រ និងលើកយកទិន្នន័យឆបោកដែលបានកំណត់ទុកជាមុន ដែលមានបំណងចង់មួលបង្កាច់បង្ខូច ដោយយកបញ្ហាឆ្លងដែនដ៏ស្មុគស្មាញមកកំណត់អត្តសញ្ញាណប្រទេសជាតិមួយទៅវិញ។ កត្តានេះ គឺជាការគួរឱ្យព្រួយបារម្ភ ជាពិសេស នៅពេលដែលសូម្បីតែអត្ថបទផ្ទាល់ ក៏ទទួលស្គាល់ថាបណ្តាញបោកប្រាស់ត្រូវបានដំណើរការយ៉ាងទូលំទូលាយដោយក្រុមឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់ ដែលជារឿយៗត្រូវបានផ្សារភ្ជាប់ទៅនឹងក្រុមឧក្រិដ្ឋជនចិន ជាជាងជាជនជាតិខ្មែរតែមួយគត់នៅក្នុងប្រភពដើម ឬរចនាសម្ព័ន្ធនៃឧក្រិដ្ឋជនទាំងនោះ។
បញ្ហាក្រមសីលធម៌ មិនមែនស្ថិតក្នុងការរាយការណ៍អំពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតទេ ប៉ុន្តែជាការសរសេរបែបធ្វើឱ្យប្រព័ន្ធបណ្តាញឧក្រិដ្ឋកម្ម ក្លាយជាកត្តាកំណត់អត្តសញ្ញាណជាតិកម្ពុជា ដែលមាននិន្នាការបង្ហាញថា កម្ពុជា ជាប្រទេសគាំទ្រដល់ការឆបោកអនឡាញនិងក្រុមឧក្រិដ្ឋជនឆបោកទាំងនោះទៅវិញ។ យោងតាមការប៉ាន់ស្មានរបស់មជ្ឈមណ្ឌលសិក្សាអន្តរជាតិ និងយុទ្ធសាស្រ្ត (CSIS) ដែលបានលើកឡើងនៅក្នុងរបាយការណ៍អន្តរជាតិជាច្រើន បានបង្ហាញថា ប្រតិបត្តិការឆបោកនៅទូទាំងប្រទេសកម្ពុជា គឺអាចពាក់ព័ន្ធទៅនឹងជនរងគ្រោះ ដែលត្រូវបានជួញដូរជាង ១០០,០០០នាក់ ទៅ ១៥០,០០០នាក់ ដែលជារឿយៗជនរងគ្រោះផ្ទាល់ជាជាងជនល្មើស។

ដោយការមិនទទួលស្គាល់តថភាពពិតនេះហើយ ទើបអត្ថបទនេះបានប្រែក្លាយទៅជាការសរសេររាយការណ៍ពីកម្ពុជាដែលមិនមានតម្លាភាព យុត្តិធម៌ និងជាសញ្ញានៃការមាក់ងាយដល់ប្រទេសជាតិមួយ ដោយសារតែការមើលរំលងអំពីការបែងចែកអោយដាច់ពីគ្នារវាងរដ្ឋ សង្គម និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនទាំងនោះ។ ដោយហេតុទាំងអស់នេះហើយ ទើបធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ស្តង់ដា និងកេរ្តិ៍ឈ្មោះសារព័ត៌មានអន្តរជាតិ WSJ ដែលល្បីល្បាញ និងមានការទទួលស្គាល់ជាអន្តរជាតិ។
បញ្ហាស្រដៀងគ្នានេះ គឺការកំណត់ជ្រើសរើសយកភស្តុតាង និងការមិនអើពើដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកអនឡាញ។ ចាប់តាំងពីឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងវិធានការប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកអនឡាញយ៉ាងខ្លាំងនៅគ្រប់ខេត្ត-ក្រុង។ កាលពីខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត“គណៈកម្មការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ” ដែលមានភារកិច្ចការពារ បង្ក្រាប និងប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។
យន្តការនេះត្រូវបានអនុវត្តក្នុងប្រតិបត្តិការបង្រាបទ្រង់ទ្រាយធំ ហើយនៅដើមឆ្នាំ២០២៦ អាជ្ញាធរបានបិទទីតាំងសង្ស័យឆបោកយ៉ាងហោចណាស់២០០កន្លែង និងឃាត់ខ្លួនមនុស្សជាង ៣.៥០០នាក់ ក្នុងការបង្ក្រាបទូទាំងប្រទេស។ លើសពីនេះទៀត តួលេខផ្លូវការបានបង្ហាញថា ជនសង្ស័យឆបោកជនបរទេសជាង៣០.០០០នាក់ ត្រូវបាននិរទេសចេញ ខណៈដែលមនុស្សជាង ២១០.០០០នាក់ បានស្ម័គ្រចិត្តចាកចេញពីប្រទេសកម្ពុជា ចំពេលមានវិធានការអនុវត្តកាន់តែខ្លាំងក្លាឡើង។ ទាំងនេះមិនមែនជាសកម្មភាពដែលគ្រាន់តែជានិមិត្តរូបនោះទេ ប៉ុន្តែឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងប្រតិបត្តិការបង្រ្កាបជាប្រព័ន្ធដែលដឹកនាំដោយរដ្ឋាភិបាល ដើម្បីកម្ទេចចោលនូវហេដ្ឋារចនាសម្ព័ន្ធឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅក្នុងកម្ពុជា។

