Connect with us

ជីវិតកម្សាន្ដ

ក្រុមតន្រ្តីរ៉ុក All Time Low លុបចោលការសម្តែងនៅសិង្ហបុរី  ហើយមិនសងប្រាក់ដល់អ្នកចូលរួមវិញ

បានផុស

នៅ

អ្នករៀបចំការប្រគំតន្ត្រីរបស់ក្រុមតន្ត្រីរ៉ុកអាមេរិក All Time Low នៅប្រទេសសិង្ហបុរី បានប្រកាសថា នឹងមិនមានការសងប្រាក់វិញសម្រាប់អ្នកចូលរួមនោះទេ ទោះបីជាក្រុមនេះបានលុបចោលការសម្តែងត្រឹមតែ ៤៥នាទីរបស់ពួកគេក៏ដោយ។

យោងតាមកាសែត The Straits Times បានបញ្ចាក់ថា All Time Low ត្រូវបានកំណត់ថានឹងរៀបចំការសម្តែងលើកដំបូងរបស់ពួកគេនៅក្នុងប្រទេសសិង្ហបុរី ក្នុងរយៈពេលប្រាំពីរឆ្នាំនៅថ្ងៃអាទិត្យនៅ Fort Canning Park ។ ការសម្តែងរបស់ក្រុមនេះ គ្រោងនឹងចាប់ផ្តើមនៅម៉ោង ៨យប់ ប៉ុន្តែវាត្រូវបានពន្យារពេលរហូតដល់ម៉ោង ៨:១៥យប់។

បន្ទាប់ពីលេងបានបួនបទ អ្នកលេងហ្គីតារបស់ក្រុមលោក Jack Barakat បានជូនដំណឹងដល់ទស្សនិកជនថា តារាចម្រៀងនាំមុខ Alex Gaskarth ត្រូវប្រញាប់ទៅបន្ទប់ទឹក ដោយសារតែពុលអាហារ ហើយថា គាត់មានអារម្មណ៍មិនស្រួលក្នុងជំនួបសំណេះសំណាលមុននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមនេះបានបន្តលេងដោយគ្មាន Gaskarth ដែលក្រោយមកបានបង្ហាញខ្លួនម្តងទៀតសម្រាប់បទចម្រៀងពីរបីបទទៀត មុនពេលគាត់ត្រូវប្រើបន្ទប់ទឹកម្តងទៀត។ ក្រុម​ដែល​នៅ​សល់​ បាន​បន្ត​សម្តែង​ក្នុង​ពេល​អវត្តមាន​របស់​គាត់។

ក្រោយមក ក្រុមតន្រ្តីបាននិយាយថា ពួកគេត្រូវពិនិត្យ Gaskarth ព្រោះគាត់បានទៅបន្ទប់ទឹកយូរហើយ។ បន្ទាប់មក Barakat បានប្រាប់ទស្សនិកជនថា ពួកគេត្រូវតែបញ្ចប់ការសម្តែង ដើម្បីឲ្យ Gaskarth ទទួលបានការព្យាបាល ដោយសារគាត់មិនអាចឈរបាន។ ជាលទ្ធផល បទចម្រៀងចុងក្រោយរបស់ក្រុមនេះត្រូវបានសម្តែងនៅម៉ោង ៩ យប់ ដោយតិចជាងពាក់កណ្តាលនៃបញ្ជីកំណត់ដែលបានរំពឹងទុក។

ថ្វីបើយ៉ាងណាក៏ដោយ​ Gaskarth បានផ្តល់ការអាប់ដេតអំពីស្ថានភាពរបស់គាត់តាមរយៈ Instagram Stories កាលពីថ្ងៃចន្ទថាជាមួយនឹងរូបថតរបស់គាត់នៅក្នុងមន្ទីរពេទ្យថា “ដូចដែលខ្ញុំបានលើកឡើងនៅលើឆាក ខ្ញុំកំពុងប្រយុទ្ធជាមួយជំងឺដ៏អាក្រក់មួយ ហើយពេលនេះបានធូរស្រាលខ្លួនហើយ”។

អ្នករៀបចំការប្រគំតន្ត្រី LAMC Productions បានបញ្ជាក់ថា នឹងមិនមានការសងប្រាក់វិញសម្រាប់អ្នកចូលរួមក្នុងកម្មវិធីនោះទេ។ ផ្ទុយទៅវិញ ពួកគេបានផ្តល់ជូនអ្នកកាន់សំបុត្រនីមួយៗនូវលេខកូដផ្សព្វផ្សាយ ៣០ដុល្លារសិង្ហបុរី (២២ដុល្លារអាមេរិក) ដែលអាចប្តូរយកបាននៅក្នុងព្រឹត្តិការណ៍ណាមួយរបស់ពួកគេក្នុងឆ្នាំបន្ទាប់។

យ៉ាងណាមិញ ការប្រគំតន្ត្រីនៅសិង្ហបុរីរបស់ពួកគេគឺជាផ្នែកមួយនៃដំណើរទេសចរណ៍ “Forever” ដែលកំពុងបន្តរបស់ពួកគេ ដែលរួមបញ្ចូលទាំងការឈប់សម្រាកនៅក្នុងប្រទេសអាស៊ីផ្សេងទៀតដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន។ បន្ទាប់​ពី​កម្មវិធី​សិង្ហ​បុរី ពួក​គេ​គ្រោង​នឹង​សម្តែង​នៅ​ក្នុង​ទីក្រុង​ចំនួន​បី​នៅ​ទូទាំង​ប្រទេស​ជប៉ុន​គឺ តូក្យូ ណាហ្គោយ៉ា និង​អូសាកា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាសេដ្ឋីអង់គ្លេស Umar ចាយប្រាក់ ២៥លានដុល្លារ រៀបពិធីមង្គលការ ៤ ថ្ងៃយ៉ាងឱឡារិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម