ជីវិតកម្សាន្ដ
១ខែពេញ នៃកំណត់ត្រាចុះបញ្ជីមរតកកម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោកច្រើនជាងគេ បញ្ចប់ដោយព្រឹត្តិការណ៍វប្បធម៌យ៉ាងផុសផុល
ពេញមួយខែវិច្ឆិកា ពោលជាខែដែលមានការកំណត់ត្រា នៃការចុះបញ្ជីមរតកកម្ពុជា ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិច្រើនជាងគេ គឺឃើញមានការរៀបចំព្រឹត្តិការណ៍នានា ក្នុងន័យដើម្បីរំលឹកដល់កូនខ្មែរ ចូលរួមថែរក្សា និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។
ជាក់ស្តែង រាប់ចាប់ពីដើមខែវិច្ឆិកានេះមក តាមផ្សារទំនើប ក្រសួងស្ថាប័ន និងកន្លែងសាធារណៈនានា បានរៀបចំឱ្យមានព្រឹត្តិការណ៍វប្បធម៌ចម្រុះ មិនថាលើផ្នែករបាំ ល្ខោន ក្បាច់គុន ឬល្បែងប្រជាប្រិយខ្មែរជាដើម។ល។ តួយ៉ាង ចុងសប្តាហ៍នេះ ក្រសួងវប្បធម៌ ក៏កំពុងរួមចំណែកផ្សព្វផ្សាយតាមរយៈព្រឹត្តិការណ៍ “សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា” នៅ Walk Street។ ចំណែកឯផ្សារទំនើប អុីអន ម៉ល មានជ័យ ក៏បានលើកយកនូវផ្ទាំងទស្សនីយភាពការសម្ដែង ល្ខោនខោល រឿង រាមកេរ្ដិ៍ ត្រង់ឈុត “អសោរសហតេជៈ” នៅថ្ងៃទី៣០ ខែវិច្ឆិកា ២០២៥ ជូនសាធារណជនទស្សនាផងដែរ។


១. ៧វិច្ឆិកា – “របាំព្រះរាជទ្រព្យ”
របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី ដែលគិតមកដល់ឆ្នាំ២០២៥ នៅ គឺមានរយៈពេល២២ ឆ្នាំហើយ។ របាំព្រះរាជទ្រព្យ មានន័យថា របាំជាទ្រព្យប្រទានរបស់ព្រះរាជា ថែលរាជវង្សខ្មែរបង្កើតជាទ្រព្យដ៏វិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ជាស្នាព្រះហស្ដ ព្រះមហាក្សត្រីយានី “ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា” ច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរជ្ជកាលស្ដេច នរោត្ដម។
របាំព្រះរាជទ្រព្យ ជារបាំប្រចាំព្រះរាជាណាចក្រកម្ពុជា មានភាពល្បីល្បាញខាងប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ មានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ មើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា “ស្ដេចរបាំ”។
របាំព្រះរាជទ្រព្យនេះ មានភាពល្បីល្បាញខាងមានកាយវិកាទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិកា ក្បាច់ និង មនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀង ជាពួក (ជហៀរាលេ) ដែលមាន តួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគុំជូនរបាំនេះផងដែរ។