លើសពីនេះទៅទៀត កម្ពុជាបានពង្រឹងក្របខណ្ឌច្បាប់ និងគោលនយោបាយរបស់ខ្លួន និងបានដាក់ចេញច្បាប់ និងយន្តការថ្មីៗ ដើម្បីដោះស្រាយអំពើបោកប្រាស់តាមអ៊ីនធឺណិត ក៏ដូចជាបានពង្រីកការអនុវត្តច្បាប់ គឺក្រោមយុទ្ធនាការប្រឆាំងអំពើជួញដូរមនុស្ស ហើយត្រឹមតែក្នុងឆ្នាំ២០២៤តែប៉ុណ្ណោះ មានករណីចំនួន១៩៧ ត្រូវបានបង្រាបនិងកាត់ទោស ហើយការបណ្តេញជនល្មើសបរទេសចេញពីប្រទេសផងដែរក៏មានចំនួនច្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ជាមួយគ្នានេះ កម្ពុជាក៏បានសម្របខ្លួនឱ្យស្របតាមយន្តការតំបន់ ដូចជាក្របខណ្ឌដឹកនាំដោយអាស៊ានដែលមានស្រាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់អនឡាញ ដែលបង្ហាញពីការប្តេជ្ញាចិត្តចំពោះការដំណោះស្រាយ ក្រោមក្របខណ្ឌពហុភាគី។
កិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ត្រូវបានពង្រឹងបន្ថែមទៀត ដោយរួមមានកិច្ចប្រតិបត្តិការរួមជាមួយដៃគូជាមិត្តដូចជា ចិន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ក្នុងការចែករំលែកព័ត៌មានសម្ងាត់ កំណត់គោលដៅអត្តសញ្ញាណនិងទីតាំងឧក្រិដ្ឋជន ការតាមដានប្រតិបត្តិការហិរញ្ញវត្ថុ និងការជួយជនរងគ្រោះត្រឡប់ទៅប្រទេសដើមវិញ ដែលនែះជាធាតុសំខាន់មួយព្រោះតែអំពើឧក្រិដ្ឋកម្មទាំងនេះមានលក្ខណៈឆ្លងប្រទេស។

បើទោះបីជាមានការខិតខំប្រឹងប្រែង ដែលបានកត់ត្រាទាំងនេះក៏ដោយ ក៏អត្ថបទរបស់ The Wall Street Journal បានផ្តល់ការយកចិត្តទុកដាក់តិចតួចចំពោះវឌ្ឍនភាពទាំងនេះ ហើយផ្ទុយទៅវិញ បានផ្តោតលើការចោទប្រកាន់ និងការប៉ាន់ស្មានចំនួនប្រាក់ចំណូលខុសច្បាប់ក្នុងកម្រិតខ្ពស់។ ឧទាហរណ៍ ទោះជាលេខាភាពដែលបង្ហាញថា ប្រាក់ចំណូលពីអំពើបោកប្រាស់អាចឈានដល់ ១២ ទៅ ១៩ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក៏ដោយ ដែលអាស្រ័យលើការប៉ាន់ស្មានរបស់អង្គការត្រួតពិនិត្យក្នុងតំបន់ ដែលមិនមែនជាទិន្នន័យជាក់ស្តែងរដ្ឋាភិបាលកម្ពុជានោះទេ ហើយជាញឹកញាប់គឺទិន្នន័យទាំងនោះគឺខ្វះភាពច្បាស់លាស់ ក្នុងការវិធីសាស្ត្រស្រាវជ្រាវរកប្រភពទិន្នន័យទាំងនោះ។ ការខ្វះការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើប្រភពតួលេខទាំងនេះហើយ គឺជាបង្ហាញយ៉ាងច្បាស់ពីចរិកលក្ខណៈនៃការសរសេរអត្ថបទ ដែលមានលក្ខណៈច្បាស់លាស់ និងបង្កឱ្យមានការរើសអើងឬប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា។

