វប្បធម៌ ជំនឿ
សម្បត្តិវប្បធម៌ខ្មែរចំនួន៥ ត្រូវបានចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិក្នុងខែវិច្ឆិកា
សម្បត្តិវប្បធម៌ខ្មែរចំនួន៥ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅក្នុងខែវិច្ឆិកា មានដូចជា របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែក ល្ខោនខោល គុនល្បុក្កតោ និងចាប៉ីដងវែង ដែលទាំងអស់នេះ បានបង្ហាញឱ្យពិភពលោកបានឃើញកាន់តែច្បាស់ ពីភាពល្បីល្បាញនៃសម្បតិ្តវប្បធម៌ខ្មែរ។

១.របាំព្រះរាជទ្រព្យ
របាំព្រះរាជទ្រព្យ មានតាំងពីបុរាណកាលមក មានន័យថា របាំជាទ្រព្យប្រទានរបស់ព្រះរាជា រាជវង្សខ្មែរបង្កើត ជាទ្រព្យដ៏វិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ជាស្នាព្រះហស្ដ ព្រះមហាក្សត្រីយានី “ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា” ច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរជ្ជកាលស្ដេច នរោត្ដម។ របាំព្រះរាជទ្រព្យ ជារបាំប្រចាំព្រះរាជាណាចក្រកម្ពុជា មានភាពល្បីល្បាញខាងប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ មានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ មើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា “ស្ដេចរបាំ”។

របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ មកដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាខួបលើកទី២១ឆ្នាំ នៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីហើយ។
២.ល្ខោនស្រមោលស្បែក
ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ គិតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មានរយៈពេល ១៩ឆ្នាំហើយ។
សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឱ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូល ជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូ ដែលនេះជាមោទនភាពជាតិមួយ ដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។

ល្ខោនស្បែកធំ អាចត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា «ណាំងស្បែកធំ» ហើយវាជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក មកសម្តែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេព ដែលភាគច្រើនជារឿងបែបព្រហ្មណ៍សាសនា។ ល្ខោននេះ គឺជាសិល្បៈមួយមានប្រវត្តិនៅពេលព្រហ្មសាសនាចូលមកទឹកដីខ្មែរ។ កាលពីដើមឡើយ សិល្បៈប្រភេទនេះ ត្រូវបានគេឃើញសម្តែងក្នុងពិធីតែពីរ ឬបីប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយកម្រសម្តែង ជាសាធារណៈណាស់។ ពិធីទាំងនោះ មានដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងពិធីគ្រងរាជ្យ ឬក្នុងពិធីសក្ការៈរបស់ឥស្សរជនល្បីៗ៕
៣.ល្ខោនខោល
បើតាមសៀវភៅបញ្ជីសារពើភណ្ឌមរតកវប្បធម៌អរូបីកម្ពុជា ដែលរៀបរៀងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញថា ល្ខោនខោល ជាល្ខោនមួយបែបដែលពាក់មុខខ្មុកសម្តែង ហើយជាទូទៅតួអង្គសុទ្ធតែមនុស្សប្រុស និងសម្តែងបានតែក្នុង ឈុតឆាករឿង រាមកេរ្តិ៍ តែប៉ុណ្ណោះ។ ល្ខោននេះធ្វើកាយវិការតាមសំឡេងពោល ហើយកំដរដោយភ្លេងពិណពាទ្យ។

ល្ខោនខោល ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស។ គិតមកដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺខួបគម្រប់៦ឆ្នាំ នៃការដាក់បញ្ជូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។
៤.គុនល្បុក្កតោ
គុនល្បុក្កតោខ្មែរ ត្រូវបានដាក់ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បើគិតមកដល់ថ្ងៃ ខែ ដដែលក្នុងឆ្នាំ២០២៤ គុនល្បក្កតោ គឺមានអាយុកាល២ឆ្នាំហើយ នៃការចុះបញ្ជីក្នុងបេតិកភណ្ឌនេះ។ ទោះបីជាមានអាយុកាលតិចជាងគេក្នុងចំណោមសម្បត្តិវប្បធម៌ទាំង៥នេះក្តី ក៏នេះបង្ហាញពីមោទនភាពខ្មែរមួយទៀត ដែលសម្បត្តិវប្បធម៌ខ្មែរត្រូវបានបញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបី ហើយកិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។

៥.ចាប៉ីដងវែង
បើតាមផេករបស់សម្តេចតេជោ ហ៊ុន សែន ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់ នៅជញ្ជាំងប្រាសាទ អង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ ដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។

ចាប៉ីដងវែងមានលក្ខណៈពិសេសក្នុងការប្រើសំនៀង ត្រួតជាងសំនៀងរាយ។ នៅពេលប្រគំបទណាក៏ដូចជាបទណាដែរ គេតែងតែត្រេះខ្សែទាំង២ស្មើគ្នា ប៉ុន្ដែលំនាំសាច់បទ គឺស្ថិតនៅលើខ្សែឯកដោយគេប្រើម្រាមដៃចុចចុះចុចឡើងទៅតាមលំនាំ នៅលើខ្សែនេះ រីឯខ្សែគ គេត្រេះបង្ហើរចោលសម្រាប់ជួយបន្ទរសាច់បទប៉ុណ្ណោះ។ ប្រសិនបើគេចង់បានចាប៉ីដងវែងឱ្យមានសំនៀងល្អ ឮខ្លាំង គេត្រូវធ្វើវាតាមពាក្យស្លោកចាស់បុរាណថា “ស្នូករាំង ដងក្រសាំង សន្ទះខ្ទុម្ព គីង្គក់ធ្នង់ ខ្ទង់ឆ្អឹង”។
ចាប៉ីដងវែងខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ គិតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាខួប៨ឆ្នាំ នៃការដាក់បញ្ជូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ អង្គការយូណេស្កូ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