២. ២៥វិច្ឆិកា – “ល្ខោនស្រមោលស្បែកធំ”
ជាសិល្បៈស្រមោលមួយបែបរបស់ខ្មែរ មានអាយុកាលយូរលង់ណាស់មកហើយ មានកំណើតតាំងពីសតវត្សទី១ មកម្ល៉េះ និងត្រូវបានកត់ត្រាទុកក្នុងឯកសារមួយចំនួននាសម័យក្រោយអង្គរ ហើយត្រូវបានអង្គការ UNESCO បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ និងទទួលស្គាល់ថាជាស្នាដៃឯក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ។
ល្ខោនស្បែកធំ អាចត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា «ណាំងស្បែកធំ» ដែលប្រើប្រាស់ស្បែកគោ ឬក្របី ដាប់ឆ្លាក់ជារូបអាទិទេព ដែលភាគច្រើនជារឿងបែបព្រហ្មញ្ញសាសនា យកមកសម្តែងជាសាច់រឿងឱ្យទស្សនា។
ល្ខោនស្រមោលស្បែកធំមានដើមកំណើត ប្រហែលកើតឡើងមុនសម័យអង្គរ ដោយសារយោងតាមសិលាចារឹកលេខ K.១៥៥ នៅគោករកា ក្នុងសតវត្សរ៍ទី៩ ជាសិល្បៈសម្រាប់បូជា ហើយដាច់ដោយឡែកពីកាព្យរាមកេរ្តិ៍ ។
បន្ទាប់ពីឆ្នាំ ១៩៧៩ សិល្បករដែលសេសសល់ ពីសម័យ ប៉ុល ពត បានប្រមូលតុក្កតាស្បែកពីគ្រប់ទីកន្លែងក្នុងប្រទេស ដើម្បីបន្តការសម្តែង។ ក្នុងឆ្នាំ១៩៩១ រដ្ឋាភិបាលបារាំង បានផ្តល់ជំនួយនូវផ្ទៃស្រមោលដ៏ធំមួយទៅសាស្ត្រាចារ្យ ពេជ្រ ទុំក្រវិល ដែលជាអ្នកដកស្រង់ និងតែងនិពន្ធរបាំពីរឿង រាមកេរ្តិ៍ គឺចម្បាំងព្រះឥន្ទ និងចម្បាំង សនាគកាបាស់៕

៣. ២៨វិច្ឆិកា – “ល្ខោនខោលវត្តស្វាយអណ្តែត”
ឲតំណាងឱ្យសិល្បៈទម្រង់ល្ខោនរបាំប្រុសដ៏ចំណាស់របស់កម្ពុជា និងមានគុណតម្លៃលើផ្នែកចំណេះដឹង ប្រវត្តិសាស្ត្រ សាសនា និងពិធីសាសនា ដែលទាក់ទងនឹងទេវកថាខ្មែរ ជាពិសេសរឿងរាមកេរ្តិ៍ ហើយត្រូវបានចុះបញ្ជី ជា បេតិកភណ្ឌវប្បធម៌អរូបីពិភពលោក របស់យូណេស្កូ កាលពីថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៨។
សាវតារល្ខោនខោលវត្តស្វាយអណ្តែត
បើតាមរាជបណ្ឌិតសភាកម្ពុជា ដោយយោងតាមអត្ថបទស្រាវជ្រាវលោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់ថា ល្ខោនខោល ឬ ភាណី ឬ ល្ខោនពាក់មុខ ជាប្រភេទសិល្បៈទស្សនីយភាពរបស់ខ្មែរមួយ ដែលមាន អាយុកាលតាំងពីសតវត្សទី១០។
លក្ខណៈពិសេស៖
– សម្ដែងតែក្នុងរឿងរាមកេរ្តិ៍ខែ្មរមួយគត់ (មិនយករឿងអ្វីផ្សេងមកសម្ដែងឡើយ)។
– អ្នកសម្តែងសុទ្ធតែប្រុសៗ (ទោះបីជាតួអង្គស្រីក៏យកប្រុសមកសម្តែងដែរ)។ឭ
– សម្ដែងពាក់មុខខ្មុក (ស្មាច់ពីក្រដាស) ជារបាំងមុខ ជារូបក្បាល តួអង្គផ្សេងៗ ដូចជា រូបក្បាលមេទ័ពស្វា ពលស្វា មេទ័ពយក្ស សេនាយក្ស និង តាឥសី ជាដើម។
មានវង់ល្ខោនខ្លះ សម្ដែងតួដោយមិនពាក់មុខដែរ ប្រសិនបើតួអង្គមានរូបរាងជាមនុស្ស ដូចជាតួអង្គព្រះរាម ព្រះលក្សណ៍ នាងសេតា តែក្រុមខ្លះទៀត ពាក់មុខខ្មុកទាំងអស់ ហើយត្រូវមានអ្នកពោលដំណើររឿងសាច់រឿងដោយចេះចាំស្ទាត់ ព្រមទាំងឆ្លើយឆ្លងពីតួអង្គមួយទៅតួអង្គមួយផង។

