គិតរហូតមកទល់ពេលនេះ ជុំវិញករណីនៃបញ្ហាជម្លោះដីធ្លីរវាងកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ម៉ៅ ធនារក្ស ជាសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បានកំពុងដំណើរការដោះស្រាយ ប៉ុន្តែជាលទ្ធផលនៅមិនទាន់ទទួលបានច្បាស់លាស់នៅឡើយទេ។ នេះបើយោងតាមការសម្រង់សម្តីរបស់លោក ព្រាប សុវត្ថិ ថ្លែងប្រាប់ទៅលោក ហេង ឡុង។
លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានរៀបរាប់ខ្លឹមសារភ្ជាប់ជាមួយឃ្លីបវីដេអូថា ខ្ញុំបាទសូមគោរពជម្រាបជូនបងប្អូនសាធារណជន ឲ្យបានជ្រាបអំពីការវិវត្តថ្មីនៃជម្លោះដីធ្លីរវាងលោក ព្រាប សុវត្ថិ និងលោក ម៉ៅ ធនារក្ស ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។
លោកបានបញ្ជាក់ថា រយៈពេលកន្លងទៅនេះ ជំនួបរវាងលោក ព្រាប សុវត្ថិ និងជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ដោយលោក ព្រាប សុវត្ថិ បានបញ្ជាក់ថា ដោយសាររឿងនេះមានការសម្របសម្រួលដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោហ៊ុនសែនហេតុដូចនេះ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ដោះស្រាយការងារមួយចំនួន ប៉ុន្តែមិនទាន់បានលទ្ធផលច្បាស់លាស់នៅឡើយទេ។ ខណៈនេះលោក ព្រាប សុវត្ថិ និងម្តាយរបស់លោកកំពុងរង់ចាំលទ្ធផល។ លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់អំពីបញ្ហាជម្លោះខាងលើនេះ។
គួររម្លឹកថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅលោក ហេង ឡុង ក៏បានធ្វើការបង្ហាញព័ត៌មានយ៉ាងភ្ញាក់ ផ្អើលមួយពាក់ព័ន្ធកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ដែលមានជម្លោះដីធ្លីជាមួយលោក ម៉ៅ ធនារក្ស ដែលបានបញ្ជាកូនចៅរបស់ខ្លួនឲ្យទៅវាយកម្ទេចរបងនិងឈូសឆាយលើដីរបស់លោកស្រី ផូ សំណាង ត្រូវជាម្ដាយរបស់លោក ព្រាប សុវត្ថិ ក្នុងបំណងរំលោភយកដីតែម្តង។
ចំពោះករណីនេះភាគីឈ្មោះ ផូ សំណាង បានដាក់ពាក្យបណ្តឹងសុំដីការក្សាការពារ ទៅសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០រួចហើយ ប៉ុន្តែរហូតមកដល់ពេលនេះ ភាគីជនរងគ្រោះមិនទាន់បានទទួលចំណាត់ការពីសាលាដំបូង លើពាក្យបណ្តឹងសុំដីការក្សាការពារនោះនៅឡើយទេ។ លោក ព្រាប សុវត្ថិ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះមិនអាចស្វែងរកការបកស្រាយបន្ថែមនៅឡើយទេ ខណៈលោក ម៉ៅ ធនារក្ស ក៏មិនទាន់អាចទាក់ទង ដើម្បីសូមការសួរនាំបាននៅឡើយដែរ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ផ្ទុះការគាំទ្រ ! គង់ ចាន់រដ្ឋា និងតារាកូនភ្លោះ ពួតដៃគ្នាចេញបទថ្មី មុខសញ្ញា អប់រំបញ្ហាគ្រឿងញៀន