លើសពីនេះ អត្ថបទនោះ ក៏បង្កើតសំណួរអំពីការកំណត់យកប្រទេសកម្ពុជាសម្រាប់ការសរសេរ។ បណ្ដាញក្រុមឧក្រិដ្ឋកម្មអនឡាញ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាប្រតិបត្តិនៅក្នុងប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ រួមមានតំបន់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ា និងថៃផងដែរ។ របាយការណ៍ជាច្រើន ក៏បានបង្ហាញថា មូលដ្ឋានប្រតិបត្តិការបោកប្រាស់ និងបណ្ដាញហិរញ្ញវត្ថុ បានពង្រីកដែនឆ្លងកាត់ព្រំដែនរវាងថៃ និងមីយ៉ាន់ម៉ា ហើយវាក៏ជាប់ពាក់ព័ន្ធទៅនឹងក្រុមបណ្តាញលាងលុយឆ្លងដែនផងដែរ។ ការប៉ាន់ស្មានជាសកល ក៏បានបន្ថែមទៀតបានបង្ហាញថា មានមនុស្សលើសពី ២០០,០០០នាក់ ត្រូវបានជួញដូរចូលទៅក្នុងប្រតិបត្តិការបោកប្រាស់នៅទូទាំងអាស៊ីអាគ្នេយ៍ ដោយមិនមែនមានតែនៅក្នុងកម្ពុជាប៉ុណ្ណោះទេ។ ទោះជាយ៉ាងណា ការផ្តោតលើការបង្កើតសាច់រឿងនៅតែមានភាពលំអៀងយ៉ាងច្បាស់ និងការដាក់ឈ្មោះកម្ពុជាជាមួយនឹងពាក្យ “Scambodia” ដោយមិនមានការប្រើពាក្យ ឬស្លាកសញ្ញាដូចគ្នាចំពោះប្រទេសផ្សេងៗទៀត។ ភាពអយុត្តិធម៌ និងការប្រើប្រាស់វិធីសាស្រ្តស្រាវជ្រាវ និងទិន្ន័យដែលគ្មានប្រភពច្បាស់លាស់របស់ WSJ អាចសន្មត់ថានេះគឺជាការប្រើប្រាស់ចំណងជើងអត្ថបទគួរឱ្យចាប់អារម្មណ៍ជាជាងការវិភាគលើផលនបះពាល់ក្នុងតំបន់ទាំងមូល។
គួរឱ្យកត់សម្គាល់ផងដែរថា សូម្បីតែរបាយការណ៍ដែលមានលក្ខណៈរិះគន់ក៏ត្រូវតែទទួលស្គាល់ពីការអនុវត្តច្បាប់ និងយុទ្ធនាការបង្ក្រាបដែលកំពុងអនុវត្តយ៉ាងខ្លាំងក្លាដោយអាជ្ញាធរកម្ពុជា រួមមានការចុះបង្ក្រាប ការជួយសង្គ្រោះជនរងគ្រោះ និងការបំបែកមូលដ្ឋានប្រតិបត្តិការឆបោកធំៗនៅតាមបណ្តាខេត្ត-ក្រុង។ ដូច្នេះហើយបញ្ហាប្រឈមដែលនៅតែបន្តកើតមានចេញពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត មិនគួរត្រូវយកបកស្រាយថារដ្ឋាភិបាលជាអ្នកគាំទ្រឬ លាក់បាំងឡើយ ក៏ប៉ុន្តែគួររៀបរ៉ាប់អោយបានច្បាស់ពីភាពលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនទាំងនោះ ដែលមានលក្ខណៈបត់បែនខ្ពស់ និងអាចប្តូរយុទ្ធសាស្ត្របានយ៉ាងឆាប់រហ័ស ដែលនេះគឺជាបញ្ហាប្រឈមសកលដែលរដ្ឋាភិបាលទាំងអស់កំពុងជួបប្រទះដូចគ្នា មិនត្រឹមតែកម្ពុជាមួយនោះទេ។

ជារួម ទោះបីអំពើឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលកំពុងកើតមាននៅកម្ពុជា គឺជាបញ្ហាដែលធ្ងន់ធ្ងរ និងត្រូវការការយកចិត្តទុកដាក់ជាបន្តបន្ទាប់ក៏ដោយ ការកំណត់ដាក់ឈ្មោះប្រទេសកម្ពុជាដោយការប្រើប្រាស់ពាក្យ “Scambodia” គឺជាការរៀបចំបង្កើតសាច់រឿងដែលមានលក្ខណៈចង្អៀតចង្អល់ និងកម្សោយផ្នែកសីលធម៌ក្នុងវិជ្ជាជីវៈសារព័ត៌មាន។ វិធីសាស្ត្ររបស់សារព័ត៌មានដែលមានភាពគួរឱ្យជឿជាក់ជាងនេះ គួរតែសរសេរដោយកំណត់កម្ពុជាជាប្រទេសដែលកំពុងរងគ្រោះ ហើយកំពុងស្ថិតក្នុងប្រព័ន្ធឧក្រិដ្ឋកម្មឆ្លងដែននៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ដោយវាយតម្លៃទៅលើទាំងការចោទប្រកាន់ និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ ព្រមទាំងជៀសវាងការប្រើភាសាដែលរួមបញ្ចូលអំពើឧក្រិដ្ឋកម្មជាមួយអត្តសញ្ញាណជាតិ។ ក្នុងយុគសម័យដែលសារព័ត៌មានមានឥទ្ធិពលខ្លាំងលើការយល់ឃើញភូមិសាស្ត្រនយោបាយរបស់សារណជន ភាពត្រឹមត្រូវច្បាស់លាស់ តម្លាភាព សមភាព និងការកំណត់ប្រធានបទក្នុងការសរសេរឬរាយការណ៍ គួរត្រូវនៅជាគោលការណ៍គ្រឹះដ៏សំខាន់សម្រាប់សារព័ត៌មានដែលមានទំនួលខុសត្រូវ និងមានវិជ្ជាជីវៈខ្ពស់៕
ដោយលោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