៤. ២៩វិច្ឆិកា – “គុនល្បុក្កតោ”
ជាយុទ្ធគុនបុរាណខ្មែរដ៏ចំណាស់ ដែលត្រូវបានទទួលស្គាល់ និងលើកតម្កើងលើឆាកអន្តរជាតិ តាមរយៈការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ក្នុងនោះ លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ត្រូវបានចាត់ទុកជាស្ថាបនិកល្បុក្កតោជំនាន់ថ្មី និងជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមលើកស្ទួយ ផ្សព្វផ្សាយគុនល្បុក្កតោ រហូតពិភពលោកបានស្គាល់ និងល្បីល្បាញលើឆាកអន្តរជាតិ។
ការចូលរួមរបស់គ្រូតាក្រមាមាស
ក្នុងកិច្ចការដើម្បីស្នើសុំចុះបញ្ជីបេតិកភណ្ឌ លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ជាអ្នកប្រមូលផ្តុំគុនល្បុក្កតោជំនាន់ថ្មី ក្នុងដំណើរការដាក់សំណើរទៅកាន់ UNESCO ដោយបានប្រមូលគ្រូគុនបុរាណចាស់ៗ ក៏ដូចជាតាមរយៈសិលាចារឹកលើជញ្ជាំងប្រាសាទផង ដើម្បីចងក្រងជាឯកសារ ប្រគល់ជូនក្រសួងពាក់ព័ន្ធ ក្នុងដំណើរការជំរុញឱ្យយុទ្ធគុនបុរាណខ្មែរនេះ បានក្លាយជាមរតកវប្បធម៌អរូបីរបស់មនុស្សជាតិ។
លោកគ្រូតា បានប្រើពេលវេលាស្ទើរតែពេញមួយជីវិតរបស់លោក ខិតខំប្រឹងប្រែងចងក្រងឯកសារលើកស្ទួយ ផ្សព្វផ្សាយ និងលះបង់ យ៉ាងច្រើនដើម្បីវប្បធម៌ក្បាច់គុនបុរាណខ្មែរ “ល្បុក្កតោ” ដោយបន្យល់នូវសិស្សគុន លោកជាច្រើន ដែលកំពុងបន្តវេននៃចលនាផ្សព្វផ្សាយគុនបុរាណខ្មែរមួយនេះ។

៥. ៣០វិច្ឆិកា – “ចាប៉ីដងវែង”
បានក្លាយជាសម្បតិ្តវប្បធម៌អរូបីក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។“ ចាប៉ី ” ជាពាក្យក្លាយមកពីពាក្យសំស្ក្រឹតថា “ ចក្ឆប៉ី ” ហៅឈ្មោះថា ចាប៉ីដងវែង មកពីចាប៉ីនេះមានដងវែងទន្ទាំ ជាឧបករណ៍មានខ្សែ ២ ឬ ៤ ប៉ុន្តែមានសំនៀងតែ ២ទេ សម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។
ដោយឡែក ព្រឹទ្ធាចារ្យចាប៉ីដងវែងកម្ពុជា រួមមាន ព្រឹទ្ធាចារ្យ ពូថៅដៃ, ប្រាជ្ញ ឈួន, គង់ ណៃ, ចង្គូមប្រាំបី, ម៉ម សុន, អ៉ិន សារុន, ឯល បៀន, ឯ យិន, នេត ប៉េ, សិន សយ, កែវ ហឿន, សួន សាន, គុយ ហ៉ីន និងអ្នកចាប៉ីដងវែងបច្ចុប្បន្នមាន លោក ពេជ សារ៉ាត់, សាន វណ្ណឌឿន និងលោក ឌួង សុខគា ជាដើម៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


